ចិន​ថា​​អាមេរិក​​ជា​អ្នក​នាំ​​វីរុស​កូរ៉ូ​ណា​ឬកូវី​ដ​-១៩​​ចូលក្នុង​ទីក្រុង​​វូ​ហាន​

14-03-2020 4:48 pm 650

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​Zhao Lijian បាន​សរសេរ​សារ​បង្ហោះ​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​កាលពី​ថ្ងៃ​សុក្រ​ថា វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​គឺ​យោធា​អាមេរិក​ជា​អ្នក​នាំយក​ចូលទៅក្នុង​ទីក្រុង​វូ​ហាន ជា​ទីក្រុង​របស់​ចិន​ដែល​ផ្ទុះ​វីរុស​នេះ​ដំបូង​គេ​។ តាមរយៈ​បណ្ដាញ​ធ្វី​ត​ទ័​រទាំង​ពីរ​របស់លោក លោក​Zhao​បាន​ទទូច​ឲ្យ​អ្នកគាំទ្រ​ជួយ​ចែករំលែក​ព័ត៌មាន​នេះ ព្រោះ​ដើមកំណើត​គឺ​កើតចេញពី​សហរដ្ឋអាមេរិក ជាជាង​សន្និដ្ឋានថា​កើតចេញពី​ផ្សារ​លក់​គ្រឿង​សមុទ្រ​និង​សាច់សត្វ​នៅក្នុង​ទីក្រុង​វូ​ហាន​។​

​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​បន្ថែមថា ពិតជា​រឿង​ភ្ញាក់ផ្អើល​ណាស់ដែ​លវា​បាន​ផ្លាស់ប្ដូរ​រឿង​ជាច្រើន​ដែល​លោក​ធ្លាប់​ជឿ​។ លោក​បាន​ចោទ​ជា​សំណួរ​នៅលើ​ធ្វី​ត​ទ័​រ​ថា តើ​អ្នកជំងឺ​ចាប់ផ្ដើម​ពី​ចំណុចសូន្យ​នៅពេលណា​? តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ឆ្លង​? តើ​មន្ទីរពេទ្យ​មានឈ្មោះ​អ្វី​? វា​ប្រហែលជា​យោធា​អាមេរិក​ដែលជា​អ្នក​នាំយក​វីរុស​នេះ​មក​ទីក្រុង​វូ​ហាន​។ ដូច្នេះ​សូម​ធ្វើឲ្យមាន​តម្លាភាព បង្ហាញ​ទិន្នន័យ​របស់​អ្នកជា​សាធារណៈ​។ អាមេរិក​នៅ​ជំពាក់​ការពន្យល់​ដ៏​ច្បាស់លាស់​មួយ​។​

​ការចោទប្រកាន់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​Zhao Lijian ផ្សារភ្ជាប់​ទៅនឹង​ការចូលរួម​របស់​កង​ទ័ព​អាមេរិក​នៅក្នុង​ការប្រកួត​កីឡា​យោធា​ពិភពលោក​មួយ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ទីក្រុង​វូ​ហាន​ខេត្ដ​ហ៊ួ​ប៉ី​ប្រទេស​ចិន​កាលពី​ខែតុលា​។ ព្រឹត្ដិការណ៍​កីឡា​នេះមាន​អ្នកចូល​ប្រកួតប្រជែង​ពី​ជាង​១០០​ប្រទេស​។ 

​ចំពោះ​ទីក្រុង​ប៉េកាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បានប្រកាស​កាន់តែខ្លាំង​ច្រានចោល​ទស្សនៈ​ដែលថា​វីរុស​កូរ៉ូ​ណាមាន​ដើមកំណើត​នៅក្នុង​ប្រទេ​សចិន ទោះបី​មាន​ករណី​ដំបូង​កើតឡើង​កាលពី​ខែធ្នូ​ក៏ដោយ​។ ចំណែក​ក្រុម​អ្នកស្រាវជ្រាវ​ចិន​ក៏​ធ្លាប់​បង្ហាញ​របាយការណ៍​ដែរថា វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នេះ​ពុំ​មែនមាន​ប្រភព​នៅក្នុង​ទីក្រុង​វ៉ូ​ហាន​ឡើយ គឺអាច​ចម្លង​មកពី​កន្លែង​ផ្សេង​ប៉ុន្ដែ​មិនបាន​បញ្ជាក់ថា​មកពីណា​ទេ​។ ការអះអាង​របស់​ក្រុម​ស្រាវជ្រាវ​ចិន ផ្អែកទៅលើ​ការសិក្សា​ពី​រយៈពេល​របស់​មនុស្ស​ដែល​ឈឺ​។ ក៏មាន​ពាក្យ​ចចាមអារ៉ាម​ទៀតថា វីរុស​កូរ៉ូណា​អាច​ត្រូវបាន​បង្កើតឡើង​នៅក្នុ​ង​មន្ទីរពិសោធន៍  ហើយ​បែក​ឆ្លា​យ​ចេញទៅ​ខាងក្រៅ​។ ប៉ុន្ដែ​ករណីនេះ​ក៏​ត្រូវបាន​អ្នកវិទ្យាសាស្ដ្រ​ច្រានចោល​។​

​គួរ​បញ្ជាក់ថា ទោះជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ចោទប្រកាន់​ដូច​បាន​រៀបរាប់​ខាងលើ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉េកាំង​បាន​បដិសេធចោល​ទាំងស្រុង​។ នៅពេលដែល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​ទប់ស្កាត់​ការរីក​រាលដាល​នៅ​អាមេរិក មន្ដ្រីជាន់ខ្ពស់​រួម​នឹង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ផង បាន​ចាត់ទុកថា​វីរុស​នេះ​ជា​វីរុស​មកពី​បរទេស​។ ចំណែក​លោក​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​បាន​ទាំង​ដាក់ឈ្មោះឲ្យ​ទៀតថា វា​គឺជា​វីរុស​ក្រុង​វូ​ហាន​ឬក៏​វីរុស​របស់​ចិន​៕

ព័ត៌មានផ្សេងទៀត