ចិន​អាច​ទប់ស្កាត់​វីរុស​កូរ៉ូ​ណាបាន ដោយ​ពុំមាន​ករណី​ឆ្លង​ថ្មី​ក្នុងប្រទេស​ទេ​

19-03-2020 3:26 pm 231

​សារព័ត៌មាន​របស់​ចិន The South China Morning Post នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចុះផ្សាយ​ថា ចិន​មិនបាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី នៅក្នុង​ប្រទេស​របស់គេ​ទេ ពោលគឺ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​សូន្យ​ជា​លើកដំបូង ចាប់តាំងពី​វីរុស​កូរ៉ូ​ណាបាន​ផ្ទុះឡើង នៅក្នុង​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី អំឡុង​ខែធ្នូ​ឆ្នាំ​២០១៩​មក​។ ចំណែក​ចំនួន​អ្នកស្លាប់ ក៏បាន​ថយចុះ​ច្រើន​មែនទែន ដោយ​មានតែ​៨​នាក់​ប៉ុណ្ណោះ ភាគច្រើន​នៅ​ទីក្រុង​វូ​ហាន​។​

​នៅពេលដែល​ការឆ្លង​រាលដាល​កើនឡើង​កាន់តែច្រើន អាជ្ញាធរ​បានរៀបចំ​តារាង​ចេញផ្សាយ​តួលេខ​អ្នក​ឆ្លង​រៀងរាល់ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០២០ ហើយ​១០​ថ្ងៃ​ក្រោយមក នៅពេល​មេរោគ​នេះ រាតត្បាត​ទូទាំងប្រទេស អាជ្ញាធរ​បាន​ពង្រីក តារាង​ចេញផ្សាយ​តួលេខ​អ្នក​ឆ្លង​ទូទាំងប្រទេស ជា​រៀងរាល់ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​។ 

ទោះបីជា​មាន​ការធ្លាក់ចុះ​នៃ​ការឆ្លង​ក៏ដោយ អ្នកជំនាញ​ជំងឺឆ្លង បាន​អំពាវនាវ​ឲ្យមាន​ការប្រុងប្រយ័ត្ន​។ ត្បិតតែ​ចិន​រក​មិនឃើញ​ករណី​ឆ្លង​ក្នុងប្រទេស ប៉ុន្តែ​បែ​រកឃើញ​ករណី​ឆ្លង​ថ្មី លើ​មនុស្ស​ធ្វើដំណើរ​មកពី​ក្រៅប្រទេស​ចំនួន​៣៤​នាក់ ដែល​បង្កក្តី​ព្រួយបារម្ភ​ថា ចិន​អាច​នឹង​ប្រឈម​ការវាយលុក​ដោយ​វីរុស​កូរ៉ូណា​ជុំទី​ពីរ​ទៀតផង​។ 

​សូមបញ្ជាក់ថា សរុប​នៅ​ក្នុងប្រទេស​ចិន មាន​មនុស្ស​ស្លាប់​ដោយសារតែ​វីរុស​កូរ៉ូ​ណាស​រុបជាង​៣​ពាន់​នាក់ និង​ឆ្លង​ជាង​៨​ម៉ឺន​នាក់​៕

 ពាក្យគន្លឹះ  វីរុសកូរ៉ូណាចិន

ព័ត៌មានផ្សេងទៀត