វីរុសកូរ៉ូណាឬកូវីដ-១៩ដែលកំពុងឆ្លងរាតត្បាតទូទាំងពិភពលោក គឺជាបញ្ហាប្រឈមសម្រាប់មនុស្សជាតិ ហើយក៏ជាបញ្ហាប្រឈមមិនធ្លាប់មានសម្រាប់អ្នកវិទ្យាសាស្ដ្រផងដែរ។ ល្បឿននៃការឆ្លងរាលដាលវីរុសកូរ៉ូណា កំពុងធ្វើឲ្យអ្នកវិទ្យាសាស្ដ្រពន្លឿនការសិក្សាស្រាវជ្រាវ ក៏អាចនិយាយបានថាវីរុសនេះកំពុងសាកល្បងសមត្ថភាពអ្នកវិទ្យាសាស្ដ្រទាំងអស់ ថាតើអាចរកថ្នាំព្យាបាលឬវ៉ាក់សាំងការពារបានដែរឬទេ។
កន្លងមកធ្លាប់មានការចុះផ្សាយនៅតាមបណ្ដាញសារព័ត៌មានថា មានថ្នាំជាច្រើនប្រភេទដែលបានយកទៅប្រើប្រាស់សាកល្បងព្យាបាលវីរុសកូរ៉ូណាឬកូវីដ-១៩នេះ ហើយលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។ ក្នុងនោះមានដូចជាថ្នាំប្រឆាំងគ្រុនចាញ់ ថ្នាំប្រឆាំងជំងឺអេដស៍ជាដើម ប៉ុន្ដែពុំទាន់មានការប្រកាសទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ថាអាចយកទៅប្រើប្រាស់ជាផ្លូវការបានឡើយ។
ប៉ុន្មានថ្ងៃមុននេះមានការប្រកាសយ៉ាងភ្ញាក់ផ្អើលដែរ ហើយត្រូវបានគេចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការលុបបំបាត់វីរុសកូវីដ-១៩ នោះគឺការប្រកាសថាបានរកឃើញវ៉ាក់សាំង។ ដំណឹងដំបូងចេញពីសហរដ្ឋអាមេរិក។ អាមេរិកប្រកាសថាបង្កើតបានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាហើយ និងបានសាកល្បងជាក់ស្ដែងទៅលើមនុស្សថែមទៀត។ ប៉ុន្ដែទោះបីជាមានការធ្វើតេស្ដលើមនុស្សនៅពេលនេះ យ៉ាងហោចណាស់ក៏ត្រូវចំណាយពេលដល់១៨ខែទៀត ទើបវ៉ាក់សាំងអាចដាក់ឲ្យប្រើប្រាស់ជាសាធារណៈបាន មានន័យថាត្រូវឆ្លងកាត់ការពិសោធច្រើនដំណាក់កាល និងរង់ចាំមើលលទ្ធផលជាក់ស្ដែង។
វ៉ាក់សាំងនេះមានឈ្មោះថាmRNA-1273 ស្រាវជ្រាវនិងបង្កើតឡើងដោយអ្នកវិទ្យាសាស្ដ្រនៃវិទ្យាស្ថានសុខភាពជាតិអាមេរិក និងសហការីនៅក្រុមហ៊ុនជីវបច្ចេកវិទ្យាModerna។ ការពិសោធនឹងធ្វើឡើងទៅលើមនុស្សស្ម័គ្រចិត្ដដែលមានសុខភាពល្អចំនួន៤៥នាក់ អាយុចន្លោះពី១៨ដល់៥៥ឆ្នាំ ក្នុងរយៈពេល៦សប្ដាហ៍រៀបចំតាមដំណាក់កាល។
តាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិតJohn Tregoning អ្នកជំនាញផ្នែកជំងឺឆ្លងទៅមហាវិទ្យាល័យImperialក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេស វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងតាមស្ដង់ដាខ្ពស់ណាស់ ប្រើប្រាស់សារធាតុដែលដឹងមុនថាមានសុវត្ថិភាពសម្រាប់មនុស្ស។ ចំពោះអ្នកដែលចូលរួមក្នុងការសាកល្បងក៏មានការត្រួតពិនិត្យយ៉ាងល្អិតល្អន់បំផុត។ លោកសង្កត់ធ្ងន់ថាការពិសោធពិតណាស់ថាវាលឿន ប៉ុន្ដែវាជាការប្រណាំងប្រជែងប្រឆាំងនឹងវីរុស មិនមែនប្រឆាំងនឹងអ្នកវិទ្យាសាស្ដ្រដូចគ្នាទេ។ ម្យ៉ាងនេះគឺជារឿងដែលត្រូវធ្វើដើម្បីជាប្រយោជន៍សម្រាប់មនុស្សជាតិ។
ចំណែកប្រទេសចិនវិញ ចិនក៏បានប្រកាសដែរថាក្រុមអ្នកវិទ្យាសាស្ដ្ររបស់ខ្លួន បានរកឃើញវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាឬកូវីដ-១៩យ៉ាងជោគជ័យ។ ការស្រាវជ្រាវដឹកនាំដោយលោកស្រីជិន វៃ អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្ដ្រយោធា នៃវិទ្យាសា្ថនវិទ្យាសាស្ដ្រយោធាចិន។ វ៉ាក់សាំងនេះក៏ទទួលបានការអនុញ្ញាតឲ្យសាកល្បងដូចគ្នា។ វាក៏ជាវ៉ាក់សាំងផលិតតាមស្ដង់ដាកំណត់ដោយអន្ដរជាតិនិងតាមបទបញ្ញត្ដិក្នុងប្រទេសចិន។ ការរកឃើញត្រូវបានចាត់ទុកជាដំណាក់កាលបឋម ដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាព។ វ៉ាក់សាំងកំពុងត្រៀមផលិតជាលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្ដែចិនមិនបានបញ្ជាក់នោះទេថាអាចប្រើប្រាស់ជាផ្លូវការនៅពេលណា។
ក្នុងពេលបន្ដបន្ទាប់គ្នាជប៉ុនបានជូនដំណឹងដែរថា បានរកឃើញថ្នាំប្រឆាំងនឹងវីរុសកូវីដ-១៩នេះដែរ ដោយគ្រោងនឹងផ្សព្វផ្សាយពីការប្រើប្រាស់របស់វាជាសាធារណៈ។ តាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុនNHK ថ្នាំប្រឆាំងវីរុសកូវីដ-១៩នោះមានឈ្មោះថាAvigan អភិវឌ្ឍដោយក្រុមហ៊ុនជប៉ុននិងទទួលស្គាល់ប្រសិទ្ធភាពដោយមជ្ឈមណ្ឌលជាតិចិន ក្រោយយកទៅប្រើសាកល្បងលើអ្នកជំងឺក្នុងក្រុងវូហាននិងស៊ិនជិន។
ជាមួយនឹងការចុះផ្សាយដំណឹងដ៏ល្អនេះបានក្លាយជាក្ដីសង្ឃឹមសម្រាប់មនុស្សជាតិ ព្រោះគិតថាមិនយូរទេវីរុសកូរ៉ូណាឬកូវីដ-១៩នឹងបាត់មុខពីពិភពលោក។ យ៉ាងណាក៏ដោយវ៉ាក់សាំងដែលរកឃើញក៏ត្រូវរង់ចាំការធ្វើតេស្ដបញ្ចប់ហើយប្រកាសពីប្រសិទ្ធភាព ព្រមទាំងទទួលបានការអនុញ្ញាតពីអង្គការសុខភាពពិភពលោកជាមុនសិនដែរ ពោលគឺត្រូវចំណាយពេលដល់ឆ្នាំ។ អ្វីដែលអាចធ្វើបានមុនមានវ៉ាក់សាំងប្រើប្រាស់ផ្លូវការ គឺការចូលរួមទប់ស្កាត់និងការពារកុំឲ្យឆ្លងវីរុសកូវីដ-១៩នេះ។ ការទប់ស្កាត់និងការពារកុំឲ្យឆ្លងកូវីដ-១៩ នៅតែជាកត្ដាដ៏ចម្បងបំផុតមិនថាអ្នកវិទ្យាសាស្ដ្រប្រកាសថាបានរកឃើញវ៉ាក់សាំងក៏ដោយ៕