រដ្ឋាភិបាលកំណត់ទីតាំង២កន្លែង សម្រាប់ទទួលជំនួយដើម្បីទប់ស្កាត់វីរុសកូវីដ១៩

21-03-2020 2:08 pm 1609

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានចេញលិខិត បញ្ជាក់អំពីការកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍រាល់ជំនួយសប្បុរសជន ដើម្បីជួយសម្រួលដល់ការទទួលជំនួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាឬកូវីដ-១៩។ ទីតាំង២កន្លែងនោះរួមមានទី១ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលស្ថិតនៅក្រសួងសុខាភិបាល ហើយគណៈកម្មការនេះ មានលោកនាយករដ្ឋមន្រ្តីជាប្រធាន និងទី២ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។ តាមរយៈលិខិតចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ លោកហ៊ុន សែន ក៏បានអរគុណទុកជាមុន ចំពោះសប្បុរសជនទាំងឡាយណា ដែលនឹងផ្ដល់ជំនួយបន្ត ហើយរដ្ឋាភិបាល សន្យានឹងខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីសង្រ្គោះនិងការពារជីវិតរបស់ប្រជាជនកម្ពុជា។

ការបង្កើតទីតាំងទាំងពីរកន្លែងនេះ ដើម្បីបង្កភាពងាយស្រួលដល់សប្បុរសជន ដែលមានបំណង់ចង់បរិច្ចាកថវិកា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។ ជាការកត់សំគាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសប្បុរសជនជាច្រើនបានបរិច្ចាកថវិកាដល់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា បន្ទាប់ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តមមុនិនាថ សីហនុ បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យចំនួន៣០ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២០។

សប្បុរសជនជាច្រើនផ្សេងទៀត ដែលបរិច្ចាកថវិកាបន្តកន្ទុយគ្នា សម្រាប់ចូលរួមសកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាត នៃវីរុសកូវីដ១៩ រួមមាន ក្រុមហ៊ុន ជីបម៉ុង ឧបត្ថម្ភ៥០ម៉ឺនដុល្លារ, ឧកញ៉ា ពុង ឃាវសែ ៥០ម៉ឺនដុល្លារ, អ្នកឧកញ៉ា គិត ម៉េង ៥០ម៉ឺនដុល្លារ, ឧកញ៉ាទ្រី ភាព ៥០ម៉ឺនដុល្លារ, ឧកញ៉ាហុង ពីវ ២លានដុល្លារ, ឧកញ៉ាលី យ៉ុងផាត់ ៥០ម៉ឺនដុល្លារ, ឧកញ៉ា លី ហួរ ២០ម៉ឺន ដុល្លារ ,ឧកញ៉ា កុក អាន ១០ម៉ឺនដុល្លារ,ឯកឧត្តម ស៊ុន ចាន់ថុល ២ម៉ឺនដុល្លារ, ឧកញ៉ាឡេង ណាវ៉ាត្រា ២០០លានរៀល ជាដើម។

គួរជម្រាបជូនថា គិតត្រឹមថ្ងៃទី២១ខែមីនានេះក្រសួងសុខាភិបាលកម្ពុជា រកឃើញករណីឆ្លងវីរុសកូរ៉ូណាចំនួន៥១នាក់ហើយ ដែលនៅក្នុងនោះមានជនជាតិចិន១នាក់ អង់គ្លេស៣នាក់ កាណាដា១នាក់ បែលហ្សិក១នាក់ បារាំង២នាក់ ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣១នាក់ នៅក្នុងរាជធានីខេត្តចំនួន១៣នាក់៕ 

ព័ត៌មានផ្សេងទៀត