និស្សិត​មួយក្រុម​បង្កើត​“Speaker ក្អម​”​ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ជាតិ​

17-03-2020 5:03 pm 175

​សិស្ស​និស្សិត​សាលា​STEM មួយក្រុម បាន​បង្កើត​នូវ​ឧបករណ៍​Speaker ដែល​មានឈ្មោះ​ថា Speaker​ក្អម​។ Speaker​ក្អម បង្កើតឡើង​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ របស់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ឆ្នាំង និង​ជា​ការបំពេញ​នូវ​ក្តី​ស្រ​ម៉ៃ កាលពី​នៅ​ក្មេង ដែល​ធ្លាប់​ដាក់​ឧបករណ៍​Speaker​ចូលទៅ​ក្នុង​ក្អម ដើម្បី​ឲ្យ​វាលឺ​សំឡេង​ខ្លាំង និង​ពិរោះ​។ ចង់ដឹងថា តើ​Speaker​ក្អម មាន​លក្ខណៈ​ពិសេស​យ៉ាងណាខ្លះ​នោះ​? សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​បច្ចេកវិទ្យា​៖

​នេះ​ជា​គំនិត​ច្នៃប្រពិត ប្លែក និង​ជា​មោទនភាព​មួយ សម្រាប់​សិស្ស​និស្សិត​សាលា​STEM នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បាន​បង្កើត​ក្អម ទៅ​ជា​ឧបករណ៍​បំពង​សម្លេង ឬ​ហៅ​ថា “Speaker ក្អម​”​។​
​លោក ឃ​ន វាសនា សិក្សា​នៅតេ​បាតឺ​ម៉ង់​វិស្វកម្ម​ទូរគមនាគម​ន៍ និង​អេឡិចត្រូនិក ឆ្នាំ​ទី​៤  នៃ​មហាវិទ្យាល័យ​វិស្វកម្ម នៅក្នុង​សក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានបញ្ជាក់​ថា Speaker ក្អម នេះ​គឺជា​ការបង្កើត​ដោយ​ខ្លួនឯង​ផ្ទាល់ មិនមែន​ជា​ការ​ដោះយក​Speaker ដែល​ដាក់​លក់​នៅ​ទីផ្សារ មក​ដាក់​នៅក្នុង​ក្អម ដើម្បី​ឲ្យ​លឺ​សំឡេង​នោះទេ​។​

​និស្សិត​រូបនេះ បានឲ្យដឹងថា គោលបំណង​នៃ​ការបង្កើត​Speaker​ក្អម​នេះ ផ្តើមចេញ​ពី​និស្សិត​ស្រី​ម្នាក់ មកពី​ខេត្ត​កំពង់ឆ្នាំង ស្រប​តាម​មុខវិជ្ជា​សិក្សា​ផ្នែក​អេឡិចត្រូនិក ហើយ​អ្វី​ដែល​ពិសេស​នោះ ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ​។​

Speaker​ក្អម ត្រូវបាន​បង្កើតឡើង​ត្រឹម​តែ​រយៈពេល​២​សប្តាហ៍​ប៉ុណ្ណោះ​។ វា​មាន​កុងតាក់​បិទ​បើក និង​Volume សំឡេង ដូច​ទៅ​នឹង​Speaker ផ្សេង​ដទៃទៀត គ្រាន់​តែ​វា​នៅ​មិនទាន់​មាន​គុណភាព​សម្លេង​ស្តង់ដារ​នៅឡើយ​។​

​សម្រាប់​ទៅ​ថ្ងៃ​អនាគត លោក​ឃ​ន វាសនា ចង់​បង្កើត​Speaker​ក្អម​នេះ ឲ្យ​កាន់តែ​មាន​គុណភាព ដូច​ជា​ការ​បំពាក់​ប្រព័ន្ធ​ប្ល៊ូ​ធូស និង​ភ្លើងពណ៌ ដើម្បីឲ្យ​មាន​សោភណ្ឌភាព​ផង​ដែ​រ​។ ម្យ៉ាងវិញទៀត Speaker​ក្អម​នេះ អាច​នឹង​មាន​ការចាប់​អារម្មណ៍​ច្រើន ពី​អតិថិជន ដោយសារ​វា​ប្លែក ពិសេស​សម្រាប់​ដាក់​តាំង​លម្អ នៅ​ហាង​លក់​Speaker​ជាដើម​៕
 

ព័ត៌មានផ្សេងទៀត