ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកាលពីថ្ងៃទី១៣មីនា បានប្រកាសភាពអាសន្នទូទាំងប្រទេស ដោយសារតែការរាតត្បាតនៃវីរុសកូរ៉ូណាឬកូវីដ-១៩។ ប៉ុន្ដែសម្រាប់ក្រុមអ្នករិះគន់វិញបានលើកឡើងថា លោកត្រាំទំនងជាចង់យកឱកាសនេះ ដើម្បីធ្វើតេស្ដខ្លួនលោកផ្ទាល់ថាមានឆ្លងវីរុសកូរ៉ូណាឬអត់ ក្រោយលោកបានជួបជាមួយមនុស្សដែលផ្ទុកវីរុសនេះ។
ថ្លែងក្នុងសន្និសីទកាសែតនៅសេតវិមានលោកត្រាំបញ្ជាក់ថា លោកនឹងប្រើអំណាចពេញលេញរបស់រដ្ឋាភិបាលសហព័ន្ធ ប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។ គ្រាដែលកំពុងជួបគ្រោះអាសន្នថ្នាក់ជាតិដូច្នេះ ថវិកាចំនួន៤០ពាន់លានដុល្លារអាមេរិកនឹងត្រូវផ្ដល់ជូនអាជ្ញាធរក្នុងតំបន់។ លោកថាក្នុងរយៈពេល៨សប្ដាហ៍ខាងមុខអាចនឹងកាន់តែធ្ងន់ធ្ងរ ដូច្នេះអាចរៀនសូត្រពីអ្វីកំពុងកើតឡើងបច្ចុប្បន្ន នឹងអាចឈានកែប្រែស្ថានការណ៍ជុំវិញការរាលដាលនៃវីរុសកូរ៉ូណា។
លោកដូណាល់ ត្រាំក៏ប្រកាសឲ្យអ្នកកាសែតភ្ញាក់ផ្អើលផងដែរ គឺលោកថាមិនចាំបាច់ធ្វើតេស្ដរកវីរុសកូរ៉ូណាបន្ទាន់ពេក ឬក៏ត្រូវផ្ដាច់ខ្លួនឲ្យនៅតែឯងនោះទេ ទោះបីលោកធ្លាប់បានជួបជាមួយអ្នកនយោបាយដែលមានផ្ទុកវីរុសកូរ៉ូណា។ កាលពីសប្ដាហ៍មុនលោកត្រាំបានជួបជាមួយប្រធានាធិបតីប្រេស៊ីល តែលោកធ្វើតេស្ដអវិជ្ជមានវីរុសកូរ៉ូណាទេកាលពីថ្ងៃសុក្រ ប៉ុន្ដែមន្ដ្រីជាន់ខ្ពស់របស់លោកប្រធានាធិបតីប្រេស៊ីលមានផ្ទុកវីរុសនេះ ហើយមន្ដ្រីរូបនោះក៏បានជួបជាមួយលោកដូណាល់ ត្រាំដែរ។
លោកត្រាំបានប្រាប់ទៅអ្នកកាសែតទៀតថា ពេលនេះលោកគ្មានរោគសញ្ញាអ្វីឡើយ ដូច្នេះលោកមិនចង់ឲ្យមនុស្សដែលគ្មានរោគសញ្ញាអ្វីសោះទៅធ្វើតេស្ដនោះទេ។ ប៉ុន្ដែក្រោយមកលោកត្រាំសង្កត់ធ្ងន់ថា លោកមិនបាននិយាយទេថាលោកនឹងមិនទៅធ្វើតេស្ដនោះ គ្រាន់តែនឹងទៅនៅពេលដែលចាំបាត់បំផុត គឺអាចក្នុងពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា អាជ្ញាធរសហរដ្ឋអាមេរិកបានទទួលរងនូវការរិះគន់យ៉ាងខ្លាំង ចំពោះភាពយឺតយ៉ាវក្នុងការដាក់ពង្រាយឧបករណ៍ធ្វើតេស្ដ ដែលអ្នកជំនាញសុខាភិបាលនិយាយថាភាពយឺតយ៉ាវនេះ ធ្វើឲ្យវីរុសកូរ៉ូណារីករាលដាលហួសពីសមត្ថភាពដែលអាមេរិកអាចរកឃើញ។ រដ្ឋបាលរបស់លោកត្រាំបានប្រកាសកាលពីថ្ងៃសុក្រថា កំពុងរៀបចំថវិកាចំនួន១.៣លានដុល្លារដល់មន្ទីរពិសោធន៍ចំនួន២ ដើម្បីអភិវឌ្ឍសមត្ថភាពធ្វើតេស្ដដែលអាចផ្ដល់លទ្ធផលក្នុងរយៈពេលមួយម៉ោង។ លោកត្រាំសង្ឃឹមទឹកប្រាក់ចំនួន១.៤លានដុល្លារផ្សេងទៀត អាចនឹងជួយសម្រួលដល់ការធ្វើតេស្ដនៅសប្ដាហ៍ក្រោយ និងទឹកប្រាក់ចំនួន៥លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងរយៈពេលមួយខែ។ សូមជម្រាបជូនថា ពេលនេះអាមេរិកមានអ្នកឆ្លងវីរុសកូរ៉ូណាជិត១,៧០០នាក់ហើយ និងស្លាប់ជាង៤០នាក់៕