ឥណ្ឌា​ប្រហារជីវិត​បុរស​៤​នាក់​ ដែល​រំលោភ​បូក​និស្សិត​ពេទ្យ​ម្នាក់​ កាលពី​ឆ្នាំ​២០១២

20-03-2020 11:48 am 654

​នៅ​ទីបំផុត​ទៅ បុរស​ជនជាតិ​ឥណ្ឌា ៤ នាក់ ក្នុងចំណោម​៦​នាក់ ដែល​ត្រូវបាន​កាត់ទោស ពីបទ​រំលោភ​បូក និង​សម្លាប់​និស្សិត​ពេទ្យ​ម្នាក់ នៅ​ក្រុង​ញូ​វ​ឌែ​លី​ប្រទេស​ឥណ្ឌា កាលពី​ឆ្នាំ ២០១២ ត្រូវបាន​ប្រហារជីវិត​ដោយ​ព្យួ​រកហើយ កាលពី​ថ្ងៃ​សុក្រ​ទី​១៩​ខែ​មីនាឆ្នាំ​២០២០​។ ប្រជាជន​ឥណ្ឌា​និង​គ្រួសារ​ជនរងគ្រោះ​បាន​អបអរសាទរ និង​បង្ហាញ​ជំនឿ​ចំពោះ​ប្រព័ន្ធតុលាការ​ឥណ្ឌា ក្រោយ​បាន​រក​យុត្តិធម៌​ឲ្យ​និស្សិត​ស្រី​វ័យ​២៣​ឆ្នាំ ដែល​ត្រូវបាន​មនុស្ស​៦​នាក់ រំលោភ​សេពសន្ថវៈនិង​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​ព្រៃផ្សៃ​នៅក្នុង​រថយន្តក្រុង មុន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​សិង្ហ​បុរី​។  ​

បុរស​ទាំង​៤​នាក់​នោះ រួម​មានឈ្មោះ​Akshay Thakur, Vinay Sharma, Pawan Gupta និង Mukesh Singh ត្រូវបាន​តុលាការ​កាត់ទោស​ប្រហារជីវិត​កាលពី​ឆ្នាំ ២០១៣​។ ពួកគេ​ទាំង ៤ នាក់​ទើបតែ​ត្រូវបាន​ប្រហារជីវិត ដោយ​ការព្យួរ​កនៅ​ពន្ធនាគារ Tihar នា​ថ្ងៃ​សុក្រ​ទី​១៩​ខែ​មីនាឆ្នាំ​២០២០ ក្រោម​ការ​ដាក់ពង្រាយ​កម្លាំង​សន្តិសុ​ខខ្ពស់បំផុត​។ នៅក្នុង​ករណី​រំលោភ​សេពសន្ថវៈ​នេះ ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​៦​នាក់ ប៉ុន្តែ​ម្នាក់ បាន​រកឃើញ​ស្លាប់​នៅក្នុង​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១៣ ដែល​ទំនងជា​សម្លាប់​ខ្លួនឯង និង​ម្នាក់ទៀត​ជា​អនីតិជន​អាយុ​១៧​ឆ្នាំ ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាព​នៅ​ឆ្នាំ​២០១៥ បន្ទាប់ពី​អនុវត្ត​ទោស​បាន​៣​ឆ្នាំ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ទណ្ឌិត​ទាំង ៤ នាក់ បានដាក់​ញត្តិ​នៅ​តុលាការ​កំពូល ក្នុង​គោលបំណង​ទាមទារ​កាត់​បន្ថយទោស​របស់​ពួកគេ ពី​ប្រហារជីវិត​មក​ជាប់ពន្ធ​នាគារ​អស់​មួយជីវិត​វិញ ប៉ុន្តែ​តុលាការ​កំពូល​បាន​ច្រានចោល​ញត្តិ​របស់​ពួកគេ​។ ក្រៅពីនោះ មាន​បណ្តឹងឧទ្ធរណ៍​ផ្សេងៗ​ទៀត​ជា​ហូរហែ​ប្រឆាំងនឹង​សាលក្រម​ដែរ តែ​ក៏​ត្រូវបាន​ច្រានចោល ប៉ុន្មាន​ម៉ោង​មុនពេល​ប្រហារជីវិត​។ ជា​ការប្រហារជីវិត​ដ៏​កម្រ​នៅ​ក្នុងប្រទេស​ឥណ្ឌា ចាប់តាំងពី​ការប្រហារជីវិត​ស្រដៀង​គ្នា​នេះ បានធ្វើ​លើកចុងក្រោយ​កាលពី​ឆ្នាំ​២០១៥​។​

​ប៉ុន្មាន​នាទី​បន្ទាប់ពី​អ្នកទោស​ត្រូវបាន​គេ​ព្យួរក នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្តាយ​ជនរងគ្រោះ បាន​និយាយ​អមដោយ​ការ​ឱប​រូបថត​កូនស្រី​ថា «​ទីបំផុត​យើង​ទទួលបាន​យុត្តិធម៌​ហើយ​»​។ ចំណែក​ឪពុក​ជនរងគ្រោះ​និយាយថា លោក​កាន់​តែមាន​ជំនឿ​លើ​ប្រព័ន្ធតុលាការ​ច្រើនជាង​មុន​។ រីឯ​មនុស្ស​មួយក្រុម​ផ្សេងទៀត​ដែល​ប្រមូលផ្តុំ​នៅ​ខាងក្រៅ បាន​ចូលរួម​អបអរសាទរ​ជាមួយ​សាច់ញាតិ​ជនរងគ្រោះ និង​ស្រែក​អរគុណ​ដល់​តុលាការ​។​

​សូម​រម្លឹកថា កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១២​និស្សិត​ស្រី​ឈ្មោះ Nirbhaya ត្រូវបាន​បុរស​៦​នាក់ ចាប់រំលោភ​នៅក្នុង​រថយន្តក្រុង នៅពេលដែល​និស្សិត​វ័យ​២៣​ឆ្នាំ​រូបនោះ កំពុងធ្វើដំណើរ​ត្រឡប់មក​ពី​មើល​កុន​។ Nirbhaya​ត្រូវបាន​បុរស​វ័យក្មេងៗ​ទាំងនោះ ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ដោយសារតែ​នាង​តដៃ​ប្រឆាំងនឹង​ពួកគេ​។ ជនរងគ្រោះ​បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​សិង្ហ​បុរី​។ មរណៈភាព​របស់ Nirbhaya​បានធ្វើឲ្យ​ផ្ទុះ​ចលនា​តវ៉ា​យ៉ាង​ខ្លាំងក្លា ពី​សំណាក់​ប្រជាជន​ឥណ្ឌា ទាមទា​រឲ្យរដ្ឋាភិបាល​រក​យុត្តិធម៌ និង​ផ្លាស់ប្តូរ​ច្បាប់​ដើម្បី​ការពារ​នារី​ពី​អំពើហិង្សា​ផ្លូវភេទ​។​

​យ៉ាងណាក៏ដោយ បើទោះបី​មាន​ការផ្តន្ទាទោស​ធ្ងន់ធ្ងរ​បែបនេះ​ក្តី គេ​នៅតែ​សង្កេតឃើញ​ករណី​រំលោភ​សេពសន្ថវៈ​បន្ត​កើតឡើង​ជារឿយៗ ដែល​ហាក់ជា​រឿង​ធម្មតា​នៅក្នុង​ប្រទេស​នេះ​ទៅហើយ​។ របា​យការណ៍​ក្នុង​ឆ្នាំ​២០១៦ បានបង្ហាញ​ពី​ករណី​រំលោភ​ចំនួន​១៩,០០០​ករណី​បាន​កើតឡើង ហើយ​មានការ​សន្និដ្ឋានថា ករណី​រំលោភ​បាន​កើតឡើង​ជាង​៥០ ក្នុង​មួយថ្ងៃៗ​នៅ​ប្រទេស​ឥណ្ឌា ដែល​ល្បី​ន្ទឺ​រថាស​ម្បូរ​ករណី​រំលោភ​សេពសន្ថវៈ​៕

ព័ត៌មានផ្សេងទៀត