អ្នកដំណើរ​​ត្រូវ​បង្ហាញ​លិខិត​បញ្ជាក់ថា​គ្មាន​វីរុស​កូរ៉ូណា ទើប​អាច​ជិះ​យន្តហោះ​មក​ថៃ​បាន​

20-03-2020 10:15 am 436

​ពី​ដើមឡើយ​លិខិតឆ្លងដែន ជា​ឯកសារ​ចាំបាច់​បំផុត នៅក្នុង​ការធ្វើដំណើរ​ក្រៅប្រទេស ប៉ុន្តែ​ចាប់ពី​ថ្ងៃអាទិត្យ​ទី​២២​ខែមីនា​តទៅ ថៃ​តម្រូវឲ្យ​អ្នកដំណើរ​ទាំងអស់ ត្រូវ​អម​ជាមួយ​លិខិតបញ្ជាក់​សុខភាព​បន្ថែម​មួយទៀត ទើប​អនុញ្ញាតឲ្យ​ឡើង​ជិះយន្តហោះ​ចូលមក​ប្រទេស​ថៃ​បាន​។ ទាំង​អ្នកដំណើរ​ជនជាតិ​ថៃ​និង​ជនបរទេស ត្រូវតែ​បង្ហាញ​លិខិតបញ្ជាក់​សុខភាព​ថា គ្មាន​ផ្ទុក​វីរុស​កូរ៉ូណា​ជាមុនសិន​។ លិខិតបញ្ជាក់​សុខភាព​នោះ​ទៀត យកតែ​លិខិត​ណា​ដែល​អ្នកដំណើរ ទើបតែ​បាន​ពិនិត្យ​សុខភាព​រួច​មិនឲ្យ​លើសពី ៧២ ម៉ោង​មុន​កាលបរិច្ឆេទ​នៃ​ការធ្វើដំណើរ​។ ប្រសិនបើ​អ្នកដំណើរ​គ្មាន​លិខិត​នោះទេ គឺ​មិន​អនុញ្ញាតឲ្យ​ឡើង​ជិះយន្តហោះ​មក​ប្រទេស​ថៃ​បានឡើយ​។ វិធានការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូរ៉ូណា​។​

​សេចក្តីប្រកាស​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការកើនឡើង​ជា​រៀងរាល់ថ្ងៃ នៃ​ករណី​ឆ្លង​វីរុស​កូរ៉ូណា នៅក្នុង​ប្រទេស​ថៃ​។ នៅ​ថ្ងៃទី ១៩ ខែមីនា​ក្រសួងសុខាភិបាល បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ចំនួន ៦០ ករណី ដែល​ធ្វើឲ្យ​ចំនួន​អ្នកឆ្លង​សរុបនៅ​ក្នុងប្រទេស​ថៃ​កើន​ដល់ ២៧២ នាក់ និង​ស្លាប់​ម្នាក់​៕

 ពាក្យគន្លឹះ  វីរុសកូរ៉ូណា​ ថៃ

ព័ត៌មានផ្សេងទៀត