លោក​មហា​ត្មៈ គន្ធី វីរបុរស​ទាមទារ​​ឯក​រាជ្យ​​ដោយ​អហិង្សា​​របស់​ឥណ្ឌា​

22-03-2020 5:46 pm 466

​ឈ្មោះ​មហា​ត្មៈ គន្ធី ត្រូវបាន​ចងចាំ​នៅក្នុង​បេះដូង​របស់​ប្រជាជន​ឥណ្ឌា​គ្រប់រូប ហើយ​ឈ្មោះ​នេះ​ក៏​សាយភាយ​យ៉ាង​ក្រអូប​នៅ​ទូទាំង​ពិភពលោក​។ ល្បីល្បាញ​ទូទាំង​ពិភពលោក ដោយសារតែ​លោក​មហា​ត្មៈ គន្ធី​ជា​មេដឹកនាំដ៏​អស្ចារ្យ បានទាមទារ​ឯករាជ្យ​ឥណ្ឌា​ពី​អង់គ្លេស ដោយ​មិន​ប្រើ​កម្លាំងបាយ ពោល​គឺជា​ការដឹកនាំ​ដោយ​អហិង្សា​។  លោក​ក៏​ជា​មនុស្ស​មាន​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​ល្អៗ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកប្រាជ្ញ​មួយរូប​ផងដែរ​។ តើ​លោក​មហា​ត្មៈ គន្ធី​មាន​ជីវប្រវត្ដិ​និង​ចលនា​តស៊ូ​យ៉ាងណាខ្លះ​? 

​ជី​វប្រ​វត្ដិ​សង្ខេប​

​លោក​មហា​ត្មៈ គន្ធី​គឺជា​មេដឹកនាំ​និង​ជា​អ្នកនយោបាយ​ដែល​មានឈ្មោះ​បោះ​សំឡេង​មួយរូប​របស់​ឥណ្ឌា និង​ក្នុង​ពិភពលោក​។ លោក​មានឈ្មោះ​ពេញ​ថា​មហន្ដ​ដា​ស កា​រាម​ចន្ទ គន្ធី​(Mohandas Karamchand Gandhi) ដែល​គេ​និយម​ហៅ​ខ្លី​ថា​មហា​ត្មៈ គន្ធី​។ លោក​កើត​នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​១៨៦៩ នៅក្នុង​រដ្ឋ​Porbandar ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​។ ឪពុក​របស់លោក​មាន​ឈ្មោះថា​កា​រាម​ចន្ទ ឧតាម​ចន្ទ គន្ធី​(Karamchand Uttamchand Gandhi) ជា​មន្ដ្រីជាន់ខ្ពស់​មួយរូប​នៅក្នុង​រដ្ឋ​លោក​រស់នៅ​។ ម្ដាយ​របស់លោក​គន្ធី​ឈ្មោះ​ពូលី​បៃ​(Putlibai)​។ លោក​មាន​បងប្អូន​បួន​នាក់ ហើយ​លោក​ជា​កូនពៅ​នៅក្នុង​គ្រួសារ​ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​លើ​សាសនា​ហិណ្ឌូ​។ 

​លោក​មហា​ត្មៈ គន្ធី​បានរៀបកា​រទាំង​វ័យ​ក្មេង​គឺ​អាយុ​ប្រមាណ​១៣​ឆ្នាំ​ប៉ុណ្ណោះ ជាមួយ​ក្មេងស្រី​ឈ្មោះ​កាស្ទ័​របា​(Kasturba)​ដែលមាន​វ័យ​ស្របាល​គ្នា​។ ការ​រៀបកា​រទាំង​វ័យក្មេង​ដោយសារតែ​ទំនៀមទម្លាប់​ជំនាន់​នោះ និយម​ផ្សំផ្គុំ​កូនចៅ​តាំងពីក្មេងៗ​។ ប្ដី​ប្រពន្ធ​វ័យក្មេង​ទាំងពីរ​បាន​បង្កើតកូន​ចំនួន​៥​នាក់​ប៉ុន្ដែ​ស្លាប់​ម្នាក់​នៅសល់​៤​នាក់​។ 

​ចំពោះ​ការសិក្សា​លោក​គន្ធី​បាន​ចូលរៀន​នៅ​សាលា​ក្បែរ​ផ្ទះ​ក្នុង​វ័យ​៩​ឆ្នាំ ហើយ​នៅ​អាយុ​១១​ឆ្នាំ​លោក​បាន​ចូលរៀន​នៅ​វិទ្យាល័យ​ឈ្មោះ​រ៉ា​ជ​គុត​(Rajkot)​។ លោក​ជា​សិស្ស​ដែល​រៀន​មធ្យម​នៅក្នុង​ថ្នាក់​ដោយ​ទទួលបាន​ពានរង្វាន់​ខ្លះ​ដែរ ប៉ុន្ដែ​លោក​ក៏​ជា​មនុស្ស​អៀនប្រៀន​ច្រើន មិន​ចាប់អារម្មណ៍​អ្វី​ផ្សេង​ឡើយ​ក្រៅពី​ការអាន​សៀវភៅ​និង​ធ្វើ​កិច្ចការ​សាលា​។ 

​នៅ​ឆ្នាំ​១៨៨៧​លោក​គន្ធី​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ ហើយ​នៅ​ឆ្នាំ​១៨៨៨​គ្រា​លោក​មាន​វ័យ​១៩​ឆ្នាំ លោក​ក៏បាន​ទៅ​រៀន​បន្ដ​នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស គឺ​រៀន​ជំនាញ​ច្បាប់​។ ប៉ុន្ដែ​ទម្រាំ​បាន​ទៅ​លោក​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ម្ដាយ​និង​ប្រពន្ធ​ដែល​ទើប​សម្រាលកូន ព្រោះ​ពួកគេ​មិន​ចង់ឲ្យ​លោក​ចាកចេញ​ពី​គ្រួសា​រឡើយ​។ លោក​គន្ធី​បាន​សន្យា​ចំពោះមុខ​ម្ដាយនិង​ប្រពន្ធ​ថា​នឹងមិន​បរិភោគ​សាច់ នឹងមិន​ទាក់ទង​ស្រី​ផ្សេង មិន​ផឹកស្រា​នោះឡើយ ដែល​នេះ​ក៏​ជា​ច្បាប់​វិន័យ​មួយ​ដ៏​តឹងរ៉ឹង​នៅក្នុង​គ្រួសារ​របស់លោក​ដែល​ប្រតិ​ប​ត្ដិ​សាសនា​ហិណ្ឌូ​។ លោក​បាន​បន្ដ​ការសិក្សា​រហូតដល់​ចប់​ជំនាញ​ច្បាប់ និង​បាន​វិលត្រឡប់​មក​ប្រទេស​ឥណ្ឌា​វិញ​នៅ​ឆ្នាំ​១៨៩២​។ មកដល់​ប្រទេស​ឥណ្ឌា​លោក​ក៏​ចាប់​អាជីព​ជា​មេធាវី ប៉ុន្ដែ​អាជីព​នេះ​មិន​ជោគជ័យ ទីបំផុត​លោក​សម្រេចចិត្ដទៅ​ប្រកបការ​ងារ​មេធាវី នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ក្នុង​ឆ្នាំ​១៨៩៣​។ 

​ការចាប់ផ្ដើម​ចលាត​ស៊ូ​ប្រឆាំង​ការគាបសង្កត់​នៅ​អាហ្វ្រិក​ខាងត្បូង​

​នៅពេល​ទៅ​ធ្វើការ​នៅ​អាហ្វ្រិក​ខាងត្បូង គឺជា​ពេលវេលា​ដែល​លោក​មហា​ត្មៈ គន្ធី​ជួប​រឿងរ៉ាវ​ហួសចិត្ដ​ជាច្រើន ហើយក៏​ត្រូវគេ​ធ្វើបាប​មិន​ស្ទើរដែរ​។ ក្នុងនោះ​លើកយក​ករណី​មួយ​ក្នុងចំណោម​ករណី​ជាច្រើន​ដែលោ​កជួប​ផ្ទាល់ គឺ​នៅពេល​លោក​ទិញ​សំបុត្រ​រថភ្លើង​ថ្នាក់​ទីមួយ ជា​កន្លែង​មាន​ផាសុកភាព​និង​មានតម្លៃ​ថ្លៃ ប៉ុន្ដែ​លោក​មិនត្រូវ​បាន​អនុញ្ញាតឲ្យ​ចូលទៅ​ជិះ​នៅ​ថ្នាក់ទីមួយ​នោះទេ ក្រោម​ហេតុផល​ថា​សម្រាប់​ដាក់​តែ​ជនជាតិ​ស្បែក​ស​ប៉ុណ្ណោះ មិន​ថា​លោក​បាន​ទិញ​សំបុត្រ​ត្រឹមត្រូវ​ក៏ដោយ​។ លោក​មិន​ព្រមធ្វើ​តាម​ការបណ្ដេញ​រហូត​ផ្ទុះ​ជា​ការឈ្លោះប្រកែក​គ្នា ទីបំផុត​លោក​ក៏ត្រូវ​បណ្ដេញ​ចេញពី​ទូរថភ្លើង​ថ្នាក់ទីមួយ ដោយ​គេ​តម្រូវឲ្យ​លោកទៅ​ជិះ​នៅ​ទូរថភ្លើង​ថ្នាក់​ទី​បី ដែល​សម្រាប់​ជនក្រីក្រ​ឬ​ក្រុម​ស្បែក​ខ្មៅ​។ ហេតុការណ៍​នេះ​ធ្វើឲ្យ​លោកគ​ន្ធី​ហួស​ចិត្ដ​ជាខ្លាំង បើ​ត្រឹមតែ​រូបលោក​ផ្ទាល់​មិនជា​អ្វី​ទេ ប៉ុន្ដែ​ក្រុម​ស្បែក​សបាន​ជិះជាន់​ធ្វើបាប​និង​ប្រមាថ​មាក់ងាយ​ជនជាតិ​ស្បែក​ខ្មៅ​ដូច​សំរាម​។​

​នៅ​ទីបំផុត​លោក​ក៏បាន​ក្រោកឈរ ទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ជនជាតិ​ស្បែក​ខ្មៅ​នៅ​អាហ្វ្រិក​ខាងត្បូង ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាជន​អាហ្វ្រិក​ខាងត្បូង និង​ប្រជាជន​ឥណ្ឌា​រស់នៅ​ទីនោះ​ដែល​រង​ការរើសអើង​ពី​ក្រុម​ស្បែក​ស​ដែរ​។ ចលនា​តស៊ូ​របស់លោក​មិនជា​ទទួលបាន​លទ្ធផល​ល្អ​នោះទេ ឃើញ​ដូច្នេះ​លោក​ក៏បាន​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី គឺ​បង្កើត​ចលនា​តវ៉ា​ដោយ​មិន​ប្រើ​កម្លាំងបាយ ជា​ការតវ៉ា​ដោយ​អហិង្សា រហូត​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​។ ការណ៍​នេះ​ធ្វើឲ្យ​លោក​គន្ធី​យល់​កាន់តែច្បាស់​ថា មានការ​តែ​ការតវ៉ា​ដោយ​អហិង្សា​ប៉ុណ្ណោះ​ទើប​អាច​ទទួលជោគជ័យ​។ 

​លោក​បាន​បន្ដ​ដឹកនាំ​ចលនា​តស៊ូ​នៅ​អាហ្វ្រិក​ខាងត្បូង​រហូតដល់​ឆ្នាំ​១៩១៤ ប៉ុន្ដែ​ចន្លោះ​ពេលនោះ​លោក​ក៏​ធ្លាប់​វិល​មកជួបជុំ​គ្រួសារ​នៅ​ឥណ្ឌា​វិញ​ដែរ​។ រហូតដល់​ឆ្នាំ​១៩១៥​លោក​មហា​ត្មៈ គន្ធី​ក៏​សម្រេចចិត្ដ​វិលត្រឡប់​មក​រស់នៅ​ឥណ្ឌា​លែង​ត្រឡប់​ទៅ​អាហ្វ្រិក​ខាងត្បូង គឺ​មក​រស់នៅក្នុង​ទីក្រុង​បុម​បៃ​ដែល​បច្ចុប្បន្នដូរម​កមុម​បៃ​។ ដោយសារតែ​មានកេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​នៅ​អាហ្វ្រិក​ខាងត្បូង ពេល​ត្រឡប់មក​ឥណ្ឌា​ក៏មាន​ប្រជាជន​រាប់ពាន់នាក់​ទៅ​ចាំ​ទទួល​លោក​គន្ធី​។​

​ចលនា​តស៊ូ​ដណ្ដើម​ឯករាជ្យ​ពី​អង់គ្លេស

​ក្រោយ​ត្រឡប់​មកដល់​ប្រទេស​ឥណ្ឌា​គ្រា​មាន​វ័យ​៤៥​ឆ្នាំ លោក​មហា​ត្មៈ គន្ធី​ក៏​ចាប់ផ្ដើម​មើលឃើញពី​ទុក្ខលំបា​ករបស់​ប្រជាជន​នៅ​ក្នុងប្រទេស​ឥណ្ឌា​វិញ​ម្ដង គឺ​រស់នៅ​ក្រោម​ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​និង​ការជិះជាន់​របស់​អង់គ្លេស ដែល​ធ្វើឲ្យ​ប្រជាជន​ឥណ្ឌា​មាន​ជីវភាព​ក្រីក្រ​។ លោក​ក៏​ចាប់ផ្ដើម​គំនិត​ចង់បាន​សិទ្ធិ​ជា​ម្ចាស់​ប្រទេស​ពិតប្រាកដ ពោលគឺ​មិន​ត្រូវការ​ប្រទេស​ណា​មក​ដាក់​អាណានិគម​ឡើយ​។ ជា​បន្ដបន្ទាប់​លោក​បាន​បំផុសគំនិត​ប្រជាជន ដើម្បី​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​អង់គ្លេស ហើយក៏​បានធ្វើ​សកម្មភាព​យ៉ាងសកម្ម​បំផុត​។ លោក​មហា​ត្មៈ គន្ធី​បាន​បង្រៀន​ប្រជាជន​ឲ្យ​ចេះ​អត់ធ្មត់ អត់ឱន និង​ចេះ​អធ្យាស្រ័យ​គ្នា ប៉ុន្ដែ​មិនត្រូវ​ចុះ​ញ៉ម​នឹង​ការទាមទារ​សេរីភាព​ឡើយ​។  

​យ៉ាងណាក៏ដោយ​រាល់​ការប្រមូលផ្ដុំ​ដែល​លោក​បាន​ដឹកនាំ តែងតែ​រង​ការបង្ក្រាប​ពី​អាជ្ញាធរ​អង់គ្លេស ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​លោក​គន្ធី​ត្រូវបា​នអាជ្ញាធរ​អង់គ្លេស ចាប់​ដាក់​ពន្ធនាការ​ជា​ច្រើនលើកច្រើនសារ​។ អ្វី​ជា​ការកត់សម្គាល់​ទោះ​មាន​ការបង្ក្រាប ហើយ​លោក​មហា​ត្មៈ គន្ធី​ត្រូវ​បានចាប់​ដាក់ពន្ធនាគា​រ ចលា​នា​នេះ​មិនបាន​ថមថយ​កម្លាំង​ទេ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មាន​មនុស្ស​ចូលរួម​កាន់តែច្រើន ហើយ​លោក​មហា​ត្មៈ គន្ធី​គ្រា​ជាប់ឃុំ​លោកបាន​បង្អត់អាហារ​ខ្លួនឯង ដើម្បី​បង្ហាញ​ពី​ការចូលរួម​ជា​មួយក្រុម​តវ៉ា​អហិង្សា​នៅ​ខាងក្រៅ​។​ 

​ទីបំផុត​មិនអាច​ទ្រាំទ្រ​និង​មិនអាច​គ្រប់គ្រង​បាន លើ​ចលនា​ទាមទារ​ឯករាជ្យ​ដែល​រីក​កាន់តែ​ធំ​ឡើងៗ ហើយដោយ​មើលឃើញ​ពី​ការផ្ទុះ​ជម្លោះ​សាសនា រវាង​ក្រុម​កាន់សាសនា​ហិណ្ឌូ​និង​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម អង់គ្លេស​បានប្រគល់​ឯករាជ្យ​ឲ្យ​ឥណ្ឌា​វិញ​នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​១៩៤៧​។ ថ្ងៃ​បាន​ឯករាជ្យ​ក៏​ជា​ថ្ងៃ​ដែល​ប្រទេស​ឥណ្ឌា​ត្រូវ​បែងចែក​ជា​ពីរ គឺ​ត្រូវ​កាត់​ដី​ឲ្យ​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម​មួយផ្នែក ដែលជា​ប្រទេស​ប៉ា​គី​ស្ថាន​សព្វថ្ងៃ​។ 

​មរណភាព​របស់លោក​មហា​ត្មៈ គន្ធី​ 

​ការ​ពុះ​ចែក​ប្រទេស​ជា​ពីរ បានធ្វើឲ្យ​លោក​មហាត្មៈ គន្ធី​ពិបាក​ចិត្ដ​ជាខ្លាំង ប៉ុន្ដែ​គ្មាន​វិធីសាស្ដ្រ​ណា​ដែល​អាច​ផ្សះផ្សារ​រួបរួម​វិញ​បានឡើយ​។ នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​១៩៤៨ លោក​ក៏​ត្រូវគេ​លួច​ធ្វើឃាត​ដោយ​បាញ់សម្លាប់​ក្នុង​វ័យ​៧៨​ឆ្នាំ ដែល​អ្នក​បាញ់សម្លាប់​លោក​ជា​ក្រុម​ហិណ្ឌូ​និយម​ជ្រុល ព្រោះ​មិន​សប្បាយចិត្ដ​ចំពោះ​ការពុះ​ចែកទឹក​ដីជា​ពីរ​។ 

​ថ្វី​ដ្បិត​បើ​លោក​ស្លាប់បាត់​បង់ជីវិត លោក​មហា​ត្មៈ គន្ធី​ត្រូវបាន​ប្រជាជនឥ​ណ្ឌា​ចងចាំ​ក្នុង​ចិត្ដ និង​គោរព​ស្រឡាញ់​ដល់​សព្វថ្ងៃ​។ ប្រជាជន​ឥណ្ឌា​ចាត់ទុក​លោក​ជា​បិតា​ជាតិ ជា​រដ្ឋបុរស ជា​មេដឹកនាំ​ទាមទារ​ឯករាជ្យ​ដោយ​អហិង្សា  ជា​បុគ្គល​អច្ឆរិយៈ និង​ជា​គំរូ​សម្រាប់​បណ្ដា​មេដឹកនាំ​ទូទាំង​សកលលោក​យកតម្រាប់​តាម​។ នៅ​ថ្ងៃទី​៣០​ខែ​មករា ជា​ថ្ងៃ​មរណភាព​របស់លោក គឺជា​ថ្ងៃបុណ្យ​នៃ​សេចក្ដី​ទុក្ខ​នៅ​ក្នុងប្រទេស​ឥណ្ឌា ហើយ​ថ្ងៃទី​០២​ខែតុលា​ជា​ថ្ងៃកំណើត​របស់លោក ជា​ថ្ងៃ​បុណ្យជាតិ​នៅ​ឥណ្ឌា និង​ជា​ថ្ងៃបុណ្យ​គ្មាន​អំពើហិង្សា​នៅលើ​ពិភពលោក​។ 

​លោក​បាន​បន្សល់ទុក​នូវ​ពាក្យសម្ដី​អប់រំ​យ៉ាងច្រើន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ក្នុងនោះ​ជាអាទិ៍​មាន​៖  

 -​ ​ភាពរឹងមាំ​មិនមែន​បានមកពី​សមត្ថភាព​ផ្លូវកាយ​នោះទេ តែ​វា​បានមកពី​ទឹកចិត្ត​ដែល​អំណត់​អត់ធ្មត់​នោះឯង​។ 

 -​ ​ភាព​លើកខ្លួន​ឆ្មើង​កន្ទ្រើង ជា​ឫសគល់​នៃ​បណ្តា​សេចក្តី​ទុក្ខលំបាក​ទាំងពួង​។ 

 -​ ​អ្នក​ដែល​បរិសុទ្ធិ​ពី​ខាងក្នុង​ពិតប្រាកដ រមែង​មិនអាច​ស្មោកគ្រោ​ពុករលួ​យខាង​ក្រៅ​សោះឡើយ​។ 

 -​ ​ទីណា​មាន​សេចក្តីស្រលាញ់ ទីនោះ​មានជីវិត​។ 

 -​ ​គិត​ល្អ​គឺជា​រឿង​មួយ ធ្វើ​ល្អ​ក៏​ជា​រឿង​មួយ​ដទៃទៀត​។ ក្រៅពីនេះ​នៅមាន​ពាក្យ​ទូន្មាន​យ៉ាងច្រើន​ផ្សេងទៀត​។ 

​ដោយឡែក​“​ការលេង​នយោបាយ​ដោយ​ប្រាសចាក​គោលការណ៍​សំខាន់ ស្វែង​សុខសាន្ដ​ដោយ​មិន​រំពឹង​គិត មានបាន​ពេក​ពិត​ដោយ​មិនបាន​ធ្វើ​ការងារ មានចំណេះដឹង​ឥត​គណនា​តែ​ប្រព្រឹត្តិ​មិនល្អ ជា​ឈ្មួញ​ជួញដូរ​តែ​គ្មាន​សីលធម៌​បវរ វិទ្យាសាស្ត្រ​ខ្ពង់ខ្ពស់​អស្ចារ្យ​តែ​គ្មាន​ធម៌​ដែលជា​ភាពថ្លៃថ្នូ​របស់​មនុស្ស ចេះ​បូជា​ដ៏​ខ្ពង់ខ្ពស់​តែ​គ្មាន​ការលះបង់​” ទាំងនេះ​គឺជា​បាប​ទាំង​៧​យ៉ាង ដែល​លោក​មហា​ត្មៈ គន្ធី​បាន​ទូន្មាន​៕

ព័ត៌មានផ្សេងទៀត