ទម្លាប់អ្វីខ្លះធ្វើឲ្យអ្នកឈឺខ្នង ឈឹចង្កេះ ដោយមិនដឹងខ្លួន?

18-03-2020 5:26 pm 139
  ស្តាប់
ស្តាប់ជាសំឡេង

អាការៈឈឺឆ្អឹងខ្នង ឬឈឺចង្កេះ អាចហៅថា ជាជំងឺគ្រោះថ្នាក់មួយ ក្នុងចំណោមជំងឺជាច្រើន។ ក្នុងករណីខ្លះ ប្រសិនបើមិនទទួលបានការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងភាពពិការ ដោយសារការឈានទៅរកការគាបសរសៃស្យាទិច ដែលជាផលមួយដ៏គួរឲ្យព្រួយបារម្ភ ព្រមទាំងជាមូលហេតុចម្បងដែលបណ្តាលឲ្យបាត់បង់ការងារ ឬសកម្មភាពប្រចាំថ្ងៃ។ លើសពីនេះ វាក៏បង្កឲ្យមានជំងឺធ្លាក់ទឹកចិត្ត ដែលបណ្តាលមកពីការឈឺចាប់រ៉ាំរ៉ៃផងដែរ។

មានកត្តាសុខភាពជាច្រើន ដែលអាចបង្កឲ្យមានបញ្ហានេះឡើង ។ ប៉ុន្តែ ទន្ទឹមនឹងនោះ ទម្លាប់មិនល្អប្រចាំថ្ងៃរបស់អ្នកមួយចំនួន ក៏ត្រូវបានគេដឹងថា អាចបណ្តាលឲ្យឈឺឆ្អឹងខ្នង ឈឹចង្កេះ ដែលពេលខ្លះអ្នកអាចមិនបានដឹងខ្លួនទៀតផង ។ខាងក្រោមនេះ គឺជាសកម្មភាពប្រចាំថ្ងៃមួយចំនួន ដែលវាអាចបំផ្លាញឆ្អឹងខ្នងរបស់អ្នក ដោយមិនដឹងខ្លួន៖

១. អង្គុយយូរពេក

អង្គុយនៅតែមួយកន្លែង រយៈពេលយូរពេក នឹងធ្វើឲ្យមានសម្ពាធដល់ឆ្អឹងខ្នង ជាពិសេស អ្នកដែលត្រូវធ្វើការក្នុងការិយាល័យ នៅពីមុខកុំព្យូទ័រ ក្នុងរយៈពេលយូរ ពិតជាមានហានិភ័យខ្ពស់ កើតអាការៈឈឹខ្នង ឈឺចង្កេះណាស់។ ដូចច្នេះ បើមិនចង់មានអាការៈនេះ កើតឡើងទេ អ្នកគួរក្រោកដើរទៅវិញទៅមកឲ្យបានញឹកញាប់ រាល់កន្លះម៉ោងម្តង។ ក្នុងករណីមួយ ដែលអ្នកចាប់ផ្តើម មានអារម្មណ៍ឈឺចាប់តាមឆ្អឹងខ្នង អ្នកគួរផ្លាស់ប្តូរកៅអីអង្គុយ ឬមានខ្នើយកល់ខ្នង ទើបជាការប្រសើរ។ 

២. ឈរយូរពេក

ចំណុចនេះក៏ជាមូលហេតុ ដែលបណ្តាលឲ្យអ្នកឈឺខ្នង ឈឹចង្កេះបានដែរ ពិសេស ពេលមានកម្មវិធីដែលតម្រូវឲ្យឈរយូរ។ វាមិនខុស ពីការអង្គុយច្រើននោះទេ ការឈរច្រើនអាច ធ្វើឲ្យមានសម្ពាធដល់ឆ្អឹងខ្នង រហូតឈឺខ្លាំង។ ដូចច្នេះ ប្រសិនបើអ្នកត្រូវឈរច្រើន អ្នកគួរឈរកន្លែង ដែលមានជញ្ជាំង ឬមានអ្វីមួយសម្រាប់ផ្អែក ទើបជាការល្អ។

៣. ស្ពាយកាបូប ឬលឺអ៊ីវ៉ាន់ធ្ងន់ៗ

មនុស្ស ចូលចិត្តស្ពាយកាបូប នៅនឹងខ្នង ឬស្មា ជាញឹកញាប់។ ទម្លាប់ជាប្រចាំនេះ អាចបង្កជាការឈឺខ្នងនិងចង្កេះ ទាំងដែលអ្នកនៅក្មេងសោះ បានយ៉ាងឆាប់រហ័ស។ ការស្ពាយ ឬលីអ៊ីវ៉ាន់ធ្ងន់ៗក៏ដូចគ្នា ព្រោះទង្វើនេះ អាចធ្វើឲ្យមានសម្ពាធដល់ឆ្អឹងកងខ្នង និងស្មា ជាពិសេស វាអាចធ្វើឲ្យខូចដំណើរដើររបស់អ្នកទៀតផង។ 

៤. បើកឡានយូរពេក

ការធ្វើដំណើរមួយ ដែលទាមទារឲ្យអ្នក បើកបរក្នុងរយៈពេលយូរ គឺមិនល្អសម្រាប់ឆ្អឹងខ្នងរបស់អ្នកឡើយ។ វាអាចធ្វើឲ្យអ្នក ឈឺក ឈឺខ្នង និងតឹងសាច់ដុំដើមទ្រូង រួមទាំងសាច់ដុំស្មា រហូតវិវត្តិជាអាការៈឈឺចង្កេះធ្ងន់ធ្ងរ នៅរយៈពេលណាមួយ នៅពេលខាងមុខ។

៥. ពាក់ស្បែកជើងកែងចោត

ចំណុចនេះ ពិតជាត្រូវណាស់ សម្រាប់នារីៗ ដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ ដើម្បីជួយឲ្យមើលទៅខ្ពស់ និងស្រស់ស្អាតជាងមុនមួយកម្រិត។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា វាធ្វើឲ្យចង្កេះរបស់យ៉ាប់យ៉ឺន ឈឺ ចុករោយ។ ស្បែកជើងកែងចោត ធ្វើឲ្យចង្កេះខាងក្រោយ រុញទៅមុខ និងធ្វើឲ្យឆ្អឹងត្រគាក និងឆ្អឹងខ្នង ប្រែជាខុសគន្លាក់ដើមរបស់វា។ ហេតុនេះ ស្រ្តីមិនគួរពាក់ស្បែកជើង ដែលមានកែងខ្ពស់ជាង ៥ ឬ ៦ សង់ទីម៉ែត្រ ជាប្រចាំនោះឡើយ។ 

៦. រៀបចំកន្លែងគេងមិនបានត្រឹមត្រូវ

ដូចជាការប្រើប្រាស់ពូកដដែលៗយូរឆ្នាំមិនព្រមផ្លាស់ប្តូរ។ ពូកខ្លះមិនមានលក្ខណៈត្រឹមត្រូវតាមក្បួនខ្នាត ឬពូកដែលធ្លាក់គុណភាព បន្ទាប់ពីប្រើយូរឆ្នាំពេក អាចធ្វើឲ្យមានផលប៉ះពាល់ដល់ ឥរិយាបថគេងរបស់អ្នក ហើយបង្ករឲ្យឈឺសាច់ដុំ និងធ្វើឲ្យឆ្អឹងខុសគន្លាក់រាងកាយ រហូតធ្វើឲ្យមានអាការៈឈឺខ្នង ឈឺចង្កេះកើតឡើង។ 

៧. មានជំងឺស្រ្តេស

បើអ្នកមានជំងឺស្រ្តេស រ៉ាំរ៉ៃ ធ្ងន់ធ្ងរ វាក៏អាចបង្កឲ្យអ្នកឈឺខ្នង ឈឹចង្កេះបានដែរ ពីព្រោះនៅពេលដែល មានជំងឺស្ត្រេស សាច់ដុំរាងកាយនឹងប្រែជាតឹង ជាពិសេសនៅផ្នែក ក និងខ្នង រហូតបង្កទៅជាការឈឺចាប់។ អ្នកអាចដោះស្រាយបញ្ហាស្រ្តេសបាន ដោយការហាត់ប្រាណ អានសៀវភៅ ធ្វើចិត្តឲ្យស្ងប់ ស្តាប់តន្រ្តី ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាដើម។ 

៨. ទទួលទានរបបអាហារមិនត្រឹមត្រូវ

ការទទួលទានរបបអាហារមិនបានត្រឹមត្រូវ មិនផ្តល់ផលប៉ះពាល់ផ្ទាល់ដល់សុខភាពឆ្អឹងខ្នងនោះទេ។ ប៉ុន្តែ ការទទួលទានអាហារ ដែលត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់រាងកាយ អាចជួយប្រយុទ្ធប្រឆាំងការរលាក និងការពារជាតិខ្លាញ់មិនល្អមិនឲ្យកើតឡើង ដែលវាអាចបង្កឲ្យមានសម្អាធដល់ឆ្អឹងខ្នងរបស់អ្នក។ ហេតុនេះ ការទទួលទានអាហារ ដែលផ្តល់សុខភាពល្អ មានតុល្យភាព ក៏អាចជួយអ្នកឲ្យចៀសផុតពីជំងឺឈឺខ្នង និងឈឹចង្កេះ បានមួយកម្រិត។ 

៩. ហាត់ប្រាណមិនបានត្រឹមត្រូវ

ការធ្វើលំហាត់ប្រាណមានសារៈសំខាន់ណាស់ សម្រាប់សុខភាព។ ប៉ុន្តែទន្ទឹមនឹងនោះ ឥរិយាបថហាត់ប្រាណមួយចំនួន ក៏អាចបង្កឲ្យមានបញ្ហាដល់ឆ្អឹងខ្នងរបស់អ្នកបាន។ ការខិតខំប្រើកម្លាំងខ្លាំងហួសប្រមាណ ឧទាហរណ៍ដូចជា ការលើកដុំដែកទម្ងន់ធ្ងន់ខ្លាំង ក៏អាចបណ្តាលឲ្យប៉ះពាល់ឆ្អឹងខ្នង របស់អ្នកដែរ។ ជាមួយគ្នានេះ អ្នកដែលតែងតែហាត់ប្រាណ បែបងើបក្បាលចុះឡើង គឺត្រូវប្រឈមមុខខ្លាំងជាងគេបំផុត។ ដូចច្នេះ អ្នកគួរជ្រើសរើសវិធីហាត់ប្រាណឲ្យត្រឹមត្រូវ ដូចជា រត់ ដើម្បីរក្សាកម្លាំង និងជួយឲ្យរាងកាយ អាចបត់បែនបានល្អ។ 

បន្ថែមពីនេះទៀត ដើម្បីបង្ការនិងចៀសវាងគ្រោះថ្នាក់ ប៉ះពាល់ដល់ឆ្អឹងខ្នងនិងចង្កេះ ត្រូវប្រុងប្រយ័ត្នរាល់ពេលលើក ឬសែងវត្ថុធ្ងន់ ជានិច្ចកាល ត្រូវរក្សាដងខ្លួនឲ្យត្រង់ ត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅកាត់បន្ថយទម្ងន់ បើក្នុងករណីលើសទម្ងន់ ហាមជក់បារី និងកាត់បន្ថយការទទួលទានស្រាជាដើម។ប្រសិនបើអ្នកសង្ស័យ អំពីរោគសញ្ញាឈឺចាប់ណាមួយត្រង់ឆ្អឹងខ្នង ឬចង្កេះ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា៕ 

ព័ត៌មានផ្សេងទៀត