សប្បុរសជនចាប់ផ្ដើមឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាលដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩

20-03-2020 11:29 am 9017

បន្ទាប់ពីព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី និងព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ នរោត្តមមុនិនាថសីហនុ បានសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យចំនួ​ន​៣០​ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺបង្កឡើងដោយវីរុសកូវីដ-១៩កាលពីថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០មក នៅពេលនេះមានសប្បុរសជនជាបន្តបន្ទាប់ បានចូលរួមឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាល សម្រាប់ចូលរួមសកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ-១៩នេះ។

សប្បុរសជនដែលបានឧបត្ថម្ភថវិកា ដល់រាជរដ្ឋាភិបាលដើម្បីចូលរួមបង្ការ និងទប់ស្កាត់រាតត្បាតវីរុសកូវីដ-១៩រួមមាន៖

១.ក្រុមហ៊ុនជីបម៉ុងគ្រុប បានឧបត្ថម្ភទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារអាមេរិក។ ២.លោកឧកញ៉ាពុង ឃាវ​សែ បានឧបត្ថម្ភទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារអាមេរិក។ ៣.លោកស្រីទាវ ធីតា បានឧបត្ថម្ភទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក។ ៤.អ្នកឧកញ៉ាគិត ម៉េង បានឧបត្ថម្ភទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារអាមេរិក។ ៥.លោកនាយឧត្តមសេនីយ៍ប៉ុល សារឿន បានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក។ ៦.លោកឧកញ៉ាថៃ ជាហួត បានឧបត្ថម្ភទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក។ ៧.លោកអ៊ិត សំហេង បានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក។​ ៨.លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានឧបត្ថម្ភទឹកប្រាក់ចំនួន២ម៉ឺនដុល្លារអាមេរិក។៩.លោកឧកញ៉ាលី ហួរ បានឧបត្ថម្ភទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក។

ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយអំពីទីកន្លែង និងមន្ត្រីចាំទទួលថវិការបស់សប្បុរសជននានា សម្រាប់ប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ-១៩នៅកម្ពុជា ហើយសប្បុរសជន ដែលចង់ឧបត្ថម្ភថវិកាសម្រាប់សកម្មភាពនេះ អាចអញ្ជើញទៅទីស្តីការក្រសួងសុខាភិបាល។

សូមជម្រាប ថា គិតមកដល់ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងវីរុស-១៩ចំនួន៤៧នាក់ហើយ។ ក្នុងនោះ៤៤ករណីនាំចូលពីប្រទេសក្រៅ,១ករណីប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជ​ន​​​​ជាតិជប៉ុន,និង២ករណីជាប្រពន្ធពីរនាក់ប៉ះពាល់ផ្ទាល់ជា មួយប្តីពីរនាក់មកពីបុណ្យសាសនាពីប្រទេសម៉ាឡេស៊ី ដែលរកឃើញមានផ្ទុកវិជ្ជមានវីរុសកូវីដ-១៩។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាល បានបញ្ជាក់ ថា គិតមកដល់ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ នៅប្រទេសកម្ពុជាពុំទាន់រកឃើញភស្តុតាងបញ្ជាក់ ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង៕ 

 

ព័ត៌មានផ្សេងទៀត