លោកហ៊ុនសែន៖បញ្ហាជំងឺបង្កឡើងដោយកូវីដ១-៩ គឺជាបញ្ហា ដែលយើងអាចគ្រប់គ្រងបាន

17-03-2020 1:05 pm 229

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបន្តលើកឡើងថា បញ្ហាជំងឺបង្កឡើងដោយវីរុសកូវីដ-១៩ គឺជាបញ្ហាដែលរដ្ឋាភិបាលអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះគឺបញ្ហាជំងឺភ័យខ្លាច។ ការលើកឡើងនេះគ្រាដែលលោកហ៊ុន សែនបានទទួលជួបពិភាក្សាការងារ ជាមួយលោកតាកាហាស៊ី ហ្វ៊ូមីអាគីប្រធានសមាគមជប៉ុន-កម្ពុជានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើយោងតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន។

លោកតាកាហាស៊ី បានអំណរគុណចំពោះលោកនាយករដ្ឋមន្រ្ដីហ៊ុនសែន ដែលបានអនុញ្ញាតឲ្យនាវា Westerdamបានចូលចតនៅក្រុងព្រះសីហនុ កាលពីពេលកន្លងទៅនេះ ដែលនៅលើនាវានោះក៏មានជនជាតិជប៉ុនផងដែរ។ ជនជាតិជប៉ុនទាំងនោះ ក៏បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញដោយសេចក្ដីសុខ។

ប្រធានសមាគមជប៉ុន-កម្ពុជាបានឲ្យដឹង ថា ប្រតិភូដែលរូបលោកនាំមកកម្ពុជាពេលនេះ គឺជាប្រតិភូអ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹក នៅក្នុងការវិនិយោគនៅក្នុងកម្ពុជា ដែល ទី១.លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មីដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច,ទី២.ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាតកាយ,ទី៣.គឺការជំរុញការវិនិយោគពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យមានភាពសកម្មឡើងថែមទៀត។

ជាការឆ្លើយតបលោកហ៊ុន សែន បានជម្រាបជូនប្រតិភូជប៉ុន អំពីស្ថានភាពជាទូទៅនៃជំងឺបង្កឡើងដោយវីរុសកូវីដ-១៩ ដែលទើបតែនឹងកើតឡើងនៅកម្ពុជា នារយៈពេលថ្មីៗនេះប៉ុណ្ណោះ។ លោកហ៊ុនសែន បានមានប្រសាសន៍ថា”បញ្ហាជំងឺបង្កឡើងដោយវីរុសកូវីដ-១៩នេះ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច”។

ជាមួយគ្នានេះលោកហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូ អំពីវិធានការទប់ស្កាត់បញ្ហាក្នុងករណី ដែលមានជំងឺកូវីដនេះ ដោយរយៈពេលខ្លី៦ខែ និងរយៈពេលវែង ដោយរដ្ឋាភិបាលកម្ពុជា បានមានផែនការរួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហាជំងឺនេះ ក្នុងករណីដែលជំងឺនេះនៅមានក្នុងរយៈពេលវែងឬក៏ខ្លីនៅកម្ពុជា និងនៅលើពិភពលោក។

ជាចុងក្រោយលោកហ៊ុន សែនបញ្ជាក់ថារូបលោកស្វាគមន៍ អ្នកវិនិយោគដែលកំពុងវិនិយោគនៅកម្ពុជា និងអ្នកវិនិយោគ ដែលទើបមកជួបរូបលោកនាពេលនេះ និងសុំកុំឲ្យមានការភ័យបារម្ភអ្វីលើបញ្ហា ដែលកំពុង តែជួបប្រទះនេះ ព្រោះកម្ពុជាគឺកំពុងតែមានវិធានការទប់ស្កាត់ហើយ៕ 

ព័ត៌មានផ្សេងទៀត