ក្រសួងការបរទេសឲ្យអគ្គកុងស៊ុលផ្អាកផ្ដល់ទិដ្ឋាការដល់ជនបរទេស៥ប្រទេស

14-03-2020 3:34 pm 289

ខណៈកម្ពុជាបានរកឃើញអ្នកផ្ទុកកូវីដ១៩ចំនួន៧ករណី ក្រសួងការបរទេស នៅថ្ងៃទី ១៤ ខែ មីនានេះ បានជូនដំណឹង ទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំនៅបរទេសទាំងអស់ ត្រូវផ្អាក និងមិនត្រូវផ្ដល់ទិដ្ឋាការ គ្រប់ប្រភេទដល់ជនបរទេសចំនួន៥ប្រទេស។ 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានបញ្ជាក់ថា ជនបរទេសទាំង ៥ប្រទេសរួមមាន៖ បារាំង អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។ ការសម្រេចនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់បម្រាម មិនឲ្យជនបរទេសមកពីប្រទេសទាំង៥ខាងលើ ចូលមកកម្ពុជាក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែ មីនា តទៅ។ រីឯ ទិដ្ឋាការដែលបានផ្ដល់រួចហើយដល់ជនបរទេស ដែលចេញមកពីប្រទេសទាំង៥ខាងលើ ស្ថានតំណាងទាំងអស់ត្រូវបង្វែរសងថ្លៃទិដ្ឋាការជូនទៅសាមីជនវិញ។

ដោយឡែក ពាក់ព័ន្ធនឹងការគ្រប់គ្រងដំណើរការ បំពេញការងារ របស់ស្ថានតំណាងកម្ពុជាទាំងអស់ នៅបរទេសវិញ ក្រសួងបានស្នើឲ្យឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិតិ្ដយស ដោយសម្រេចឲ្យធ្វើការតាមអនឡាញ ឬនៅការិយាល័យក្នុងករណីចាំបាច់ ទៅតាមសភាពការជាក់ស្ដែង នៃការចម្លងរាលត្បាតវីរុសកូវីដ១៩ នៅតាមប្រទេសនីមួយៗ៕ 

ព័ត៌មានផ្សេងទៀត