កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​២​គ្រាប់​ចូលក្នុង​សមុទ្រ​ទាំង​ព្រឹក​

21-03-2020 10:53 am 356

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២១​ខែមីនា​នេះ កូរ៉េខាងជើង​បាន​ធ្វើតេស្ត​មី​ស៊ី​ល​២​គ្រាប់ ដោយ​បាញ់​ចេញពី​ខេត្ត Pyongan ឆ្ពោះទៅកាន់​សមុទ្រ​ខាងកើត ដែល​ត្រូវបាន​គេ​ស្គាល់​ថា​សមុទ្រ​ជប៉ុន​។ នេះ​បើតាម​ការ​ឲ្យដឹងពី​មន្ត្រី​កូរ៉េខាងត្បូង​។ បើតាម​ប្រភពពី​កូរ៉េខាងត្បូង​ដដែល​ថា កូរ៉េខាងជើង​បាន​ធ្វើតេស្ត​មី​ស៊ី​ល រយៈ​ចម្ងាយ​ខ្លី​។ យោធា​កូរ៉េខាងត្បូង​និយាយទៀតថា គ្រាប់​មី​ស៊ី​ល​ទាំងនោះ បាន​ហោះ​ក្នុង​ចម្ងាយ ៤១០ គីឡូម៉ែត្រ ដែលមាន​រយៈកម្ពស់​អតិបរមា​ប្រហែល ៥០ គីឡូម៉ែត្រ​។ 

​នៅ​ថ្ងៃ​សៅរ៍​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង បាន​និយាយថា ខ្លួន​កំពុង​តាមដាន​ស្ថានការណ៍​ក្នុងករណី​មាន​ការបាញ់​បង្ហោះ​បន្ថែម​។ រីឯ ឆ្មាំ​ឆ្នេរសមុទ្រ​របស់​ប្រទេស​ជប៉ុន បាន​បញ្ជាក់ថា មី​ស៊ី​ល​មួយ​គ្រាប់​បាន​ធ្លាក់​នៅ​ខាងក្រៅ​ដែនទឹក ជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​។ មន្ត្រី​កូរ៉េខាងត្បូង​ថា សកម្មភាព​របស់​កូរ៉េខាងជើង​នាពេលនេះ ជា​រឿង​មិន​សមរម្យ​ទាល់តែសោះ​។ មិន​សមរម្យ​ដ្បិតថា នៅពេលនេះ ពិភពលោក កំពុង​ដោះស្រាយ​វិបត្តិ​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-19 ដែល​កំពុង​រាតត្បាត​ជា​សកល​។ 

​និយាយ​ពី​វីរុស​កូរ៉ូណា កូរ៉េខាងជើង​មិនបាន​បង្ហាញថា មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ទៀត​នោះទេ បើទោះបីជា​ប្រទេស​នេះ នៅ​កៀក​ប្រទេស​ចិន​ដែលជា​ប្រភព​ផ្ទុះ​វីរុស​នេះ​ដំបូង​ក៏ដោយ​។ ប៉ុន្តែ​មន្ត្រី​អាមេរិក​ធ្លាប់បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ជឿជាក់​ប្រាកដជា​មាន​ការឆ្លង​រាលដាល​នៅ​ក្នុងប្រទេស​កូរ៉េខាងជើង​។ យ៉ាងណាក៏ដោយ កូរ៉េខាងជើង​នឹង​បញ្ជាក់ថា ខ្លួន​អាច​គ្រប់គ្រង​ការផ្ទុះ​រាលដាល នៃ​វីរុស​កូរ៉ូ​ណាបាន តាមរយៈ​ការបើក​សម័យប្រជុំ​កំពូល​មួយ ដែលមាន​ការចូលរួម​ដោយ​មេដឹកនាំ​ជិត​៧០០​នាក់​នៅ​ថ្ងៃទី​១០​ខែមេសា​ខាងមុខ​៕ 

 ពាក្យគន្លឹះ  កូរ៉េខាងជើង​ មីស៊ីល

ព័ត៌មានផ្សេងទៀត