ថៃ​ពន្យារពេល​រៀបចំ​បុណ្យចូលឆ្នាំ​ដោយសារកូ​វីដ​១៩​កាន់តែ​រាលដាល​ខ្លាំង​

17-03-2020 9:41 am 169

​ប្រទេស​ថៃ​កំពុង​ត្រៀម​នឹង​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស ចំពោះ​ការ​រាតត្បាត​ដ៏​ខ្លាំង​ពី​សំណាក់​វីរុស​កូវី​ដ​១៩(COVID-19) ខណៈ​វីរុស​ថ្មី​នេះ​បាន​រាលដាល​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​CNA នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២០​។​

​បើ​តាម​ការបញ្ជាក់​របស់​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក​វី​ស​សា​នុ គ្រេ​ង៉ាម​(Wissanu Krea-ngam) បាន​អះអាង​ថា ប្រទេស​ថៃ​នឹង​​រង​នូវ​ការវាយប្រហារ​កាន់តែ​ធ្ងន់ធ្ងរ​ ដែលជា​កត្តា​​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ថៃ​ត្រូវ​រៀបចំ និង​បង្កើត​នូវ​វិធានការ​ថ្មី ក្នុង​ការទប់ស្កាត់​ចំពោះ​វីរុស​សកល​មួយ​នេះ​។ តួ​យ៉ាង​វិធានការ​សំខាន់ៗ​មួយចំនួន​កំពុង​ដាក់​ស្នើ​ទៅកាន់​ថ្នាក់ដឹកនាំ​ប្រទេស ដោយ​ឆ្លងកាត់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​អង្គារ៍​នេះ​។​

មិន​តែ​ប៉ុណ្ណោះ​ទេ​នៅក្នុង​ប្រទេស​ថៃ សូម្បី​តែ​ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​ខ្លួន​ដែល​ថៃ​ហៅថា «​សង្ក្រាន្ត​» ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ចន្លោះ​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ក៏​នឹង​ត្រូវ​ពន្យារពេល​។ ជាមួយគ្នានេះ សាលារៀន ក្លឹប​កម្សាន្ត រោងភាពយន្ត សង្វៀន​ប្រដាល់ និង​កន្លែង​ដែល​ប្រមូលផ្តុំ​មនុស្សម្នា​ជាច្រើន​ត្រូវបាន​បិទ​ជា​បន្តបន្ទាប់ ម្យ៉ាងទៀត​ប្រទេស​ថៃ ក៏​កំពុង​ជួបប្រទះ​នូវ​បញ្ហា​កង្វះ​ម៉ាស់​ការពារ​មុខ​ថែម​ទៀត​។​

​គួរ​ជម្រាប​ថា គិត​មក​ទល់​ពេល​នេះ​ប្រទេស​ថៃ​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩(COVID-19)​ចំនួន ១៤៧​ករណី​ហើយ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​ថៃ​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៣៣​ករណី​ថ្មី​បន្ថែមទៀត​៕

ព័ត៌មានផ្សេងទៀត