លោកត្រាំអំពាវនាវឲ្យពលរដ្ឋខ្លួនផ្អាកការជួបជុំនិងផ្អាកទៅកន្លែងសាធារណៈ

17-03-2020 12:18 pm 539

​សេត​វិមាន​អាមេរិក​បាន​ប្រកាស​ដល់​ប្រពល​រដ្ឋ​របស់​ខ្លួន ហាម​មិន​ឲ្យមាន​ការជួបជុំ​គ្នា ដែល​មាន​មនុស្ស​ចាប់ពី​១០​នាក់​ឡើងទៅ និង​បាន​អំពាវនាវ​ឲ្យ​មនុស្សវ័​យ​ចំណាស់​ស្នាក់នៅ​ក្នុង​ផ្ទះ ដើម្បី​ជា​វិធានការ​ក្នុង​ការទប់ស្កាត់​ចំពោះ​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​១៩(COVID-19)​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​CNN នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២០​។​

​តាមរយៈ​សន្និសីទ​កាសែត​នៅក្នុង​សេត​វិមាន​លោក​ដូណាល់ ត្រាំ បាន​ព្រមាន​ពី​ការ​រាលដាល​ពី​សំណាក់​វីរុស​កូវី​ដ​១៩​ថ្មីៗ​នៅក្នុង​សហរដ្ឋអាមេរិក ហើយ​លោក​បាន​ស្នើឲ្យ​ពលរដ្ឋ​អាមេរិកទាំង​អស់ចូល​រួម​ទប់ស្កាត់​ចំពោះ​បញ្ហា​នេះ​។ ជាក់ស្ដែង លោក​ត្រាំ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ត្រូវ​ស្នាក់នៅ​ក្នុង​ផ្ទះ ជៀសវាង​ទៅ​កន្លែង​ដែល​មាន​មនុស្សម្នា​ច្រើន មានដូចជា បារ​កម្សាន្ត កន្លែងហាត់ប្រាណ ​ភោជនីយដ្ឋាន ឬទីសាធារណៈ​ផ្សេងៗ​។ 

​ការអំពាវនាវ​របស់​លោក​ត្រាំ ធ្វើឡើង​បន្ទាប់​ពី​វីរុស​កូវី​ដ​១៩ បាន​បង្អាក់​ដល់​ដំណើរការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក​។ ជាមួយគ្នានេះ​ដែរ​សាលារៀន​ប្រមាណ ៦៤,០០០ ក្នុង​រដ្ឋ​ចំនួន ៣៣ បាន​បិទទ្វារ​បណ្ដោះអាសន្ន ក្នុងនោះ​មាន​រដ្ឋ​ញូវយ៉ក និង​រដ្ឋ​ឡូ​ស​អែន​ជេ​លេស ដែល​ជា​រដ្ឋ​មាន​សាលារៀន​ច្រើន​ជាង​គេ​។ ចំណែកឯ​ការបិទទ្វារ​សាលារៀន​នៅ​រដ្ឋ​ទាំង​៣៣​នេះ​ទៀតសោត បាន​ធ្វើឲ្យ​ប៉ះពាល់​ការសិក្សា​របស់​សិស្ស​ប្រមាណ ៣២,៥​លាន​នាក់​ឯណោះ​។ ក្រៅពីនេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​ការងា​ររបស់​កម្មករ​ជាច្រើន ដែល​ត្រូវ​ប្រឈម​នឹង​ការបាត់បង់​ប្រាក់កម្រៃ​យ៉ាងច្រើន​។​

​ដោយឡែក​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​របស់​អាមេរិក​វិញ កំពុង​ប្រឈម​នឹង​ការខាតបង់​យ៉ាងច្រើន ហើយ​លោក​ត្រាំ​បាន​អះអាង​ថា​រដ្ឋាភិបាល​អាមេរិក​ត្រូវ​គ្រោង​កញ្ចប់​ថវិកា​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​។​

​គួរ​ជម្រាប​ថា គិត​មក​ទល់​ពេល​នេះ​វីរុស​កូវី​ដ​១៩(COVID-19) បាន​សម្លាប់​មនុស្ស​ក្នុង​សហរដ្ឋ​អាមេរិក​ចំនួន ៦៨​នាក់​ហើយ និង​ករណី​ឆ្លង​កើន​ដល់ ៣,៤៨៧​ករណី​៕

ព័ត៌មានផ្សេងទៀត