អ្នកទោស​កូឡុំប៊ី​ខ្លាច​ឆ្លង​វីរុស​កូវី​ដ​១៩​ផ្ទុះ​ហិង្សា​តវ៉ា​​ស្លាប់​២៣​នាក់​

23-03-2020 10:54 am 507

​យ៉ាងហោច​ណាស់​មាន​អ្នកទោស​កូឡុំប៊ី​ចំនួន ២៣​នាក់​បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ​ដ៏​ធំ​មួយ​ឈ្មោះថា​La Modelo ស្ថិត​នៅ​ទីក្រុង​បូ​ហ្គូ​តា​(Bogotá) ដោយសារ​តែ​ការប៉ះទង្គិច​គ្នា​រវាង​មន្ត្រី​ឆ្មាំ​ពន្ធនាគារ​ជាមួយនឹង​ហ្វូង​អ្នកទោស​។ ដើមចម​នៃ​ហិង្សា កើតចេញពី​ការតវ៉ា​របស់​ហ្វូង​អ្នកទោស​ពាក់ព័ន្ធ​ទៅ​ការព្រួយបារម្ភ​លើ​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩(COVID-19) នៅក្នុង​ពន្ធនាគារ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​BBC នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២០​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​កូឡុំប៊ី​លោកស្រី​ម៉ាកា​រ៉េត កា​បែ​ល​ឡូ​(Margarita Cabello) បានឲ្យដឹងថា ក្នុងករណី​ហិង្សា​នេះ ក្រៅ​អ្នកទោស​ដែល​ស្លាប់​ទាំង​២៣​នាក់ នៅ​មាន​អ្នកទោស​ចំនួន ៨៣​នាក់​ផ្សេង​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ផងដែរ​។ លោកស្រី​បន្ថែមថា ក្នុងនោះ​ក៏​មាន​មន្ត្រី​ឆ្មាំ​ពន្ធនាគារ​ចំនួន ៧​នាក់​បាន​រងរបួស និង​២​នាក់​ស្ថិតក្នុង​ស្ថាន​ធ្ងន់ធ្ងរ​។​

​គួរ​ជម្រាប​ថា អ្នកទោស​ក្នុង​ពន្ធនាគារ​ធំៗ​ក្នុង​ប្រទេស​កូឡុំប៊ី​ប្រមាណ​១៣​ពន្ធនាគារ កាលពី​ថ្ងៃអាទិត្យ​បាន​នាំ​គ្នា​ស្រែក​តវ៉ា​ចំពោះ​រដ្ឋាភិបាល ដោយ​ទាមទារ​ឲ្យ​ការយកចិត្តទុកដាក់​សម្រាប់​សុខភាព​របស់​ពួកគេ និង​តវ៉ា​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ចំណុះ​អ្នកទោស​ច្រើន​លើស​ពេក​ក្នុង​ពន្ធនាគារ​។ កត្តា​នេះ​នាំ​ឲ្យ​អ្នកទោស​មាន​ការភ័យខ្លាច​ចំពោះ​សុវត្ថិភាព ខណៈ​វីរុស​កូវី​ដ​១៩​កំពុង​រាលដាល​ខ្លាំង​ឡើងៗ​។​

​សូមបញ្ជាក់​ថា នៅក្នុង​ប្រទេស​កូឡុំប៊ី​មាន​ពន្ធនាគារស​រុបចំនួន​១៣២​ពន្ធនាគារ ដែល​ជា​ទូទៅ​អាច​ផ្ទុក​អ្នកទោស​បាន​ចំនួន ៨១,០០០​នាក់ តែ​បច្ចុប្បន្ន​អ្នកទោស​នៅក្នុង​ប្រទេស​នេះ​បាន​កើន​ដល់​ទៅ ១២១,០០០​នាក់​ឯណោះ​។ តួ​យ៉ាង​បើ​គិត​មក​ទល់​ពេល​នេះ​កូឡុំប៊ី​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ចំនួន​២៣១​ករណី​ហើយ និង​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​បង្ក​ជា​ជំងឺ​រលាក​សួត​នេះ​៕

ព័ត៌មានផ្សេងទៀត