ការស្រាវជ្រាវ​៖ ​វីរុស​កូវី​ដ​១៩​អាច​រស់​ក្នុង​ខ្យល់​បរិយាកាស​បាន​រាប់​ម៉ោង​

18-03-2020 4:09 pm 604

​ឆ្លងកាត់​ការសិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន NIAID(National Institute of Allergy and Infectious Diseases) បានបញ្ជាក់​ថា វីរុស​កូវី​ដ​១៩ ដែល​មាន​ឈ្មោះ​ពេញ​ថា “Coronavirus Disease 2019”  ក្រៅពី​អាច​រស់នៅ​ក្នុង​តំណក់​ទឹក ឬ​វត្ថុ​រាវ តាមរយៈ​ការ​ក្អក ឬ​កណ្ដាស់​របស់​អ្នក​មាន​ផ្ទុក ឬ​អ្នកជំងឺ វីរុស​ឆ្លង​ដ៏​សាហាវ​នេះ​មាន​សមត្ថភាព និង​លទ្ធភាព​អាច​អាស្រ័យ​នៅក្នុង​ខ្យល់​បរិយាកាស​បាន​ដល់​រាប់​ម៉ោង​ឯណោះ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២០​។​

​ការបញ្ជាក់​របស់​វិទ្យាស្ថាន​NIAID​នេះ សំអាង​ទៅលើ​ការពិសោធន៍ ដោយ​ប្រើ​ឧបករណ៍​មីក្រូ​ទស្សន៍​ពិនិត្យ​លើ​តំណក់ទឹក ឬ​តំណក់​វត្ថុ​រាវ​តូចៗ​របស់​អ្នកជំងឺ​។ វីរុស​កូវី​ដ​១៩ ជាទូទៅ​អាច​ឆ្លង​តាមរយៈ​ការ​ក្អក ឬ​កណ្ដាស់​របស់​អ្នក​មាន​ផ្ទុក ឬ​អ្នកជំងឺ រួច​ហើយ​វា​ធ្វើ​ការផ្លាស់​ទី​ទៅ​មជ្ឈដ្ឋាន​ផ្សេងៗ​ដោយសារ​ខ្យល់​។ ជាក់ស្ដែង​អ្នកស្រាវជ្រាវ បានបង្ហាញ​ថា​វីរុស​បង្ក​ជា​ជំងឺ​រលាក​សួត​ថ្មី​នេះ អាច​រស់នៅ​លើ​ជ័យ​ប្លា​ស្ទិច​រយៈពេល​ជាង ៦​ម៉ោង​និង​នៅលើ​ដែក​អ៊ី​ណុង បាន​រយៈពេល​ជាង​៥​ម៉ោង​។ ម្យ៉ាងវិញទៀត​វា​អាច​រស់នៅ​លើ​វត្ថុ​ប្រភេទ​ជា ក្រដាសកាតុង​រយៈពេល​ប្រមាណ​ជា ៣​ម៉ោង​កន្លះ​។ រី​ឯ​សម្រាប់​វត្ថុ​លោ​ហៈ ឬ​ទង់ដែង​វិញ វីរុស​នេះ​អាច​រស់នៅ​ក្នុង​រយៈពេល​ខ្លី​ជាង​គេ​ប្រមាណ ៤៦​នាទី​ប៉ុណ្ណោះ​។ 

​ដ្បិតតែ​វីរុស​កូវី​ដ​១៩(COVID-19) អាច​រស់នៅ​បាន​ច្រើន​ម៉ោង​ក្នុង​ខ្យល់ ក៏​ដូចជា​រស់​បាន​ពេញ​មួយ​ថ្ងៃ​ក៏​ពិតមែន តែ​បំណែក​នៃ​វីរុស​នេះ​នៅ​សេសសល់​ត្រឹមតែ​២៥%​ប៉ុណ្ណោះ បន្ទាប់​ពី​វា​ផ្លាស់​ទី​ពី​ប្រភព​ណាមួយ​ដែល​ផ្ទុក​វា​ប្រមាណ​ជាង​១​ម៉ោង​។ បើទោះបីជា​វា​នៅ​សេសសល់​ភាគរយ​តិចតួច​ក៏​ដោយ តែ​វីរុស​នេះ​អាច​មាន​លទ្ធភាព​ចម្លង​ទៅ​មនុស្ស​បាន​យ៉ាង​សកម្ម​បំផុត​។ 

​លោក​Neeltje van Doremale ប្រធាន​អ្នក​ស្រាវជ្រាវ​មួយ​រូប​នៃ​វិទ្យាស្ថាន​NIAID បាន​អះអាង​ថា វីរុស​នេះ​វា​អាច​នឹង​នៅសល់​ប្រមាណ ១២.៥% ក្នុង​រយៈពេល​៣​ម៉ោង​ក្រោយ​ពី​ផ្លាស់​ទី​ចេញ​ពី​ប្រភពដើម​។ សម្រាប់​រយៈពេល​ដែល​វា​អាចរ​ស់​វិញ គឺ​អាស្រ័យ​ទៅ​តាម​បរិយាកាស និង​វត្ថុ​ដែល​វា​អាស្រ័យ​នៅ​នោះ តែ​ជា​ធម្មតា​វា​អាច​រស់នៅ​បាន​យ៉ាងយូរបំផុត​មួយ​ថ្ងៃ​សម្រាប់​បរិយាកាស​ទូទៅ​។​

​ជាមួយគ្នានេះដែរ​អង្គការ​សុខភាព​ពិភពលោក​(WHO) ក៏​បាន​បញ្ជាក់​ដូចគ្នា​ទៅ​នឹង​ការអះអាង​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​នេះ​ដូច​គ្នា​។ លើសពីនេះ​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​ប្រកាស​ដល់​បុគ្គលិក​ពេទ្យ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​។ មូល​ហេតុនេះហើយ​បានជា​អង្គការ​សុខភាព​ពិភពលោក ទាមទារ​ដល់​មន្ត្រី ឬ​បុគ្គលិក​ពេទ្យ​ចាំបាច់​ប្រើប្រាស់​នូវ​ម៉ាស់​N95  ដោយសារ​ម៉ាស់​នេះ​អាច​ធ្វើការ​ច្រោះ​នូវ​សមាសភាគ​ក្នុង​ខ្យល់​រហូតដល់​ទៅ ៩៥%​។​

​គួរ​ជម្រាប​ដែរ​ថា គិត​មក​ទល់​ពេល​នេះ​វីរុស​កូវី​ដ​១៩​ថ្មី បាន​សម្លាប់​មនុស្ស​ជិត ៨​ពាន់​នាក់​ហើយ និង​ករណី​ឆ្លង​កើន​ដល់​ជិត ២០​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ទន្ទឹម​នឹង​នេះ​ក៏​អ្នក​ជាសះស្បើយ​ពី​វីរុស​ឆ្លង​ជា​សកល​មួយ​នេះ​ប្រមាណ​ជាង ៨​ម៉ឺន​នាក់​៕

ព័ត៌មានផ្សេងទៀត