រដ្ឋាភិបាល​​មាន​​ឬ​គ្មាន​លទ្ធភាព​​ជួយ​អ្នក​ប៉ះពាល់​​ទាំងអស់​​ដោយសារ​​វីរុស​​កូវី​ដ​-១៩?

22-03-2020 5:18 pm 75329

​ចន្លោះពេល​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ កំពុង​បន្ដ​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​ក៏​កំពុង​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត និង​ជួយ​សម្រួល​ដល់​កម្មករ​-​កម្មការិនី ដែល​រង​ផលប៉ះពាល់ គឺ​អ្នក​ត្រូវ​បាត់បង់​ការងារ​បណ្ដោះអាសន្ន​។ ក៏មាន​ការស្នើសុំ​ផងដែ​រឲ្យរដ្ឋាភិបាល​ជួយ​សម្រួល​ដល់​អ្នក​រង​ផលប៉ះពាល់​ប្រាក់ចំណូល​ដោយសារ​វីរុស​កូវី​ដ​-១៩​ផ្សេងទៀត ក្រៅពី​កម្មករ​-​កម្មការិនី ពិសេស​គឺ​អ្នក​បម្រើការ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។  ប៉ុន្ដែ​ត្រង់ចំណុច​នេះ មានមតិ​ខ្លះ​លើកឡើងថា​អាចទៅរួច តែ​មតិ​ខ្លះ​ថា​រដ្ឋាភិបាល​ពុំទាន់​មានលទ្ធភាព​គ្រប់គ្រាន់​នោះទេ​។ 

​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​កំពុង​បង្កចលាចល​ទូទាំង​ពិភពលោក ក្រោយពេល​ផ្ទុះឡើង​ដំបូង​នៅ​ក្នុងប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩​។ បង្កចលាចល​ដោយសារតែ​វីរុស​នេះ​បានសម្លាប់​មនុស្ស និង​ឆ្លង​រាលដាល​រាប់ម៉ឺន​ករណី​ហើយ ស្របពេល​ពុំទាន់​រកឃើញ​ថ្នាំ​ព្យាបាល​ឬ​វ៉ាក់សាំង​ការពារ​នៅឡើយ​។ បណ្ដា​ប្រទេស​នានា​នៅក្នុង​ពិភពលោក​ដែល​រង​ផលប៉ះពាល់ បាន​ចាត់វិធានកា​រយ៉ា​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​នេះ​។ ក្នុងនោះ​មាន​ការប្រកាស​បិទ​ប្រទេស បិទ​ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​បណ្ដោះអាសន្ន​ជាដើម តាម​ដែល​អាច​ធ្វើបាន ក្នុងន័យ​កាត់បន្ថយ​ការឆ្លង​រាលដាល​។ 

​និយាយ​ពី​ប្រទេស​កម្ពុជា​ក៏បាន​ប្រកាស​ចាត់វិធានកា​រ​ជា​បន្ដបន្ទាប់ ចូលរួម​ទប់ស្កាត់​ការឆ្លង​រាល​វីរុស​កូវី​ដ​-១៩ និង​ជួយ​សម្រួល​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​បាន​មួយផ្នែក ទោះ​កម្ពុជា​ពុំទាន់​មាន​ករណី​ស្លាប់ និង​ឆ្លង​ឈានដល់​កម្រិត​ប្រកាសអាសន្ន​ក៏ដោយ​។ ក្នុងនោះ​ក្រសួងសុខាភិបាល​បាន​បន្ដ​តាមដាន​យ៉ាង​យកចិត្ដទុកដាក់ គ្រប់គ្រង​លើ​អ្នក​ដែល​បាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ និង​អ្នក​ដែល​សង្ស័យថា​បាន​ឆ្លង​។ ម្យ៉ាង​ក៏​បានចេញ​សេចក្ដីណែនាំ​ជា​បន្ដបន្ទាប់ ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​បាន​យល់ដឹង​ពី​វិធី​ការពា​រការ​ឆ​ង្ល​វី​រុសនេះ​ដោយ​ខ្លួនឯង​។ 

​និយាយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រមុខ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន និង​ត្រូវ​រួមចំណែក​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​តាមរយៈ​ការ​អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ​។ រាជរដ្ឋាភិបាល​ក៏បាន​ត្រៀម​កញ្ចប់​ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​បង្ក​ពី​វិបត្ដិកូ​វីដ​-១៩ ព្រមទាំង​មាន​ការឧបត្ថម្ភ​ជា​បន្ដបន្ទាប់​ពី​សប្បុរស​ជន​នៅ​ក្នុងស្រុក​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​វិធានការ​ដោះស្រាយ​ជូន​កម្មករ​-​កម្មការិនី ដែល​ព្យួរការងារ​បណ្ដោះអាសន្ន​ដោយសារ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូវី​ដ​-១៩ តាមរយៈ​ការស្នើសុំ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស ត្រូវ​ផ្ដល់​ប្រាក់ខែ​ចំនួន​៤០​ភាគរយ ហើយ​រដ្ឋាភិបាល​និង​ជួយផ្ដល់​២០​ភាគរយ សរុប​៦០​ភាគរយ ជួយ​សម្រួល​ដល់​កម្មក​រ​-​កម្មការិនី​ដែល​បាត់បង់​ការងារ​បណ្ដោះអាសន្ន​ទាំងអស់នោះ​។ 

​ក្រៅពីនេះ​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​ក៏​ស្នើសុំ​ម្ចាស់​រោងចក្រ សហគ្រាស​កុំ​យក​លេស​ចន្លោះពេល​ព្យួរ​ការងារ បញ្ឈប់​កម្មករ​-​កម្មការិនី​ឲ្យសោះ​។ ចំណែក​វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ លោក​ហ៊ុន សែន​ស្នើឲ្យ​លើកលែង​ការប្រាក់ និង​លើក​ពេល​បង់ប្រាក់ សម្រាប់​កម្មករ​-​កម្មការិនី​ដែល​ត្រូវបាន​ព្យួរការងារ ដោយសារ​រង​ផលប៉ះពាល់​វីរុស​កូវី​ដ​-១៩​។ នេះ​គឺជា​ការរួមចំណែក​ដ៏​សំខាន់​មួយ ជួយ​អ្នករងគ្រោះ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។ 

​យ៉ាងណាមិញ​ទន្ទឹមនឹង​មាន​ការប្រកាស​ជួយ​សម្រួល​ដល់​កម្មករ​-​កម្មការិនី ដែល​បាត់បង់​ការងារ​ដោយ សារ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូវី​ដ​-១៩ ខាង​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA)​ឯនោះ​វិញ ធ្លាប់បាន​លើកឡើង​ថាស​មាជិក​របស់ខ្លួន​មាន​អ្នករត់ម៉ូតូកង់​បី អ្នកលក់ដូរ​កំប៉ិកកំប៉ុក ជាដើម ក៏​កំពុង​ប្រឈម​បញ្ហា​ដូចគ្នា គឺ​ខ្វះខាត​ថវិកា មិន​ថា​នៅ​រាជធានី​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ​។ ពួកគេ​នៅ​ពុំទាន់​មាន​ការជួយជ្រោម​ជ្រែង ឬ​ជួយ​សម្រួល​ស្ថានភាព​ខ្វះខាត​នៅឡើយ​។ ស្របពេល​ជាមួយគ្នា​សហព័ន្ធ​សហជីព​វិស័យ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា​វិញ ក៏​លើកឡើង​ពី​ផលប៉ះពាល់​ចំពោះ​សមាជិក​របស់ខ្លួន ដូចជា​អ្នក​បម្រើការ​ផ្នែក​ទេសចរណ៍​ភោជនីយដ្ឋាន ក្លឹប​កម្សាន្ដ ខារ៉ាអូខេ ដែល​ត្រូវ​ផ្អាក​ការងារ​ដោយ​ពុំមាន​ប្រាក់​ឈ្នួល​និង​មានការ​គាំពារ​ផ្សេង​។ ក៏មាន​សំណូមព​រថា ប្រសិនបើ​មាន​ចំណាត់ការ​សម្រួល​ដល់​ពួកគេ​បាន​ខ្លះ​ដូច​កម្មករ​-​កម្មការិនី ក៏​កាន់តែ​ល្អប្រសើរ ខណៈ​បច្ចុប្បន្ន​ពួកគេ​កំពុង​បាត់បង់​ចំណូល​និង​ខ្លះ​បាត់បង់​ការងារ​។​

​យ៉ាងណាមិញ​ជុំវិញ​ករណីនេះ​លោក​ពេជ្រ ស្រស់ ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ បាន​កត់សម្គាល់ថា រដ្ឋាភិបាល​ពុំទាន់​មានលទ្ធភាព​ជួយ​សម្រួល ដូចជា​បើក​ប្រាក់ឧត្ថម្ភ​តាម​អ្វីដែល​ជា​ការចង់បាន​ទាំងអស់​នោះទេ ប៉ុន្ដែ​អាចជួយ​តាមរបៀប​ផ្សេង​វិញ​...

​សំឡេង​លោក​ពេជ្រ ស្រស់​៖

​រីឯ​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកវិភាគ​មួយរូប​ផង​នោះ បានបង្ហាញ​ការយល់ឃើញ​ដែរថា ប្រសិនបើ​ចង់ឲ្យ​រដ្ឋាភិបាល​គាំទ្រដ​ល់អ្ន​កបាត់​បង់ការងារ​ទូទាំង​ប្រទេស ដែល​រង​ផលប៉ះពាល់​ដោយសារ​ការផ្ទុះ​ឡើង​នូ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នេះ គឺ​មិន​អាចទៅរួច​ទេ​។ លោក​គិន ភា​គូសបញ្ជាក់ថា​...

​សំឡេង​លោក​គិន ភា​៖

​តែ​ផ្ទុយ​ពី​លោក​ពេជ្រ ស្រស់​និង​លោក​គិន ភា​បន្ដិច លោក​យ៉ង សាំង​កុមារ​ជា​អ្នកនយោបាយ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ បាន​លើកឡើងថា​ក្រោយពី​ផ្ទុះឡើង​នូវ​វីរុស​កូវី​ដ​-១៩​នេះ មិនមែន​ត្រឹមតែ​កម្មករ​-​កម្មការិនី​ទេ​ដែល​រង​ផលប៉ះពាល់ មាន​មនុស្ស​ជាច្រើន​ទៀត​ក៏​ប៉ះពាល់ ដោយសារតែ​បច្ចុប្បន្ន​មាន​អ្នក​ប្រកបការងារ​រកស៊ី​ច្រើន​។ ដូច្នេះ​រាជរដ្ឋាភិបាល​គួរតែមាន​វិធានការ​ជួយសង្គ្រោះ​អ្នក​ដែល​រង​ផលប៉ះពាល់​ទាំងអស់​តែម្ដង​។​

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​ទាក់ទង​ថា​តើ​រដ្ឋាភិបាល​មានលទ្ធភាព​អាចជួយ​បាន​ឬ​យ៉ាងណា​នោះ លោក​យ៉ង សាំង​កុមារ​លើកឡើងថា​ដូច្នេះ​ថា​...

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​ជា​ការកត់សម្គាល់​ក្រោយពី​កើតមានឡើង​នូវ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នេះ​មក មិនអាច​ប្រកែក​បានទេ កម្ពុជា​ពិតជា​រង​ផលប៉ះពាល់​មិន​ខុសពី​បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភពលោក គ្រាន់តែ​ថា​ស្ថានភាព​នៅ​កម្ពុជា​មិនទាន់​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ឬ​ប្រកាសអាសន្ន​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត