ក្រុម​គ្រូពេទ្យ​ជំនាញ​៧​នាក់​របស់​ចិន បាន​មកដល់​កម្ពុជា​ហើយ​

23-03-2020 9:51 am 454

​ក្រុម​គ្រូពេទ្យ​ជំនាញ​៧​នាក់​របស់​ចិន នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា​នេះ បាន​មក​ដល់​ប្រទេស​កម្ពុជា ហើយ​ដើម្បី​ជួយ​បង្ហាត់បង្រៀន​អំពី​ការព្យាបាល​ជំងឺ​កូវី​ដ​១៩ ដល់​ក្រុម​គ្រូពេទ្យ​កម្ពុជា​។ នេះ​បើ​តាម​ការបញ្ជាក់ នៅលើ​ទំព័រ​ហ្វេ​សប៊ុក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​

​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ថា ដំណើរ​មក​កាន់​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់​ពី​ចិន​បាន​ទទួល​ជោគជ័យ ក្នុង​ការព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ នៅ​ប្រទេស​របស់​ខ្លួន ក្នុង​ការទប់ស្កាត់ និង​ព្យាបាល​ជំងឺ​កូវី​ដ​១៩​។ ក្នុង​ដំណើរ​នេះ ចិន​ឲ្យបាន​ផ្តល់​នូវ​បរិក្ខា​ពេទ្យ សម្រាប់​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ​១៩​នេះ​ផង​ដែរ​។​

​គួរបញ្ជាក់​ថា គិត​ត្រឹម​យប់​ថ្ងៃទី​២២ ខែ​មីនា កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ចំនួន​៨៤​ករណី​ហើយ ក្នុងនោះ​មាន​ប្រុស​៦៣​នាក់ និង​នារី​ចំនួន​២១​នាក់ ខណៈ​ដែល​ក្រសួង​សុខាភិបាល កំពុង​បន្ត​ស្វែងរក និង​ធ្វើតេស្ត​លើ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ ខណៈ​ក្រសួង​ស្ថាប័ន​មួយចំនួន ចាប់ផ្តើម​ដាក់​វិធានការ​ទប់ស្កាត់​ចំពោះ​ការឆ្លង​រីក​រាលដាល​កូវី​ដ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត