លោក​ដូណាល់ ត្រាំ​​ប្រកាស​អាសន្ន​​​​ទូទាំងប្រទេស​​ពី​វីរុស​កូរ៉ូណា

14-03-2020 10:03 am 410
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃទី​១៣​មីនា បានប្រកាស​ភាពអាសន្ន​ទូទាំងប្រទេស ដោយសារតែ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ប៉ុន្ដែ​សម្រាប់​ក្រុម​អ្នក​រិះគន់​វិញ​បាន​លើកឡើងថា លោក​ត្រាំ​ទំនងជា​ចង់យក​ឱកាស​នេះ ដើម្បី​ធ្វើតេស្ដ​ខ្លួន​លោក​ផ្ទាល់​ថា​មាន​ឆ្លង​វីរុស​កូរ៉ូណាឬ​អត់ ក្រោយ​លោក​បាន​ជួប​ជាមួយ​មនុស្ស​ដែល​ផ្ទុក​វីរុស​នេះ​។ 

​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​សេត​វិមាន​លោក​ត្រាំ​បញ្ជាក់ថា លោក​នឹង​ប្រើ​អំណាច​ពេញលេញ​របស់​រដ្ឋាភិបាល​សហព័ន្ធ ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​។ គ្រា​ដែល​កំពុង​ជួប​គ្រោះអាសន្ន​ថ្នាក់ជាតិ​ដូច្នេះ ថវិកា​ចំនួន​៤០​ពាន់​លាន​ដុល្លារ​អាមេរិក​នឹងត្រូវ​ផ្ដល់ជូន​អាជ្ញាធរ​ក្នុង​តំបន់​។ លោក​ថា​ក្នុង​រយៈពេល​៨​សប្ដាហ៍​ខាងមុខ​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ ដូច្នេះ​អាច​រៀនសូត្រ​ពីអ្វី​កំពុង​កើតឡើង​បច្ចុប្បន្ន នឹង​អាចឈាន​កែប្រែ​ស្ថានការណ៍​ជុំវិញ​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា​។ 

​លោក​ដូណាល់ ត្រាំ​ក៏​ប្រកាស​ឲ្យ​អ្នកកាសែត​ភ្ញាក់ផ្អើល​ផងដែរ គឺ​លោក​ថា​មិនចាំបាច់​ធ្វើតេស្ដ​រក​វីរុស​កូរ៉ូណា​បន្ទាន់​ពេក ឬក៏​ត្រូវ​ផ្ដាច់ខ្លួន​ឲ្យនៅ​តែឯង​នោះទេ ទោះបី​លោក​ធ្លាប់បាន​ជួប​ជាមួយ​អ្នកនយោបាយ​ដែលមាន​ផ្ទុក​វីរុស​កូរ៉ូណា​។ កាលពី​សប្ដាហ៍​មុន​លោក​ត្រាំ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ប្រេ​ស៊ីល ​តែលោក​ធ្វើតេស្ដអ​វិជ្ជមាន​វីរុស​កូរ៉ូណាទេ​កាលពី​ថ្ងៃ​សុក្រ ប៉ុន្ដែ​មន្ដ្រីជាន់ខ្ពស់​របស់លោក​ប្រធានាធិបតី​ប្រេ​ស៊ីលមាន​ផ្ទុក​វីរុស​នេះ​ ហើយមន្ដ្រីរូបនោះក៏​​បាន​ជួប​ជាមួយ​លោក​ដូណាល់ ត្រាំ​ដែរ។​

​លោក​ត្រាំ​បាន​ប្រាប់​ទៅ​អ្នកកាសែត​ទៀតថា ពេលនេះ​លោក​គ្មាន​រោគសញ្ញា​អ្វី​ឡើយ ដូច្នេះ​លោក​មិន​ចង់ឲ្យ​មនុស្ស​ដែល​គ្មាន​រោគសញ្ញា​អ្វី​សោះ​ទៅ​ធ្វើតេស្ដ​នោះទេ​។ ប៉ុន្ដែ​ក្រោយមក​លោក​ត្រាំ​សង្កត់ធ្ងន់ថា លោក​មិនបាន​និយាយ​ទេ​ថា​លោក​នឹងមិន​ទៅ​ធ្វើតេស្ដ​នោះ គ្រាន់តែ​នឹង​ទៅ​នៅពេលដែល​ចាំ​បាត់​បំផុត គឺអាច​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ 

​គួរ​បញ្ជាក់ថា អាជ្ញាធរ​សហរដ្ឋអាមេរិក​បាន​ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​ភាពយឺតយ៉ាវ​ក្នុងការ​ដាក់ពង្រាយ​ឧបករណ៍​ធ្វើតេស្ដ ដែល​អ្នកជំនាញ​សុខាភិបាល​និយាយថា​ភាពយឺតយ៉ាវ​នេះ ធ្វើឲ្យ​វីរុស​កូរ៉ូ​ណារីក​រាលដាល​ហួស​ពី​សមត្ថភាព​ដែល​អាមេរិក​អាច​រកឃើញ​។ រដ្ឋបាល​របស់លោក​ត្រាំ​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា កំពុង​រៀបចំ​ថវិកា​ចំនួន​១.៣​លាន​ដុល្លារ​ដល់​មន្ទីរពិសោធន៍​ចំនួន​២ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ធ្វើតេស្ដ​ដែល​អាច​ផ្ដល់​លទ្ធផល​ក្នុង​រយៈពេល​មួយ​ម៉ោង​។ លោក​ត្រាំ​សង្ឃឹម​ទឹកប្រាក់​ចំនួន​១.៤​លាន​ដុល្លារ​ផ្សេងទៀត អាច​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើតេស្ដ​នៅ​សប្ដាហ៍​ក្រោយ និង​ទឹកប្រាក់​ចំនួន​៥​លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​មួយខែ​។ សូម​ជម្រាបជូន​ថា ពេលនេះ​អាមេរិក​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជិត​១,៧០០​នាក់​ហើយ និង​ស្លាប់​ជាង​៤០​នាក់​៕

ព័ត៌មានផ្សេងទៀត