លោក​ស ខេង​៖ នៅ​មិនទាន់​ឲ្យ​ផ្អាក​ការងារ​មន្ត្រីរាជការ​នោះទេ​

20-03-2020 4:46 pm 447

​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ឲ្យដឹងថា ក្រសួងមហាផ្ទៃ មិនទាន់ ឲ្យ​ផ្អាក​ការងារ​របស់​មន្ដ្រីរាជកា​រ​នោះទេ តែ​ត្រូវ​ត្រួតពិនិត្យ​សុខភាព​ឲ្យបាន​តឹងរឹ​ង​ជាង​មុន​សិន មុន​អនុញ្ញាតឲ្យ​ចូល​តាម​អង្គភាព​នីមួយៗ​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ក្រសួងមហាផ្ទៃ បាន​យកចិត្តទុកដាក់​ណែនាំ ដល់​មន្ត្រី​ទាំងអស់​នៅក្នុង​ក្រសួង ត្រូវ​ធ្វើ​អនាម័យ និង​ធ្វើការ​វាស់​កម្តៅ បើ​រកឃើញ​មាន​មន្ត្រី​ណា មាន​កម្តៅ​ខុស​ប្រក្រតី គឺ​ពុំ​អនុញ្ញាតឲ្យ​ចូល​ក្នុង​ក្រសួង​ទេ​។​

​ការបញ្ជាក់​នេះ ធ្វើឡើង​ក្នុង​បទសម្ភាសន៍ ជាមួយ​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា​នេះ​។​

​ជាងនេះទៀត សម្រាប់​ការងារ​ផ្ទៃក្នុង លោក​រដ្ឋមន្ត្រី ស ខេង បាន​ប្រាប់ឲ្យដឹង​ថា ក្រសួង​បាន​ចេញ​សេចក្តីណែនាំ ជា​លាយល័ក្ខអក្សរ ដើម្បី​ប្រុងប្រយ័ត្ន ការការពារ​នៅ​កន្លែងធ្វើការ និង​ទីកន្លែង​ប្រជុំ​នានា សម្រាប់​ចូលរួម​ទប់ស្កាត់ នូវ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 នេះ​។​

​ជាមួយគ្នា​នោះ លោក ស ខេង ក៏​បានឲ្យ​ដឹង​ផងដែរ​ថា មាន​សាលា​នគរបាលជាតិ​មួយចំនួន ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ដើម្បី​រក្សា​ការពារ ការ​រាតត្បាត​នៃ​ជំងឺ​កូរ៉ូណា​ថ្មី ឬ Covid-19 នេះ​។​

គួរបញ្ជាក់​ថា គិត​ត្រឹម​យប់​ថ្ងៃទី​១៩ ខែ​មីនា កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ចំនួន​៤៧​ករណី​ហើយ ក្នុងនោះ​មាន​ប្រុស​៤៣​នាក់ និង​ស្ត្រី​ចំនួន​៤​នាក់ ខណៈ​ដែល​ក្រសួង​សុខាភិបាល កំពុង​បន្ត​ស្វែងរក និង​ធ្វើតេស្ត​លើ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ ខណៈ​ក្រសួង​ស្ថាប័ន​មួយចំនួន ចាប់ផ្តើម​ដាក់​វិធានការ​ទប់ស្កាត់​ចំពោះ​ការឆ្លង​រីក​រាលដាល កូ​វីដ​ផងដែរ​៕

 ពាក្យគន្លឹះ  លោកសខេងកូវីដ១៩

ព័ត៌មានផ្សេងទៀត