ដោយសារតែវិបត្ដិនៃវីរុសកូរ៉ូណាឬកូវីដ-១៩នៅក្នុងប្រទេសចិន ហាក់ដូចជាចុះខ្សោយជាងមុនគួរឲ្យកត់សម្គាល់ ប៉ុន្ដែកើនឡើងនៅតាមបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក ពេលនេះសាររបស់ទីក្រុងប៉េកាំងគឺថា ប្រទេសលោកខាងលិចដែលកំពុងជួបហានិភ័យខ្ពស់ គួរតែរៀនសូត្រពីប្រទេសចិនដើម្បីចាត់វិធានការទប់ស្កាត់ការរាតត្បាត។ នេះជាការកត់សម្គាល់របស់អ្នកជំនាញចិន។
អង្គការសុខភាពពិភពលោក(WHO)បានប្រកាសកាលពីចុងសប្ដាហ៍មុនថា អឺរ៉ុបគឺជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាតថ្មីមួយទៀត ហើយអាចគ្របដណ្ដប់លើករណីបានកើតឡើងនៅក្នុងប្រទេសចិនផង។ ការផ្ទុះឡើងក្នុងបណ្ដាប្រទេសនៅអឺរ៉ុបតួយ៉ាងមានអេស្ប៉ាញជាដើម បច្ចុប្បន្នកើនឡើងជិត៨ពាន់ករណីនិងស្លាប់ប្រមាណ៣០០នាក់ទៀត។ ក្រៅពីនេះមាននៅបារាំង នៅអ៊ីតាលី ក៏សុទ្ធជាប្រទេសផ្ទុះកាន់តែខ្លាំងនៃវីរុសកូរ៉ូណាឬកូវីដ-១៩។
រដ្ឋាភិបាលនៅបស្ចិមប្រទេសបានប្រញាប់ប្រញាល់ណែនាំពីវិធានការទប់ស្កាត់ ជាមួយការភ័យខ្លាចចំពោះការធ្លាក់ចុះសេដ្ឋកិច្ច ដែលកំពុងវាយលុកទីផ្សារហិរញ្ញវត្ថុពិភពលោក។ ចំនួនករណីនៅក្នុងបណ្ដាប្រទេសផ្សេងៗទៀតក្នុងពិភពលោក ឆាប់ៗខាងមុខអាចនឹងកើនឡើងលើសករណីសរុបនៅក្នុងប្រទេសចិន។ គណៈកម្មាធិការសុខាភិបាលជាតិចិនបាននិយាយថា ករណីឆ្លងសកម្មនៃវីរុសកូរ៉ូណាឬកូវីដ-១៩មានចំនួន១០,៧៣៤ករណីប៉ុណ្ណោះគិតត្រឹមថ្ងៃសៅរ៍សប្ដាហ៍មុន ដោយមានករណីថ្មីតែ២០ករណីទេក្នុងមួយថ្ងៃសៅរ៍នោះ ខណៈអ្នកចេញពីមន្ទីរពេទ្យវិញមានជាង១ពាន់នាក់រៀងរាល់ថ្ងៃ។
តាមរយៈការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ប្រទេសចិនបានរាយការណ៍ថាមានអ្នកឆ្លងសរុបចំនួនជាង៨ម៉ឺននាក់ ខណៈអ្នកឆ្លងទៅតាមបណ្ដាប្រទេសនានាបូកបញ្ចូលគ្នាមានជាង៧ម៉ឺននាក់។ នេះបើតាមអង្គការសុខភាពពិភពលោក។ បច្ចុប្បន្នចិនក៏កំពុងដកចេញនូវវិធានការទប់ស្កាត់មួយចំនួន ហើយផ្ដោតយកចិត្ដទុកដាក់លើការធ្លាក់ចុះការនាំចូលវិញ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយចិនបានផ្លាស់ប្ដូរពីការផ្ដោតអារម្មណ៍នៅក្នុងស្រុក ទៅចាប់អារម្មណ៍នៅក្រៅស្រុកវិញម្ដង។
ទូរទស្សន៍ចិនCGTNបានចុះផ្សាយថា ប្រទេសមួយចំនួនមិនបានដឹងគ្រប់គ្រាន់ទេពីភាពធ្ងន់ធ្ងរនៃការរាតត្បាតនេះ ហើយកិច្ចខិតខំប្រឹងប្រែងជាសកលទប់ស្កាត់ការឆ្លងក៏ធ្វើមិនទាន់បាននៅឡើយ។ ទូរទស្សន៍ដដែលបញ្ជាក់ថា ក្រុមវេជ្ជសាស្ដ្រចិនបានបង្ហោះព័ត៌មានពីការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជាសកល ប៉ុន្ដែពុំមានការយកចិត្ដទុកដាក់គ្រប់គ្រាន់ឡើយ។ អ្នកជំនាញនៃមន្ទីរពេទ្យក្នុងទីក្រុងណានជីង លោកQiu Haiboបាននិយាយថា លោកមានការព្រួយបារម្ភពីប្រទេសមួយចំនួន ដែលប្រទេសទាំងនោះប្រហែលជាត្រូវរៀនមេរៀនពីប្រទេសចិន។ មានការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដូច្នេះការរិះគន់នេះអាចជាការត្រៀមខ្លួនដ៏ល្អសម្រាប់បណ្ដាបស្ចិមប្រទេស៕