ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​មិន​គិត​ប្រាក់ទេ​ទោះ​លទ្ធផល​វិជ្ជមាន​ឬ​អវិជ្ជមាន​

18-03-2020 5:22 pm 143

លោកស្រី​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​កំពង់ឆ្នាំង​»​និង​«​បច្ចុប្បន្នភាព​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូវី​ដ​-១៩» ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២០​ថា ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩ មិន​មាន​ការ​យក​ថវិកា​អ្វី​ទាំងអស់ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​គឺជា​អ្នក​ចេញ​ថ្លៃ​ជូន​...

​សំឡេង​លោកស្រី​ឱ វណ្ណឌី​ន​៖

​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​នាពេលនេះ គឺធ្វើឡើង ក្រោយពី​មាន​ការចែករំលែក​តៗ​គ្នា នូវ​ព័ត៌មាន​មិន​ពិត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុក ដោយ​បញ្ជាក់​ថា នៅពេល​បងប្អូន​ដែល​សង្ស័យ​ថា មានកូ​វីដ​-១៩ ហើយ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព ក្រោយពី​បាន​ពិនិត្យ​អត់​មាន​ផ្ទុក​វីរុស​នេះ​នោះ​នឹង​ត្រូវ​គិតថ្លៃ​សេវា​ធម្មតា​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ដែរ លោកស្រី​ឱ វណ្ណឌី​ន បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា វីរុស​កូរ៉ូណាឬ​កូវី​ដ​-១៩​នេះ មាន​ភាព​ប្រហាក់ប្រហែល​នឹង​ជំងឺ​ផ្តាសាយ​ដែរ ហើយ​ប្រទេស​ដែល​កើតមាន​នូវ​ការឆ្លង​វីរុស​នេះ  លើកលែង​តែ​ប្រទេស​ដែល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង គឺ​អ្នក​ដែល​ចម្លង​មាន​សភាព​ស្រាលៗ​ប៉ុណ្ណោះ ហើយ​ចំពោះ​អ្នក​ដែល​មាន​ផ្ទុក​វីរុស​នេះ​ហើយ​វិវត្តន៍​ទៅ​ជា​ធ្ងន់ធ្ងរ​នោះ​គឺជា​បុគ្គល​ដែល​មាន​ជំងឺ​ប្រចាំកាយ​ដូចជា​៖​លើសឈាម ទឹកនោម​ផ្អែម និង​សួត​ជាដើម​...

​សំឡេង​លោកស្រី​ឱ វណ្ណឌី​ន​៖

​ទន្ទឹមនឹងនេះ​ដែរ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រួម​ទាំង​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សហការ​គ្នា ធ្វើការ​រួមគ្នា ហើយ​បុគ្គល​ម្នាក់ៗ​ត្រូវតែ​អនុវត្ត​វិធានការ​ការពារ និង​អនាម័យ​...

​សំឡេង​លោកស្រី​ឱ វណ្ណឌី​ន​៖

​សូម​ជម្រាប​ជូន​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២០ កម្ពុជា​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណាឬ​កូវី​ដ​-១៩ ចំនួន​៣៥ ករណី​ហើយ ដោយ​រាជធានី​ភ្នំពេញ​មាន ៩​ករណី បាត់ដំបង ៤​ករណី កំពង់ចាម ៣​ករណី កំពង់ឆ្នាំង ៣​ករណី កែប ៤​ករណី ព្រះវិហារ ២​ករណី បន្ទាយមានជ័យ ២​ករណី ត្បូងឃ្មុំ ២​ករណី សៀមរាប ២​ករណី ព្រះសីហនុ ១​ករណី កំពត ២​ករណី និង​កោះកុង ១​ករណី​៕ 


ព័ត៌មានផ្សេងទៀត