អ្នកនយោបាយ​និង​សមាគម​គ្រូបង្រៀន ស្នើ​រដ្ឋាភិបាល​ផ្អាក​ជន​ជាតិចិន​ចូល​កម្ពុជា​និង​ពង្រីក​វ៉ា​កង​ទូទាំងប្រទេស​

15-03-2020 5:49 pm 8400

​លោក​បណ្ឌិត​យ៉ង សាំង កុមារ​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​គាំទ្រ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការផ្អាក​ប្រជាជន​មកពី​បណ្តា​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែលជា​ក្រុម​ប្រទេស​កំពុង​ផ្ទុះ​វីរុស​កូរ៉ូណា​ខ្លាំង មិនឲ្យ​ចូល​ប្រទេស​កម្ពុជា ថា​ជា​វិធានការ​ល្អ​។ តែ​លោក​ស្នើ​បន្ថែម​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​ចិន ទោះបី​ស្ថានភាព​នៅ​ប្រទេស​ទាំងនេះ បាន​ធូរស្រាល​ក៏ដោយ​។​

​មិន​ខុសពី​លោក​បណ្ឌិត​យ៉ង សាំង​កុមារ លោក​ពេជ្រ ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​នៃ​ឧត្តមក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់យោបល់​ឯណេះ​វិញ ក៏បាន​គាំទ្រ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ដែរ បើទោះបីជា​ហាក់​យឺត​ពេល​ទៅហើយ​ក៏ដោយ​។ ស្ទើរតែ​យឺត​ពេល ដោយសារ​រដ្ឋាភិបាល​ទើបតែ​ចេញ​បម្រាម ត្បិត​វីរុស​កូរ៉ូ​ណាបាន​រាតត្បាត​ទូទាំង​ពិភពលោក​រួចទៅហើយ​។ ចន្លោះពេល​មាន​ការចេញចូល​កម្ពុជា​ដោយ​សេរី មិនដឹងថា អ្នកដំណើរ​ណាខ្លះ មាន​ផ្ទុក​វីរុស​កូរ៉ូណា​ឬ​ក៏អត់​។ បន្ថែម​លើ​នោះ ប្រធាន​គណបក្សនយោបាយ​រូបនេះ បានស្នើ​ដាក់បញ្ចូល​ប្រទេស​ចិន និង​កូរ៉េខាងត្បូង ទៅក្នុង​ក្រុម​ប្រទេស​ចំនួន​៦ ដែល​រដ្ឋាភិបាល​បាន​ផ្អាក​ប្រជាពលរដ្ឋ​ប្រទេស​ទាំងនេះ ចូលក្នុង​ប្រទេស​កម្ពុជា​បណ្តោះអាសន្ន ព្រោះ​ប្រទេស​ទាំង​ពីនេះ ជា​ប្រទេស​ដែលមាន​ករណី​ស្លាប់​និង​ឆ្លង​ខ្ពស់ ជាពិសេស​ប្រទេស​ចិន ដែលមាន​អ្នកស្លាប់​និង​ឆ្លង​ច្រើនជាងគេ​ក្នុង​ពិភពលោក​………

​សំឡេង​លោក​ពេជ្រ ស្រស់​៖

​ប្រធាន​កណ​បក្ស​យុវជន​កម្ពុជា ស្នើ​រដ្ឋាភិបាល​គួរ​បន្តឹង​វិធានការ​ជាង​នេះ​បន្ថែមទៀត តាមរយៈ​ការបិទទ្វារ​ក្លឹប​កម្សាន្ត​ពេល​រាត្រី​មួយរយៈ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​កូរ៉ូណា​។ លោក​ថា​ក្លឹប​កម្សាន្ត​ពេល​រាត្រី ជា​កន្លែង​ពេញនិយម​សម្រាប់​ជនបរទេស ចូល​លេង​កម្សាន្ត​សប្បាយ ហើយ​ដូច​លោក​បានលើកឡើង​ពី​ខាងដើម​ថា មិនដឹង​ជនជាតិ​ណាខ្លះ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ឬ​ក៏អត់ នៅពេល​ពួកគេ​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា មុន​រដ្ឋាភិបាល​ដាក់​វិធានការ​ហាមឃាត់ ………

​សំឡេង​លោក​ពេជ្រ ស្រស់៖

​ពាក់ព័ន្ធ​នឹង​វិធានការ​ក្នុងស្រុក​ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ លើកដំបូង​ក្រោយ​រកឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ក្នុងប្រទេស​កម្ពុជា មាន​ការអនុញ្ញាតឲ្យ​វ៉ា​កងតូច​មុន​កំណត់សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ចាប់ពី​នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២០​នេះ រហូតដល់​ថ្ងៃ​ចូលរៀន​វិញ​។ វិធានការ​មួយ​នេះ អ្នកស្រី​អ៊ុក ឆាយ៉ា​វី​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​គាំទ្រ​។ តែ​អ្នកស្រី​ស្នើឲ្យ​ពង្រី​កការ​វ៉ា​កងតូច​មុនកំណត់ ទូទាំងប្រទេស​តែម្តង ព្រោះ​ក្រៅពី​ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​ប្រភេទ​ថ្មី​កូរ៉ូណា ក៏​ដើម្បី​ការពារ​សុខភាព​ផ្សេងៗ​ទៀត សម្រាប់​សិស្សានុសិស្ស​នា​រដូវក្តៅ ដែល​បច្ចុប្បន្ន​កម្តៅថ្ងៃ​បាន​កើនឡើង​ខ្លាំង​ខុសពី​ធម្មតា​……

សំឡេង​អ្នកស្រី​អ៊ុក ឆាយ៉ា​វី៖

​អ្នកស្រី​អ៊ុក ឆា​យ៉ាវី​បន្ថែម​…………

​សំឡេង៖

​កាលពី​ថ្ងៃទី​១៤​ខែ​មីនា ពោល​បន្ទាប់ពី​រកឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​បន្តបន្ទាប់​នៅ​ខេត្តសៀមរា​ប និង​លើ​អ្នកដំណើរ​បរទេស​នៅក្នុង​នាវា នៅ​ខេត្តកំពង់ចាម និង​រាជធានី​ភ្នំពេញ ដំបូង​រដ្ឋាភិបាល​បាន​ដាក់ចេញ​វិធានការ​ទប់ស្កាត់​លំហូរ​ជនបរទេស​មកពី​ប្រទេស​ចំនួន​៥ រួមា​នប្រទេស​អ៊ីតាលី​,​អាល្លឺម៉ង់​,​អេ​ស្ប៉ាញ​,​បារាំង​,​និង​អាមេរិក និង​ទើបតែ​បន្ថែម​ប្រទេស​អ៊ីរ៉ង់​តាម​ក្រោយ​នៅ​ថ្ងៃទី​១៥​ខែមីនា​នេះ ទៅក្នុង​ក្រុម​ប្រទេស​ដែល​ហាមឃាត់​ធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា​រយៈពេល​៣០​ថ្ងៃ​។ ដាក់​បម្រាម​លើ​ប្រទេស​ទាំង​៦ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត ខណៈ​ប្រទេស​ទាំងនេះ​កំពុង​ផ្ទុះ​រាលដាល​នៃ​វីរុស​កូរ៉ូណា​ខ្លាំង​។ ចំណែក​ប្រទេស​ចិន ត្បិត​មាន​ករណី​ឆ្លង​និង​ស្លាប់​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក ប៉ុន្តែ​មិន​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ដាក់បញ្ចូល​ក្នុង​ចង្កោម​ប្រទេស ដែល​ហាម​ចូល​កម្ពុជា​ឡើយ​។ ពុំមាន​ប្រទេស​ចិន ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​នៅ​ក្នុងឱកាស​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅក្នុង​ខេត្តបាត់ដំបង នា​ល្ងាច​ថ្ងៃទី​១៤ ខែ​មីនា ថា​ករណី​ឆ្លង​និង​ស្លាប់​នៅ​ចិន​បាន​ធ្លាក់ចុះ​ហើយ​។ បន្ថែម​លើ​នោះ បន្ទាប់ពី​រំដោះខ្លួន​ចេញពី​ការ​រួត​រិត​ដោយ​វីរុស​កូរ៉ូណា ចិន​ក៏បាន​ផ្តល់ជំនួយ​ទៅកាន់​ប្រទេស​ផ្សេងៗ ដែល​កំពុង​ធ្លាក់ខ្លួន​រងគ្រោះ ទាំង​គ្រូពេទ្យ​និង​គ្រឿង​បរិក្ខារ​ផ្នែក​វេជ្ជសាស្ត្រ​។​

​គួរ​ជម្រាបជូន​ថា គិត​ត្រឹម​ថ្ងៃទី​១៥​ខែមីនា​ករណី​វីរុស​កូរ៉ូ​ណានៅ​កម្ពុជា មាន​ចំនួន​សរុប​៨​ករណី​។ នៅ​ក្នុងនោះ​១​ករណី ជនជាតិខ្មែរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប និង​៧​ករណី​ទៀត​ជា​ជនបរទេស​មាន​សញ្ជាតិ​ផ្សេងៗ​គ្នា រួមមាន​១​ករណី​ជន​ជាតិចិន​មកពី​វូ​ហាន បាន​ព្យាបាល​ជា​សះ ស្បើយ នៅ​ខេត្ត​ព្រះសីហនុ​, ៣​ករណី​ជនជាតិ​អង់គ្លេស (​ស្រី​២​ករណី ប្រុស​១​ករណី​) កំពុង​សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​, ២​ករណី​រកឃើញ​លើ​ជនជាតិ បែ​ល​ហស្សិ​ក​ម្នាក់​និង​ជនជាតិ​កាណាដា​ម្នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ និង​១​ករណី​ថ្មី​ទៀត​ដែល​ក្រសួង​សុខាភិបាល ទើបតែ​ប្រកាស រកឃើញ​លើ​ជនជាតិ​បារាំង​ម្នាក់​ធ្វើដំណើរ​មកពី​ប្រទេស​សិង្ហ​បុរី​។

ដោយឡែក គិត​ត្រឹម​ថ្ងៃទី​១៤​ខែមីនា​នោះ​ផងដែរ វីរុស​កូរ៉ូ​ណាបាន​ពង្រីក​ខ្លួន​យ៉ាង​រស់​រវើក ទៅកាន់​ប្រទេស​ជាង​១០០​នៅក្នុង​ពិភពលោក ដោយ​បានសម្លាប់​មនុស្ស​ជិត​៦​ពាន់​នាក់ និង​ឆ្លង​ជាង​១៥​ម៉ឺន​នាក់​។ ទន្ទឹមនឹង​ករណី​ឆ្លង​និង​ស្លាប់​កើនឡើង​ទូទាំង​ពិភពលោក ក៏មាន​ករណី​ព្យាបាល​បាន​ជាសះស្បើយ​វិញ​ចំនួន​ជាង​៧៥,០០០​នាក់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត