លោក​Biden​បន្ត​ឈ្នះ​លោក​Sanders​សម្រាប់​ការបោះឆ្នោត​គណបក្ស​ប្រជាធិបតេយ្យ​

18-03-2020 10:46 am 482

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក បានបង្ហាញ​ថា​លោកចូ បៃ​ដិន​(Joe Biden) បាន​ផ្ដួល​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​គឺ​លោក​បឺនី សាន់​ដឺ​ស៍​(Bernie Sanders) សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក ក្នុង​រដ្ឋ​ហ្វ្លូ​រីដា​(Florida) និង​រដ្ឋ​អី​លី​ណ​យ​(Illinois)​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​BBC នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២០​។​

​បន្ទាប់ពី​បាន​យក​ឈ្នះ​ក្នុង​ការបោះឆ្នោត ដែល​បាន​ឆ្លងកាត់​រដ្ឋ​ចំនួន ១៦ នៃ​រដ្ឋ​សរុប​ទាំង ២១​ចុង​ក្រោយ​រួច​មក លោកបៃ​ដិន ត្រូវបាន​ជឿជាក់ថា​មាន​ភាគរយ​ឈ្នះ​ច្រើន​បំផុត​លើ​លោក​សាន់​ដឺ​ស៍​។ លើសពី​នេះ​គេ​បាន​ប៉ាន់ស្មាន​ជា​ស្រេច​ថា លោកបៃ​ដិ​ននឹង​ក្លាយជា​ដៃគូ​ប្រកួតប្រជែង​តំណាង​គណបក្ស​ប្រជាធិបតេយ្យ ជាមួយនឹង​លោក​ដូណាល់ ត្រាំ មកពី​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាណត្តិ​ថ្មី នា​ខែ​វិច្ឆិកា​ខាងមុខ​។​

​ដោយឡែក​ភាគី​ខាង​គណបក្ស​សាធារណ​អាមេរិក​វិញ​ក៏​បាន​បញ្ចប់​ការបោះឆ្នោត​ជ្រើសរើស​អ្នកតំណាង​របស់​ខ្លួន​ជា​ផ្លូវកា​រហើយ ដោយ​លោក​ដូណាល់ ត្រាំ ជា​អ្នក​ត្រូវ​ឈរ​ជា​បេក្ខភាព​បន្តទៀត​។ អាច​ឈរឈ្មោះ​បន្ត​ទៀត​បាន ព្រោះ​លោក​ត្រាំ​បាន​យក​ឈ្នះ​ក្នុង​ការបោះ​ឆ្នោត​ដែល​ទទួលបាន​សម្លេង​គាំទ្រ​ពី​ប្រតិភូ​ជាន់ខ្ពស់​គណបក្ស​ចំនួន ១,២៧៦​រូប​។​

​គួរបញ្ជាក់​ថា ការបោះ​ឆ្នោត​ដ៏​សំខាន់​នេះ​បាន​រង​ការប៉ះពាល់​ពី​សំណាក់​វីរុស​កូវី​ដ​១៩(COVID-19)​ផងដែរ ជាក់ស្ដែង​ការបោះឆ្នោត​នៅក្នុង​រដ្ឋ​អូ​ហ៊ី​យ្យូ​(Ohio) ត្រូវបាន​ពន្យារពេល​។ ពោល​បើ​តាម​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​គ្របគ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក​(CDC) បានបញ្ជាក់​ថា​គិត​មក​ទល់​ពេល​នេះ វីរុស​កូវី​ដ​១៩ បាន​សម្លាប់​មនុស្ស​ប្រមាណ​ ជាង១០០នាក់​ហើយ​ក្នុង​សហរដ្ឋអាមេរិក និង​ករណី​ឆ្លង​បាន​កើន​ដល់​ជិត ៦,០០០​ករណី​ផងដែរ​៕

ព័ត៌មានផ្សេងទៀត