ការបិទ​​មិនឲ្យ​អ្នកដំណើ​រ​​ចូល​ប្រទេស​ជា​វិធានការ​​ចម្បង​មួយ​​ទប់ស្កាត់​​ការឆ្លង​​វីរុស​កូរ៉ូណា​

17-03-2020 7:56 pm 285

​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក បាននិងកំពុង​រឹតបន្ដឹង​យ៉ាងខ្លាំងបំផុត​លើ​ជនបរទេស​ដែល​ធ្វើដំណើរ​ចូល​ប្រទេស​របស់ខ្លួន  ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទាំងនោះ ខ្លះ​បាន​ហាមឃាត់​មិនឲ្យ​ពលរ​ដ្ឋខ្លួន​ចេញដំណើរ​ទៅក្រៅ​ដាច់ខាត ព្រមទាំង​បិទ​មិនឲ្យ​ជនបរទេ​សចូលប្រទេស​របស់ខ្លួ​ន​ផងដែរ​។ ចង់ដឹងថា​វិធានការ​តឹងរ៉ឹង​កម្រិតណា​ដែល​ត្រូវបាន​ដាក់ចេញ​ចំពោះ​ការធ្វើដំណើរ ខណៈ​វិបត្ដិ​កូរ៉ូណា​កំពុង​បង្កចលាចល​ទូទាំង​ពិភពលោក​?

​ប្រទេស​ចិន​

​និយាយ​ដំបូង​ពី​ប្រទេស​ចិន​ក្រោយ​ពេលដែល​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បាន​វាយលុក​មុនគេ​នោះ ចិន​បាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​។  ចិន​បាន​បិទ​ទាំងស្រុង​នូវ​ខេត្ដ​ហ៊ួ​ប៉ី​មិន​ឲ្យមាន​ចរន្ដ​ចេញចូ​លឡើយ ដោយសារតែ​ទីក្រុង​វូ​ហាន​នៃ​ខេត្ដ​នេះ​បាន​ផ្ទុះ​វីរុស​កូរ៉ូណា​ដំបូង​គេ​។ បច្ចុប្បន្ន​អ្នក​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​អ៊ីតាលី អ៊ីរ៉ង់ ជប៉ុន ឬ​កូរ៉េខាងត្បូង ក្នុង​គោលដៅ​ទៅកាន់​ទីក្រុង​ប៉េកាំង ហ្គ័​ង​ជូ ឬ​សៀង​ហៃ នឹង​ត្រូវដាក់​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ ចិន​ក៏​ទើប​ប្រកាស​កាលពី​សប្ដាហ៍​មុន​នូវ​វិធានការ​ដាក់​ដោយឡែក​១៤​ថ្ងៃ ចំពោះ​រាល់​អ្នកដំណើរ​បរទេស​ទាំងអស់​ដែល​មកដល់​រដ្ឋធានីរ​បស់​ចិន​។ ស្របពេល​ជាមួយគ្នា​អ្នកដំណើរ​ជា​អ្នករកស៊ី ត្រូវ​រៀបចំ​ដាក់​នៅ​សណ្ឋាគារ​ដើម្បី​ធ្វើតេស្ដ​រក​វីរុស​កូរ៉ូណា​។​

​ហុងកុង​

​នៅក្នុង​ទីក្រុង​ហុងកុង​បាន​ប្រកាសអាសន្ន​ភ្លើង​ក្រហម លើ​អ្នកដំណើរ​មកពី​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អៀង​ឡង់ អេ​ហ្ស៊ី​ប ដោយ​ត្រូវដាក់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ចំពោះ​អ្នក​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ទាំងនេះ​។ រីឯ​នរណាម្នាក់​ដែល​ស្ថិតក្នុង​ខេត្ដ​ហ៊ួ​ប៉ីឬ​កូរ៉េខាងត្បូង​ក្នុងរយៈពេល​១៤​ថ្ងៃមុន ត្រូវ​ហាមឃាត់​មិនឲ្យ​ចូល​ក្នុងក្រុង​ឡើយ លើកលែងតែ​ជា​ពលរដ្ឋ​ឬ​អ្នក​រស់នៅក្នុង​ក្រុង​ហុងកុង​។ ចំណែក​អ្នក​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីតាលី បារាំង អាល្លឺម៉ង់ ជប៉ុន និង​អេ​ស្ប៉ា​ញ ក្នុងអំឡុងពេល​១៤​ថ្ងៃមុន គឺជា​មុខសញ្ញា​ដែល​ត្រូវដាក់​ឲ្យនៅ​ដាច់ដោយ​ឡែក​។​

​ម៉ា​កាវ​

​ទីក្រុង​ម៉ា​កាវ​បាន​ហាមឃាត់​លើ​អ្នក​ដែល​ធ្លាប់​ធ្វើដំណើរ​ទៅ​ខេត្ដ​ហ៊ួ​ប៉ី​កាលពី​ពីរ​សប្ដាហ៍​មុន ហើយ​អ្នក​ដែល​បាន​ទៅ​ប្រទេស​កូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ អាល្លឺម៉ង់ បារាំង អេ​ស្ប៉ាញ ឬក៏​ជប៉ុន​ក្នុង​រយៈពេល​១៤​ថ្ងៃមុន​ដែរនោះ នឹងត្រូវ​ស្ថិតក្រោម​ការតាមដាន​សុខភាព​ក្នុង​រយៈពេល​១៤​ថ្ងៃ​បន្ទាប់​។​

​តៃវ៉ាន់​

​តៃវ៉ាន់​នឹង​ហាមឃាត់​ពលរដ្ឋ​ខ្លួន​មិន​ឲ្យធ្វើ​ដំណើរទៅ​ប្រទេស​ចំនួន​៤៤ ស្ថិតនៅ​អឺរ៉ុប​ខាងកើត អាស៊ី​កណ្ដាល និង​អាហ្វ្រិក​ខាងជើង ចាប់ពី​ថ្ងៃទី​១៧​មីនា​នេះ​។ ដែន​កោះ​មួយ​នេះ​ក៏​ហាមឃាត់​ពលរដ្ឋ​ខ្លួន​រួចហើយ មិនឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេ​សចិន ហុងកុង ម៉ា​កាវ កូរ៉េខាងត្បូង តំបន់​មួយចំនួន​នៅ​អាមេរិក និង​ប្រទេស​ជប៉ុន​នោះទេ​។ ក្រៅពីនេះ​នៅមាន​ប្រទេស​២៦​នៅ​អឺរ៉ុប​និង​ចក្រភព​អង់គ្លេស​។ ចំពោះ​អ្នកដំណើរ​មកពី​ប្រទេស​ទាំងអស់នេះ ក៏ត្រូវ​ហាមឃាត់​មិនឲ្យ​ចូលតៃវ៉ាន់ លើកលែងតែ​អ្នកធ្វើ​ជំនួញ​ឬ​មាន​ករណី​ពិសេស​ណាមួយ​។​

​អូស្ដ្រាលី​

​អូស្ដ្រាលី​បានប្រកាសឲ្យ​អ្នកដំណើរ​ទាំងអស់ម​កពីបរទេស ត្រូវតែ​ដាក់​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​លោក​Scott Morrison​បាន​និយាយថា អ្នកដំណើរ​ទាំងអស់​ម​ក​ពី​ប្រទេស​ផ្សេង​ចូល​អូស្ដ្រាលី តម្រូវឲ្យ​នៅ​ផ្ដាច់ខ្លួន​ពី​គេ​ចាប់ពីពេលនេះ​តទៅ​។ វា​គឺ​ជាការ​អនុវត្ដ​មួយ​ដែល​ស្រប​តាមច្បាប់ ហើយ​បើ​មាន​នរណាម្នាក់​មិន​គោរព​តាម​ការណែនាំ ពួកគេ​នឹង​ក្លាយជា​អ្នកប្រព្រឹត្ដ​បទល្មើស​។​

​ណូវែល​ហ្សេ​ឡង់​

​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នាយករដ្ឋមន្ដ្រី​ណូវែល​ហ្សេ​ឡង់​លោកស្រី​Jacinda Ardern បានប្រកាសថា​ត្រូវ​រឹតបន្ដឹង​ខ្លាំង​បំផុត​នៅ​តំបន់​ព្រំដែន ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​។  ចាប់ពី​ថ្ងៃទី​១៦​មីនា​អ្នកដំណើរ​ចូល​ណូវែល​ហ្សេ​ឡង់​ទាំងអស់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ពលរដ្ឋ​ណូវែល​ហ្សេ​ឡង់​ផង ត្រូវតែ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ ប្រទេស​ដែល​រួច​ពី​បម្រាម​នេះ​មានតែ​ដែន​កោះ​នៅ​ប៉ាស៊ីហ្វិក​ដែល​ពុំទាន់​ឆ្លង​វីរុស​កូរ៉ូណា​ប៉ុណ្ណោះ​។​

​សិង្ហ​បុរី​

​សិង្ហ​បុរី​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា អ្នកដំណើរ​មកពី​ប្រទេស​សមាជិក​អាស៊ាន​៩​ផ្សេងទៀត នឹង​ទទួល​ការណែនាំ​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​រយៈពេល​១៤​ថ្ងៃ​។ ក្រៅពីនេះ​ក៏មាន​អ្នកដំណើរ​មកពី​អង់គ្លេស ជប៉ុន និង​ស្វីស​ផងដែរ​។ ប៉ុន្ដែ​សិង្ហ​បុរី​មាន​វិធានការ​ថ្មី​មួយ ទៅលើ​អ្នក​ដែល​ទៅ​ស្វែងរក​ការព្យាបាល​ជំងឺ​ក្នុងប្រទេស​របស់ខ្លួន ហើយ​នៅ​តំបន់​ព្រំដែន​គោក​ម៉ាឡេស៊ី​-​សិង្ហ​បុរី ដែលមាន​មនុស្ស​ឆ្លងទៅ​មក​រាប់ពាន់​នាក់រៀ​ង​រាល់ថ្ងៃ ក៏​មិន​ជាប់​បម្រាម​ដែល​ប្រកាស​នោះដែរ​។​

​ម៉ាឡេស៊ី 

​អ្នកដំណើរ​មកពី​តំបន់​មួយចំនួន​នៃ​ប្រទេស​ចិន មកពី​កូរ៉េខាងត្បូង ជប៉ុន អ៊ីរ៉ង់ អ៊ីតាលី និង​ដា​ណឺ​ម៉ាក ត្រូវបាន​ហាមឃាត់​។ ចំណែក​ពលរដ្ឋ​ដែល​ធ្វើដំណើរ​មកពី​ក្រៅ​ត្រឡប់ទៅផ្ទះ​វិញ នឹង​តម្រូវឲ្យ​នៅ​ដាច់ដោយឡែ​ក​ក្នុងផ្ទះ​១៤​ថ្ងៃ​។​

​ហ្វីលីពីន

​ប្រទេស​ហ្វីលីពីន​បាន​ហាម​អ្នកដំណើរ​មកពី​ប្រទេស​ដែលមាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា មិនឲ្យ​ចូល​ទឹកដី​ខ្លួនទេ​។ ករណី​លើកលែង​ចំពោះតែ​ពលរដ្ឋ​ឬ​ក្រុមគ្រួសារ​នៃ​ពលរដ្ឋ​ហ្វីលីពីន អ្នក​ដែលមាន​ទីលំនៅ​អចិន្ដ្រៃយ៍​នៅ​ហ្វីលីពីន និង​អ្នកមាន​ទិដ្ឋាការ​ការទូត​។  ការធ្វើដំណើរ​តាម​ជើងគោក ជើង​អាកាស និង​តាម​សមុទ្រ​នៅ​ក្នុងប្រទេស ទៅនឹង​មកពី​រដ្ឋធានី​ក្នុង​តំបន់ រួមទាំង​រដ្ឋធានី​ម៉ានីល ត្រូវ​ផ្អាក​រហូតដល់​ថ្ងៃទី​១៤​មេសា ខណៈ​ការប្រមូលផ្ដុំ​ទ្រង់ទ្រាយ​ធំ​ក៏ត្រូវ​ហាមឃាត់​។​

​ឥណ្ឌូនេស៊ី

​អ្នកដំណើរ​ដែល​បាន​ទៅ​ប្រទេស​ចិន តំបន់​មួយចំនួន​នៅ​អ៊ីតាលី បាន​ទៅ​កូរ៉េខាងត្បូង និង​ប្រទេស​អ៊ីរ៉ង់ ក្នុង​រយៈពេល​១៤​ថ្ងៃមុន ត្រូវបាន​បដិសេធ​មិនឲ្យ​ចូលឬ​ឆ្លងកាត់​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​ឡើយ​។ បម្រាម​នេះ​លើកលែងតែ​ពលរដ្ឋ​ឥណ្ឌូនេស៊ី​និង​អ្នកមាន​លំនៅ​អចិន្ដ្រៃយ៍​ប៉ុណ្ណោះ​។​

​កម្ពុជា 

​អ្នកដំណើរ​មកពី​ប្រទេស​អ៊ីរ៉ង់​នឹងមិន​អនុញ្ញាតឲ្យ​ចូលមកក​ម្ពុ​ជា​ឡើយ​រយៈពេល​៣០​ថ្ងៃ ចាប់​អនុវត្ដ​ពី​ថ្ងៃទី​១៨​មីនា​។ ក្រៅពីនេះ​អ្នកដំណើរ​មកពី​ប្រទេស​អាល្លឺម៉ង់ អ៊ីតាលី អេ​ស្ប៉ាញ បារាំង និង​អាមេរិក ក៏ត្រូវ​ហាមឃាត់​រយៈពេល​៣០​ថ្ងៃ​ដូចគ្នា ចាប់​អនុវត្ដ​ពី​ថ្ងៃទី​១៧​មីនា​នេះ​។ 

​ថៃ

​ប្រទេស​ថៃ​កាលពី​សប្ដាហ៍​មុន​បានប្រកាសថា នឹង​ផ្អាក​គោលនយោបាយ​លើកលែង​ទិដ្ឋាការ សម្រាប់​អ្នកដំណើរ​មកពី​ហុងកុង កូរ៉េខាងត្បូង និង​អ៊ីតាលី ហើយ​បញ្ឈប់​ការដាក់​ពាក្យសុំ​ទិដ្ឋាការ​ពី​ប្រទេស​១៨ ក្នុងនោះ​មាន​ដែនដី​ចិន ឥណ្ឌា និង​អ៊ីរ៉ង់​ផងដែរ​។ អ្នកដំណើរ​មកពី​ប្រទេស​ទាំងនេះ​នឹង​ត្រូវដាក់​ពាក្យសុំ​ទិដ្ឋាការ​នៅ​ស្ថានទូត​ថៃ និង​ត្រូវ​បង្ហាញ​លិខិតបញ្ជាក់​សុខភាព ដើម្បី​អះអាងថា​ពួកគេ​គ្មាន​ផ្ទុក​វីរុស​កូរ៉ូណា​។​

វៀតណាម

​វៀតណាម​បានប្រកាស​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ការហាមឃាត់​រយៈពេល​៣០​ថ្ងៃ​លើ​អ្នកដំណើរ​បរទេស​ដែល​ចង់​ចូលក្នុង​ប្រទេស​ខ្លួន ក្នុងនោះ​មាន​អ្នកដំណើរ​មកពី​ប្រទេស​២៦​ក្នុង​តំបន់​អឺរ៉ុប​និង​ចក្រភព​អង់គ្លេស​។ ចំពោះ​អ្នក​ធ្លាប់បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ទាំងនោះ​ក្នុងអំឡុងពេល​១៤​ថ្ងៃ​គិត​ត្រឹម​ពេលមកដល់​ប្រទេស​វៀតណាម ក៏ត្រូវ​ហាមឃាត់​មិនឲ្យ​ចូលដែរ​។​

​កូរ៉េខាងត្បូង

​អ្នកដំណើរ​ដែល​ធ្លាប់បាន​ទៅ​ខេត្ដ​ហ៊ួ​ប៉ី​ក្នុង​រយៈពេល​១៤​ថ្ងៃមុន ត្រូវ​ហាមឃាត់​មិនឲ្យ​ចូល​ប្រទេស​កូរ៉េខាងត្បូង​ឡើយ​។ ចំណែក​ទិដ្ឋាការ​ដែល​ផ្ដល់ឲ្យ​ដោយ​ស្ថាន​កុងស៊ុល​នៅក្នុង​ទីក្រុង​វូ​ហាន ក៏​ត្រូវអស់​សុពលភាព​ដែរ​។ ទិដ្ឋាការ​ដែល​ចេញ​ឲ្យ​អ្នកកាន់​លិខិតឆ្លងដែ​ន​ជប៉ុនក៏​ត្រូវអស់​សុពលភាព​។ ចំណែក​ទិដ្ឋាការ​ដោយ​ឥតគិតថ្លៃ​ចូលទៅ​កោះជេ​ជូ សម្រាប់​ជនបរទេស​ទាំងអស់​ក៏​ត្រូវបាន​ផ្អាក​។​

​ជប៉ុន

​នរណាម្នាក់​ដែល​បាន​ធ្វើដំណើរ​ទៅ​តំបន់​ឆ្លង​ក្នុងប្រទេស​ចិន កូរ៉េខាងត្បូង ឬ​អ៊ីតាលី ក្នុងអំឡុងពេល​១៤​ថ្ងៃ ត្រូវ​ហាមឃាត់​មិនឲ្យ​ចូល​ប្រទេសជ​ប៉ុនទេ​។ ប៉ុន្ដែ​បម្រាម​នេះ​លើកលែង​ចំពោះ​ពលរដ្ឋ​ជប៉ុន​និង​ក្រុមគ្រួសារ​របស់គេ​។​

ឥណ្ឌា 

​ភាគច្រើន​នៃ​ទិដ្ឋាការ​ត្រូវបាន​ផ្អាក ខណៈដែល​ជនជាតិដើម​ឥណ្ឌា​ត្រូវ​បានផ្ដល់​សិទ្ធិ​ឲ្យចូល​ដោយ​គ្មាន​ទិដ្ឋាការ ឥលូវ​នេះ​នឹង​ត្រូវដាក់​ពាក្យស្នើសុំ​សិន​។ អ្នកដំណើរ​នឹង​ពលរដ្ឋ​ឥណ្ឌា​ដែល​មកពី​ប្រទេស​ចិន កូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ នឹង​ត្រូវដាក់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។​

​អាមេរិក 

​អាមេរិក​បាន​ផ្អាក​ការធ្វើដំណើរ​មកពី​អង់គ្លេស អៀង​ឡង់ បន្ទាប់ពី​បាន​ហាមឃាត់​ការធ្វើដំណើរ​មកពី​ប្រទេស​២៦ ដូចជា​អូទ្រីស បែលហ្ស៊ិក សាធារណរដ្ឋ​ឆែក ដា​ណឺ​ម៉ាក អេ​ស្ដូ​នី ហ្វាំង​ឡ​ង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អាយ​លែ​ន អ៊ីតាលី ឡា​ទ្វា លី​ជ​ថេន​ស្ដេន លី​ទុយ​អា​នី លុច​ហ្សាំ​បួ​រ ម៉ា​ល់តា ហូ​ឡង់ ន័​រវ៉េ ប៉ូឡូញ ព័រ​ទុយ​ហ្គាល់ ស្លូ​វ៉ាគី ស្លូ​វ៉ានី អេ​ស្ប៉ាញ ស៊ុយអែត និង​ស្វីស​។ បន្ថែម​លើ​នេះ អ្នក​ដែល​បាន​ធ្វើដំណើរ​ទៅ​ចិន​ឬ​អ៊ីរ៉ង់​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​មុន ក៏​ហាមឃាត់​មិនឲ្យ​ចូលមក​អាមេរិ​ក​ដែរ​។​

​កាណាដា

​នាយករដ្ឋមន្ដ្រី​កាណាដា​លោក​Justin Trudeau បានប្រកាសថា​កាណាដា​នឹង​បិទ​ព្រំដែន​មិនឲ្យ​អ្នកដំណើរ ដែល​មិនមែនជា​ពលរដ្ឋ​ឬ​អ្នកស្នាក់នៅ​អចិន្ដ្រៃយ៍​នៅ​កាណាដា​ចូល​ឡើយ​។ មន្ដ្រី​កាណាដា​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំងអស់​នៅ​បរទេស ត្រូវ​ត្រឡប់មកវិញ​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។ អ្នក​ដែល​ធ្លាប់បាន​ទៅ​ខេត្ដ​ហ៊ួ​ប៉ី អ៊ីតាលី ឬ​អ៊ីរ៉ង់ តម្រូវឲ្យ​នៅ​ដាច់ដោយឡែ​ក​១៤​ថ្ងៃ​។​

​រុស្ស៊ី

​រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់ថា បានសម្រេច​ហាមឃាត់​មិនឲ្យ​ជនបរទេស​ទាំង​អស់ចូល​ប្រទេ​សឡើយ ចាប់ផ្ដើម​អនុវត្ដ​ពី​ថ្ងៃទី​១៨​មីនា​។ នាយករដ្ឋមន្ដ្រី​Mikhail Mishustin​បានប្រកាស​ការសម្រេចចិត្ដ​កាលពី​ថ្ងៃ​ចន្ទ ដោយ​ហាមឃាត់​រាល់​អ្នកដំណើរ​បរទេស​ទាំងអស់ ចាប់ពី​ថ្ងៃទី​១៨​មីនា​រហូតដល់​ថ្ងៃទី​០១​ឧសភា​។ ប៉ុន្ដែ​បម្រាម​នេះ​មិន​ដាក់​លើ​មន្ដ្រី​ទូត ឬ​ជនបរទេស​ស្នាក់នៅ​អចិន្ដ្រៃយ៍​ក្នុងប្រទេស​រុស្ស៊ី​ទេ រួមទាំង​អ្នកបើកបរ​និង​អ្នក​បម្រើកា​រលើ​យន្ដហោះ​និង​នាវា ក៏ដូចជា​អ្នកបើកបរ​រថយន្ដ​ដឹកទំនិញ​ផងដែរ​។​

​អា​រ៉ាប៊ីសាអូឌីត

​អ្នក​ដែល​បាន​ទៅ​ឬ​ឆ្លងកាត់​ប្រទេស​និង​ដែនដី​មួយចំនួន​ដូចជា ចិន តៃវ៉ាន់ ជី​ប៊ូ​ទី អេ​ហ្ស៊ី​ប អេ​រី​ត្រៀ អេត្យូ​ពី បារាំង អាល្លឺម៉ង់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អ៊ីតាលី កេន​យ៉ា កូរ៉េខាងត្បូង គុយ​វ៉ែត លី​បង់ ម៉ា​កាវ អូ​ម៉ង់ ប៉ា​គី​ស្ថាន ហ្វីលីពីន ស៊ូ​ម៉ាលី ស៊ូដង់​ខាងត្បូង អេ​ស្ប៉ាញ ស្រីលង្កា ស៊ូដង់ ស៊ី​រី តួ​ក​គី ឬ​អារ៉ាប់​រួម ត្រូវបាន​ហាមឃាត់​មិនឲ្យ​ចូល​អារ៉ាប៊ីសាអូឌីត​ឡើយ លើកលែងតែ​ពលរដ្ឋ​អា​រ៉ាប៊ីសាអូឌីត​ប៉ុណ្ណោះ​។​

​តួ​ក​គី 

​អ្នក​ដែល​ធ្លាប់បាន​ធ្វើដំណើរ​ឬ​ឆ្លងកាត់​ប្រទេស​អូទ្រីស បែលហ្ស៊ិក ចិន ដា​ណឺ​ម៉ាក បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីតាលី ហូ​ឡង់ ន័​រវ៉េ អេ​ស្ប៉ាញ កូរ៉េខាងត្បូង និង​ស៊ុយ​អ៊ែត ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​មុន មិនត្រូវ​បាន​អនុញ្ញាតឲ្យ​ចូលឬ​ឆ្លងកាត់​ប្រទេស​តួ​ក​គី​ដាច់ខាត​។​

​អង់គ្លេស

​ការិយាល័យ​កិច្ចការបរទេស​អង់គ្លេស បាន​ណែនាំ​ប្រឆាំងនឹង​ការធ្វើដំណើរ​ទៅកាន់​តំបន់​ទាំងអស់ ពិសេស​គឺ​ទៅកាន់​ប្រទេស​អ៊ីតាលី អេ​ស្ប៉ាញ ទីក្រុង​ដែ​ហ្គូ ទីក្រុង​ចឹង​ទូ និង​ខ្យឹង​សាន​របស់​កូរ៉េខាងត្បូ​ង និង​ប្រទេស​អ៊ីរ៉ង់​។ 

​បារាំង

​ប្រធានាធិបតី​បារាំង​បានប្រកាសថា ការធ្វើសកម្មភាព​នានា​នឹងត្រូវ​កាត់បន្ថយ​ក្នុង​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃទី​១៧​មីនា​នេះ​ទៅ​។ ប្រជាជន​នឹងមិន​អនុញ្ញាតឲ្យ​ចេញពី​ផ្ទះឡើយ ដូចជា​ទៅ​ដើរ​កម្សាន្ដ ទៅ​ផ្សារ​ទំនើប​ជាដើម​។ ហាង​កាហ្វេ ភោជនីយដ្ឋាន រោងកុន និង​ហាង​ភាគច្រើន​ត្រូវ​បិទទ្វារ រួមទាំង​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​សំខាន់ៗ​។ បារាំង​រួម​នឹង​អឺរ៉ុប​បានប្រកាស​បិទ​ព្រំដែន​ជាមួយ​បរទេស​៣០​ថ្ងៃ​។​

​អាល្លឺម៉ង់​

​អាល្លឺម៉ង់​បាន​បិទ​ព្រំដែន​មួយចំនួន​ជាមួយ​ប្រទេស​បារាំង ស្វីស អូទ្រីស លុច​ហ្សាំ​បួ​រ និង​ដា​ណឺ​ម៉ាក​កាលពី​ថ្ងៃ​ចន្ទ​។​

​អេ​ស្ប៉ាញ

​ប្រទេស​នៅ​អឺរ៉ុប​ទី​ពីរ​ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​មួយ​នេះ ក៏បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ក្នុងពេល​២​សប្ដាហ៍ និង​ហាម​មិនឲ្យ​ពលរ​ដ្ឋចេញ​ក្រៅផ្ទះ លើកលែងតែ​ចេញទៅ​ទិញ​សម្ភារ​ប្រើប្រាស់​ដែល​ចាំបាច់ ឬ​ចេញទៅ​ធ្វើការ​។​

អ៊ីតាលី

​អ៊ីតាលី​បានប្រកាស​បិទ​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ផងដែរ​ចំពោះ​អ្នកដំណើរ​។ 

​សរុបមក​ក្រៅពី​ប្រទេស​ដែល​បាន​រៀបរាប់​ទាំងអស់នេះ នៅមាន​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ដែល​កំពុង​ចាត់វិធានកា​រលើ​ការធ្វើដំណើរ ដោយ​គិតថា​ជា​មធ្យោបាយ​ចម្បង​មួយ​សម្រាប់​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩៕

ព័ត៌មានផ្សេងទៀត