សហរដ្ឋអាមេរិកបានយកវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាឬកូវីដ-១៩ ទៅចាក់ធ្វើតេស្ដសាកល្បងលើមនុស្សលើកដំបូងហើយ។ នេះបើតាមការបញ្ជាក់ពីមន្ដ្រីអាមេរិកកាលពីថ្ងៃចន្ទ។ ដំណើរការនេះបានក្លាយជាក្ដីសង្ឃឹមមួយសម្រាប់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាដែលកំពុងរាតត្បាតស្ទើរពេញពិភពលោក។ ប៉ុន្ដែទោះបីជាមានការធ្វើតេស្ដលើមនុស្សនៅពេលនេះ យ៉ាងហោចណាស់ក៏ត្រូវចំណាយពេលដល់១៨ខែទៀតដែរ ទើបវ៉ាក់សាំងអាចដាក់ឲ្យប្រើប្រាស់ជាសាធារណៈបាន មានន័យថាត្រូវឆ្លងកាត់ការពិសោធច្រើនដំណាក់កាលទៀត។
វ៉ាក់សាំងនេះមានឈ្មោះថាmRNA-1273 ស្រាវជ្រាវនិងបង្កើតឡើងដោយអ្នកវិទ្យាសាស្ដ្រនៃវិទ្យាស្ថានសុខភាពជាតិ និងសហការីនៅក្រុមហ៊ុនជីវបច្ចេកវិទ្យាModerna។ ការពិសោធនឹងធ្វើឡើងទៅលើមនុស្សស្ម័គ្រចិត្ដដែលមានសុខភាពល្អចំនួន៤៥នាក់ អាយុចន្លោះពី១៨ដល់៥៥ឆ្នាំ ក្នុងរយៈពេល៦សប្ដាហ៍រៀបចំតាមដំណាក់កាល។
តាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិតJohn Tregoning អ្នកជំនាញផ្នែកជំងឺឆ្លងទៅមហាវិទ្យាល័យImperialក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេស វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងតាមស្ដង់ដាខ្ពស់ណាស់ ប្រើប្រាស់សារធាតុដែលដឹងមុនថាមានសុវត្ថិភាពសម្រាប់មនុស្ស។ ចំពោះអ្នកដែលចូលរួមក្នុងការសាកល្បងក៏មានការត្រួតពិនិត្យយ៉ាងល្អិតល្អន់បំផុត។ លោកសង្កត់ធ្ងន់ថាការពិសោធពិតណាស់ថាវាលឿន ប៉ុន្ដែវាជាការប្រណាំងប្រជែងប្រឆាំងនឹងវីរុស មិនមែនប្រឆាំងនឹងអ្នកវិទ្យាសាស្ដ្រដូចគ្នាទេ។ ម្យ៉ាងនេះគឺជារឿងដែលត្រូវធ្វើដើម្បីជាប្រយោជន៍សម្រាប់មនុស្សជាតិ។
ចំពោះប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទកាសែតថា លោកសូមកោតសរសើរដែលការស្រាវជ្រាវដំណើរការយ៉ាងឆាប់រហ័ស។ គួរបញ្ជាក់ផងដែរថា កន្លងមកអ្នកជំនាញចិនធ្លាប់បានប្រកាសពីថ្នាំដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងវីរុសកូរ៉ូណា ក្នុងនោះមានថ្នាំប្រឆាំងជំងឺគ្រុនចាញ់ជាដើម ប៉ុន្ដែរហូតមកដល់ពេលនេះនៅពុំទាន់មានប្រភេទថ្នាំ ឬវ៉ាក់សាំងណាមួយត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈនោះទេ ដោយអ្នកវិទ្យាសាស្ដ្រជាច្រើនក្រុមកំពុងសិក្សាស្រាវជ្រាវ៕