ថៃ​ប្រកាស​បិទ​ច្រកព្រំដែន​ទាំងអស់​​ជាមួយ​កម្ពុជា​​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូវី​ដ​-១៩​

22-03-2020 4:24 pm 304

យោងតាម​សេចក្ដីជូនដំណឹង​របស់​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ នា​រសៀល​ថ្ងៃទី​២២​ខែ​មីនា ឆ្នាំ​២០២០ បានឲ្យដឹងថា ប្រទេស​ថៃ​បានប្រកាស​បិទ​ច្រកព្រំដែន​ទាំងអស់​ជាមួយ​ប្រទេស​កម្ពុជា នៅក្នុង​ខេត្ដ​បន្ទាយមានជ័យ​, ខេត្ត​បាត់ដំបង​, ខេត្ត​ប៉ៃលិន និង​ខេត្តកោះកុង ចាប់ពី​ថ្ងៃទី​២៣ ខែ​មីនា រហូតដល់ ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០​។ មូលហេតុ​នៃ​ការប្រកាស​បិទ​ច្រកព្រំដែន​នេះដែរ គឺ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​វីរុស​កូវី​ដ​-១៩ ប៉ុន្តែ​សម្រាប់​រថយន្ត​ដឹកទំនិញ​ចេញចូល​នៅតែ​បន្ត​ធម្មតា ក្រោម​លក្ខខណ្ឌ​រឹតបន្តឹង​ខ្លាំង​។​

​នៅក្នុង​សេចក្តីជូនដំណឹង​នោះ បាន​បញ្ជាក់ទៀតថា ចាប់ពី​ថ្ងៃទី​២៣ រហូតដល់​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០២០ ពោល​រយៈពេល ១៤​ថ្ងៃ ប្រទេស​ថៃ នឹង​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន នៅ​ច្រកព្រំដែន​កម្ពុជា​-​ថៃ គ្រប់​កម្រិត​ដែល​ស្ថិតនៅក្នុង​ខេត្ត​សា​កែវរួមមាន​៖

-​ច្រកទ្វារ​អន្ដរជាតិ​ចំនួន​២​ទីតាំង​គឺ​៖​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត (​ខេត្ត​បន្ទាយមានជ័យ​)-​ខ្លង​លឹក​(​ខេត្ត​សា​កែវ​) និង​ច្រកទ្វារ​អន្ដរជាតិ​ភ្នំ​ដី (​ខេត្ត​បាត់ដំបង​)-​បាន​ខៅ​ឌីន (​ខេត្ត​សា​កែវ​) 

- ច្រកទ្វារ​តំបន់​ចំនួន ២​ទីតាំង​ទៀត គឺ​នៅ​ច្រក​បឹង​ត្រកួន (​ខេត្ត​បន្ទាយមានជ័យ​)-​តា​ប្រា​យ៉ា (​ខេត្ត​សា​កែវ​)​និង​ច្រក​ម៉ាឡៃ នៅ​(​ខេត្ត​បាត់ដំបង​)-​បាន​ណង​ព្រឺ (​ខេត្ត​សា​កែវ​)

- ច្រកទ្វារ​ទ្វេភាគី​ចំនួន​១៥​ទីតាំង​ផ្សេងទៀត រវាង​ខេត្ដ​សា​កែវ និង​ខេត្តបន្ទាយមានជ័យ និង​រវាង​ខេត្ត​សា​កែវ និង​ខេត្តបាត់ដំបង នឹងត្រូវ​បិទ​ទាំងស្រុង ។​

​ជាមួយគ្នា​នោះដែរ អគ្គ​កុងស៊ុល បាន​បន្ថែមថា ក្នុង​គោលដៅ​កាត់បន្ថយ​និង​រាំង​ខ្ចប់​ការរីក​រាលដាល​នៃ​វីរុស​កូវី​ត​-១៩​នេះ អាជ្ញាធរ​ថៃ នៃ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា ក៏​បានចេញ​វិធាន​ការបិទជា​បណ្ដោះ អាសន្ន​រាល់​ចរាចរណ៍​ឆ្លងកាត់ តាម​ព្រំដែន​រួមមាន​៖

​ទី​១. ច្រក​តំបន់​អាន​សេះ (​ខេត្ត​ព្រះវិហារ​)​នឹងត្រូវ​បិទ​ចាប់ពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២០ រហូតដល់​មាន​ការជូនដំណឹង​ជាថ្មី​

​ទី​២. ច្រក​តំបន់​ជប់​គគីរ (​ខេត្ត​ឧត្តរមានជ័យ​)​នឹងត្រូវ​បិទ​ចាប់ពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២០ រហូតដល់​មាន​ការជូនដំណឹង​ជាថ្មី​

​ទី​៣. ច្រក​អន្ដរជាតិ​អូរ​ស្មាច់ (​ខេត្ត​ឧត្តរមានជ័យ​) ត្រូវបាន​បិទ​ចាប់ពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២០ រហូតដល់​មាន​ការជូនដំណឹង​ជាថ្មី​

ទី​៤. ច្រក​អន្ដរជាតិ​ព្រំ (​ខេត្ដ​ប៉ៃលិន​)​នឹងត្រូវ​បិទ​ចាប់ពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២០ រហូតដល់​មាន​ការជូនដំណឹង​ជាថ្មី​

​ទី​៥. ច្រក​អន្ដរជាតិ​ចាំ​យាម ខេត្ត​កោះកុង និង​ត្រូវ​បិទ​ចាប់ពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២០​នេះ​រហូតដល់​មាន​ការជូនដំណឹង​ជាថ្មី​

​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ខ្មែរ ដែល​កំពុងស្នាក់នៅ​ប្រទេស​ថៃ មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ តាមរយ​:​ការថែរក្សា​អនាម័យ ដូចជា លាងដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ឬ​ជែល​សំអា​តដៃ ឲ្យបាន​ជាប្រចាំ មុនពេល​យកដៃ​ប៉ះ​នឹង​ផ្ទៃមុខ ឬ​មុនពេល​ពិសា​អាហារ និង​ត្រូវ​ពាក់​ម៉ាស​ការពារ​ពេល​ស្ថិតនៅ​ទីសាធារណ​: ឬ​ក្នុងចំណោម​មនុស្ស ព្រមទាំង​អនុវត្ត តាម​ការណែនាំ​របស់​អាជ្ញាធ​រថៃ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​៕

ព័ត៌មានផ្សេងទៀត