រដ្ឋាភិបាល​ម៉ាឡេស៊ី​ទម្លាក់​ថវិកា​ជាង​១៣៥​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធប្រឆាំង​វីរុស​កូរ៉ូណា​

23-03-2020 5:17 pm 279

​ថ្លែង​ក្នុង​សន្និសីទកាសែត តាម​ទូរទស្សន៍​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Muhyiddin Yassin និយាយថា​កញ្ចប់​ថវិកា​ចំនួន​ជាង ១៣៥ លាន​ដុល្លារ នឹងត្រូវ​បែងចែក​សម្រាប់​ទិញ​ឧបករណ៍​ជំនួយ​ដល់​ការដកដង្ហើម​និង​សម្ភារៈ​ការពារ​ផ្ទាល់ខ្លួន សម្រាប់​បុគ្គលិក​ពេទ្យ​ចំនួន​ជាង​១១២​លាន​ដុល្លារ និង​ជាង​២២​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​ថ្លែ​ជួល បុគ្គលិក​ពេទ្យ​ដែល​រើស​ថ្មី​ចំនួន​២,០០០​នាក់​។ បើតាម​លោក Muhyiddin Yassin រដ្ឋាភិបាល​សម្រេច​ទម្លាក់​កញ្ចប់​ថវិកា​នេះ យ៉ាង​ប្រញាប់ប្រញាល់ ដើម្បី​ការបញ្ជាទិញ​សម្ភារៈ គ្រឿង​បរិក្ខារ​សំខាន់ៗ អាច​ធ្វើបាន​យ៉ាង​ឆាប់រហ័ស​។ ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ លោកនាយ​រដ្ឋមន្ត្រី​ថា គិលានុបដ្ឋាយិកា​និង​បុគ្គលិក​មន្ទីរពេទ្យ​ជាច្រើន​នាក់ នឿយហត់​នៅក្នុង​អំឡុង​ពេលនេះ ព្រោះ​ពួកគេ​ត្រូវ​បង្ខំចិត្ត ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើតេស្ត​រក​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ និង​ព្យាបាល​អ្នក​ដែល​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​នេះ​។ 

​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៣​ខែ​មីនា ករណី​ឆ្លង​វីរុស​កូរ៉ូ​ណានៅ​ម៉ាឡេស៊ី បាន​កើន​ដល់​ជាង​១,៥០០​នាក់​និង​ស្លាប់​១១​នាក់​។ ករណី​ឆ្លង​នៅ​ម៉ាឡេស៊ី កើនឡើង​ខ្ពស់បំផុត​បើ​ធៀប​នឹង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត ប៉ុន្តែ​បើ​ធៀប​ករណី​ស្លាប់​វិញ គឺ​ឥណ្ឌូនេស៊ី ជា​ប្រទេស​សមាជិក​អាស៊ាន​ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ​ចំនួន​៤៨​នាក់​និង​បន្ទាប់មក​គឺ​ហ្វីលីពីន​៣៣​នាក់​។ ដើម្បី​បន្ថយល្បឿន​នៃ​ការឆ្លង​រាលដាល រដ្ឋាភិបាល​ម៉ាឡេស៊ី កាលពីពេល​ថ្មីៗ​នេះ បាន​ដាក់បទបញ្ជា​ត្រួតពិនិត្យ​ការ​បំលាស់​ទី​របស់​មនុស្សម្នា រយៈពេល​២​សប្តាហ៍​ចាប់ពី​ថ្ងៃទី ១៨ ខែ​មីនា រហូតដល់​ថ្ងៃទី ៣១ ខែ​មីនា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​។ 

​ជា​ផ្នែក​មួយ​នៃ​បទបញ្ជា​នេះ ប្រជាជន​ម៉ាឡេស៊ី ត្រូវបាន​ហាមឃាត់​មិន​ឲ្យធ្វើ​ដំណើរទៅ​បរទេស ខណៈ​ភ្ញៀវទេសចរ​ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យចូល​ប្រទេស​នេះ​ដូចគ្នា​។ ហាង​នានា​ត្រូវបាន​បិទ លើកលែងតែ​កន្លែង​លក់​គ្រឿងទេស និង​អាហារ ដែល​ចាំបាច់​នៅក្នុង​ការប្រើប្រាស់​នៅក្នុង​គ្រា​ដ៏​លំបាក​នេះ​ប៉ុណ្ណោះ​។ តាមរយៈ​បទបញ្ជា​ដ៏​តឹងរឹង ដែល​តម្រូវឲ្យ​ប្រជាជន​នៅតែ​ក្នុងផ្ទះ បាន​ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅរ​បស់​ប្រជាជន​ម៉ាឡេស៊ី​។ ដើម្បី​សម្រួល​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់ រដ្ឋាភិបាល​បាន​អនុញ្ញាតឲ្យ​ប្រជាជន​ម៉ាឡេស៊ី ដែលមាន​អាយុ​ក្រោម ៥៥ ឆ្នាំ ដក​ប្រាក់​បម្រុង​ទុក​សម្រាប់​និយោជិត​របស់​ពួកគេ ចំនួន​ជាង​១០០​ដុល្លារ​ក្នុង​មួយខែ ក្នុង​រយៈពេល ១២ ខែ​។ អមដោយ​វិធានការ​នេះ លោក​នាយករដ្ឋមន្ត្រី​អះអាងថា រដ្ឋាភិបាល​កំពុងធ្វើកា​រ​ជាមួយ​ក្រុមហ៊ុន​ផលិត​ម៉ាស​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ធានាថា​ស្តុក​ម៉ាស គឺ​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់ ចំនួន​ពី​២​ទៅ​៣​លាន​ម៉ាស​ក្នុង​មួយខែ ហើយ​នឹងត្រូវ​ដាក់លក់​ក្នុងតម្លៃ​សមរម្យ​។​

​លើសពីនេះ លោក Muhyiddin ក៏បាន​ប្រកាស​ផងដែ​រថា ទឹកប្រាក់​សរុប​ចំនួន​ជាង​២៩​លាន​ដុល្លារ នឹងត្រូវ​ទុក​ដោយឡែក​សម្រាប់​រដ្ឋ​នី​មួយៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។ ដូច្នេះ​រដ្ឋ​នីមួយៗ អាច​ប្រើប្រាស់​ប្រាក់​នេះ ដើម្បី​ជួយ​ដល់​អាជីវកម្ម​ខ្នាតតូច ដែល​រង​ផលប៉ះពាល់​ដោយ​វីរុស​រាតត្បាត​កូរ៉ូណា​។ ថវិកា​ទាំងនេះ ក៏​នឹងត្រូវ​ផ្តល់ជូន​ដល់​អ្នកជំងឺ ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូរ៉ូណា និង​គ្រួសារ​របស់​ពួកគេ ក៏ដូចជា​ជួយ​មន្ត្រី​រដ្ឋ ដែល​ពាក់ព័ន្ធ​ក្នុង​ការដោះស្រាយ​វិបត្តិ​នេះ​ផងដែរ​៕ ​

ព័ត៌មានផ្សេងទៀត