ជនបរទេសមកពីប្រទេសអ៊ីរ៉ង់ ត្រូវហាមមិនឲ្យចូលមកកាន់កម្ពុជារយៈពេល៣០ថ្ងៃ

15-03-2020 8:09 am 226

យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយលោកម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា យោងតាមរបាយការណ៍ស្ថាន ភាពរាតត្បាតនៃវីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោកលេខ៥២ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានបង្ហាញថា នៅលើសកលលោក មានប្រទេសចំនួន១១៧ហើយ ដែលមានការរាតត្បាតវីរុសកូវីដ១៩។

នាពេលថ្មីៗនេះ ព្រះរាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា។ ដូចនេះក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីរ៉ង់ចូលមកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ។

ក្រសួងសុខាភិបាលកម្ពុជា សង្ឃឹមថាក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងជនបរទេសទាំងអស់ ចូលរួមអនុវត្តសេចក្ដីប្រកាសនេះ ឲ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ។ សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសអំពីការផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីតាលី,អាល្លឺម៉ង់,អេស្ប៉ាញ,បារាំង,និងអាមេរិកផងដែរ ដើម្បីទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា ខណៈប្រទេសទាំងនេះកំពុងរាតត្បាតខ្លាំងពីវីរុសកូវីដ១៩។

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី៦ កាលពីយប់ថ្ងៃទី១៤ ខែមីនា បានថ្លែងថា ការប្រកាសផ្អាកហាមមិនជនបរទេសមកពីប្រទេសចំនួន៦ខាងលើនេះ ចូលមកកាន់ប្រទេសកម្ពុជាមិនមែនជាការរើសអើងទេ តែជាវិធានការដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតខ្លាំងនៅក្នុងប្រទេសទាំងនោះ។

សូមជម្រាបថា គិតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានរកឃើញករណីជំងឺCOVID-19សរុបចំនួន៧ករណី -៦ករណីជាជនបរទេស និង១ករណី ជនជាតិខ្មែរ។ - ១ករណីជនជាតិចិន ភេទប្រុសអាយុ៦០ឆ្នាំ(ជាសះស្បើយ)។ -១ករណីជនជាតិខ្មែរភេទប្រុស អាយុ៣៨ឆ្នាំ មានសុខភាពល្អ កំពុងសម្រាកព្បាបាលនៅសៀមរាប។ -៣ករណី ជនជាតិអង់គ្លេស(ស្រី២ករណី ប្រុស១ករណី) ពួកគាត់គ្មានរោគសញ្ញាគួរឲ្យកត់សំគាល់ទេ និងមានសុខភាពល្អកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ -១ករណី ជនជាតិកាណាដា កំពុងសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។ និង-១ករណី រកឃើញនៅលើជនជាតិ បែលហស្សិក ហើយកំពុងសម្រាកព្បាបាលនៅរាជធានីភ្នំពេញ៕ 

 

ព័ត៌មានផ្សេងទៀត