ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី១៨ខែមីនានេះ បានដាក់ចេញវិធានការបន្ទាន់ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាឬកូវីដ-១៩។ យោងតាមសេចក្តីណនាំនោះ ឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន វិទ្យាស្ថាន គណៈកម្មការមូលបត្រកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ គ្រឹះស្ថានអង្គរ និងបណ្តាអង្គភាពនានា ចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន ត្រូវសហការនិងអនុវត្តវិធានការបន្ទាន់ចំនួន៣ចំណុច។
វិធានការបន្ទាន់ទាំង៣ចំណុច ក៏មានការណែនាំឲ្យធ្វើការងារពីផ្ទះ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន(អនឡាញ) ចំពោះបុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងឡាយណា ដែលមិនសូវចាំបាច់ម កបំពេញភារកិច្ចផ្ទាល់ នៅការិយាល័យក្នុងកន្លែងការងារ ហើយអាចសម្រេចកិច្ចការងារក្នុងផ្ទះរបស់ខ្លួនរៀងៗខ្លួនបាន។ រីឯបុគ្គលិកមន្ត្រីរាជការ ដែលមានការចាំបាច់ ត្រូវមកបំពេញការងារនៅកន្លែងធ្វើការ គឺអាចមកបានជាធម្មតា ដោយឆ្លាស់វេនគ្នា។
សេចក្តីណែនាំ ស្តីពី ការពង្រឹងនិងការបង្កើនលើការប្រុងប្រយ័ត្នបន្ថែម លើការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ ការរាតត្បាតនៃវីរុសកូរ៉ូណា ក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើឡើងខណៈកម្ពុជារកឃើញករណីឆ្លងវីរុសកូរ៉ូណា សរុបចំនួន៣៥នាក់ នៅក្នុងរាជធានី ខេត្តចំនួន១២ គិតត្រឹមរសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០២០ ដែលនៅក្នុងនោះភ្នំពេញច្រើនជាងគេចំនួន៩ករណី។ ប៉ុន្តែយ៉ាងណាក៏ដោយ រាល់ករណីដែលរកឃើញ គឺជាករណីចម្លងមកពីបរទេស ហើយកម្ពុជាពុំទាន់រកឃើញករណីចម្លងនៅក្នុងសហគមន៍នៅឡើយទេ នៅថ្ងៃដដែលនេះ៕