លោកស្រី​Merkel​ដាក់ខ្លួន​ដាច់ដោយឡែក ក្រោយ​វេជ្ជបណ្ឌិត​ដែល​ចាក់​ថ្នាំ​ឲ្យ​លោកស្រីបាន​ផ្ទុក​វីរុស​កូរ៉ូណា​

23-03-2020 10:09 am 3457
​លោកស្រី​Angela Merkel

​លោកស្រី​Angela Merkel អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់ បានសម្រេច​រក្សា​ខ្លួនឯង​នៅ​ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ នៅ​ថ្ងៃអាទិត្យ​ទី​២២​ខែ​មីនា បន្ទាប់ពី​វេជ្ជបណ្ឌិត​ដែល​ចាក់​ថ្នាំ​ឲ្យ​លោកស្រី ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ លោកស្រី Angela Merkel វ័យ​៦៥​ឆ្នាំ កាលពី​រសៀល​ថ្ងៃ​សុក្រ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​រលាក​សួត ពី​វេជ្ជបណ្ឌិត​ម្នាក់​។ បន្តិចក្រោយមក វេជ្ជបណ្ឌិត​រូបនោះ ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូរ៉ូណា​។ ហេតុនេះ​លោកស្រី Angela Merkel ត្រូវដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​ស្ថានភាព​សុខភាព ហើយ​អំឡុងពេល​មិនអាច​បង្ហាញខ្លួន​ជា​សាធារណៈ លោកស្រី​Merkel​នឹង​បន្តធ្វើ​ការងារ​ពី​ផ្ទះ​មក​។​

​គិត​ត្រឹម​ថ្ងៃទី​២២​ខែ​មីនា នៅក្នុង​ប្រទេស​អាល្លឺម៉ង់ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជិត​២៤,០០០​នាក់ និង​ស្លាប់​ជាង៩០​នាក់​។ លោកស្រី​Angela Merkel​កាលពី​ថ្ងៃអាទិត្យ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរទស្សន៍​ថា ប្រទេស​អាឡឺម៉ង់ នឹង​ហាមឃាត់​ការជួបរជុំ​សាធារណៈ ដែលមាន​មនុស្ស​ច្រើនជាង​ពីរ​នាក់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​៕

ព័ត៌មានផ្សេងទៀត