ខណ:ដែលវីរុសកូវីដ-១៩ ពេលនេះកំពុងតែរាតត្បាតទូទាំងសកលោក ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនានេះ បានប្រកាសព័ត៌មានដ៏សំខាន់មួយសម្រាប់ពិភពលោកថា ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រយោធារបស់ចិន រកឃើញវ៉ាក់សាំងនៃវីរុសកូវីដ-១៩ បានយ៉ាងជោគជ័យហើយ។ ការប្រកាសព័ត៌មាននេះដែរ ធ្វើឡើងតាមរយ:ទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា។
តាមរយ:ការប្រកាសរបស់ទូតចិនបញ្ជាក់ថា ក្រុមស្រាវជ្រាវវិទ្យាសាស្ត្រដែលដឹកនាំដោយលោកស្រីChen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្ត្រយោធា នៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជំងឺបង្កឡើងដោយវីរុសកូវីដ-១៩យ៉ាងជោគជ័យ។ វ៉ាក់សាំងប្រភេទនេះ ទទួលបានការអនុញ្ញាត ក្នុងដំណើរការពិសោធព្យាបាលជំងឺ។
ជាមួយគ្នានោះ ទូតចិនបញ្ជាក់ទៀតថា តាមស្តង់ដាកំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះ ត្រូវបានចាត់ជាកិច្ចការរៀបចំបឋម ដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និងការផលិតក្នុងទ្រង់ទ្រាយធំ។
សូមជម្រាបជូនថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ចំនួនមនុស្សដែលបានឆ្លងវីរុសកូវីដ-១៩នេះ បានកើនឡើងជិត២០ម៉ឺននាក់ហើយ ជិត៨ពាន់នាក់បានស្លាប់ និងជិត៨ម៉ឺននាក់ទៀតបានជាសះស្បើយ នៅទូទាំងសកលលោក។ វីរុសកូវីដ-១៩នេះបានវាយលុកចូលដល់ប្រទេស និងដែនដីជាង១៦០ប្រទេសនៅទូទាំងសកលលោក ពោលបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិក១ប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា សម្រាប់ប្រទេសកម្ពុជាវិញគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ក៏មានអ្នកឆ្លងវីរុសកូវីដ-១៩នេះ កើនឡើងរហូតដល់៣៥នាក់៕