ប្រតិកម្ម​នានា​ផ្ទុះឡើង ក្រោយ​ទូត​អាម​រិកថាតុលាការ​ប្រឌិត​រឿង​ចោទប្រកាន់​ប្រទេស​ខ្លួន​

13-03-2020 6:13 pm 6612

​បន្ទាប់​ពី​ការលើកឡើង​របស់ មន្ត្រី​ទូត​អាមេរិក ប្រចាំ​កម្ពុជា លោក Patrick Murphy ពាក់ព័ន្ធ​នឹង​ដំណើរការ​កាត់ក្តី លោក កឹម សុខា មាន​មជ្ឈដ្ឋាន​ជាច្រើន រួម​មាន​គណបក្សនយោបាយ និង​ក្រសួង​នានា បាន​ប្រតិកម្ម ដោយ​បាន​ចាត់ទុកថា ជាការ​ប្រព្រឹត្ត​ផ្ទុយ​ទៅនឹង​ស្មារតី​ថ្មី​របស់​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ និង​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​តុលាការ​កម្ពុជា ដែល​ជា​ស្ថាប័ន​ឯករាជ្យ​។​

​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បានបញ្ជាក់​ថា អាច​មាន​បញ្ហា នៃ​ការបកប្រែ​ភាសា​ជូន​លោក​ទូត ក្នុងពេល​សវនាការ ទើប​នាំឲ្យ​មាន​ការភ័ន្តច្រឡំ ដែល​ការពិត​មិន​ដូច​អ្វី​ដែល​លោក​ទូត​លើកឡើង​នោះទេ ដោយហេតុ​ថា​៖

១. កន្លងមក​រាជរដ្ឋាភិបាល មិន​ដែល​ចោទប្រកាន់​ថា សហរដ្ឋអាមេរិក​នៅ​ពីក្រោយ​ឬ​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​ក្បត់ជាតិ​របស់លោក កឹម សុខា ឡើយ​

២. ស្ថាប័ន​តុលាការ កំពុងដំណើរការ​នីតិវិធី​លើ​សំណុំរឿង​នេះ ហើយ​មិន​ទាន់​បាន​បិទ​បញ្ចប់ និង​សម្រេច​ថា មាន​បរទេស​ណាមួយ​ពាក់ព័ន្ធ និង​នៅ​ពីក្រោយ​សំណុំរឿង​នេះ​ដែរ​

៣. ចំណែកឯ​ស្ថាប័ន​អយ្យការ ធ្វើ​ការចោទប្រកាន់​តែ​លោក កឹម សុខា ប៉ុណ្ណោះ ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស មិនបាន​ចោទប្រកាន់​សហរដ្ឋអាមេរិក ឬ​បរទេស​ណាមួយ​ឡើយ​

៤. កន្លងមក​មាន​តែ លោក កឹម សុខា ខ្លួនឯង​ទេ ដែល​តែងតែ​អះអាងថា សហរដ្ឋ​អាមេរិក​មាន​ការពាក់ព័ន្ធ​ជាមួយ​សំណុំរឿង​និង​សកម្មភាព​របស់​គាត់ ដែល​មាន​កត់ត្រា​ទុក​យ៉ាង​ច្បាស់លាស់​នៅក្នុង​ឯកសារ​សំណុំរឿង​របស់គាត់​។​

​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា ដែល​បាន​ចូល​ស្ដាប់​សវនាការ លោក កឹម សុខា កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា បាន​លើកឡើង​ថា សហរដ្ឋ​អាមេរិក​មាន​ការរំខាន​ចិត្ត ដោយ​ខាង​ព្រះរាជអាជ្ញា បាន​លើកឡើង​នូវ​រឿង​មិន​ពិត ដែល​ត្រូវបាន​ប្រឌិត​រឿង​ទាក់ទង​នឹង​សហរដ្ឋអាមេរិក​។​

​ក្រសួងការបរទេស​កម្ពុជា បាន​ចាត់ទុកថា ការ​ថ្លែង​បែបនេះ គឺជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ទៅនឹង​ស្មារតី​ថ្មី​របស់​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការយោគយល់​គ្នា​និង​ការគោរព​គ្នា​ទៅវិញទៅមក ក៏​ដូចជា​ការបើក​ទំព័រ​ថ្មី នៃ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់​វិស័យ ក្នុងពេល​ដែល​ប្រទេស​ទាំង​ពីរ កំពុង​ប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ​ខួប​ចំណងមិត្តភាព​៧០​ឆ្នាំ​របស់​ខ្លួន​នៅក្នុង​ឆ្នាំនេះ​។​

​ក្រសួងការបរទេស​កម្ពុជា បាន​លើកឡើង​ថា ការ​ថ្លែង​យោបល់​បែបនេះ គឺជា​ការ​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​តុលាការ​កម្ពុជា ដែល​ជា​ស្ថាប័ន​ឯករាជ្យ​និង​ដាច់ដោយឡែក ដូចដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ការបង្ហាញ​ឲ្យឃើញ​ពី​ឥរិយាបទ​គ្មាន​ការទូត និង​ខ្វះ​ការគោរព​ចំពោះ​អធិបតេយ្យ​របស់​កម្ពុជា ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​។​

​ជាមួយគ្នានេះដែរ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា កន្លងមក រដ្ឋាភិបាល​កម្ពុជា មិន​ដែល​បាន​ចោទប្រកាន់​អាមេរិក ថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​ផែន​ការផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​។ លោក​កឹម សុខា ទៅវិញ​ទេ ដែលជា​អ្នក​និយាយថា អាមេរិក ជា​អ្នក​ផ្តល់​ផែនការ ក្នុង​ការផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ គណបក្សនយោបាយ​២​ផ្សេងទៀត បានចេញ​សេចក្ដីថ្លែងការណ៍ ដាច់ដោយឡែក​ពីគ្នា ក្នុងនោះ​គណបក្ស​យុវជន​កម្ពុជា របស់​លោក​ពេជ្រ ស្រស់ បានបញ្ជាក់​ថា ការលើកឡើង របស់​ឯកអគ្គរដ្ឋទូត​អាមេរិក ខុស​ពី​ការពិត​ទាំងស្រុង និង​ខ្វះ​ការតាមដាន​អង្គហេតុ​ឲ្យ​ច្បាស់លាស់​ពី​ដើម​មក​។​

​រីឯ​គណបក្ស​សញ្ជាតិ​កម្ពុជា បានបញ្ជាក់​ថា ក្នុង​ការ​ចូល​ស្តាប់​សវនាការ លោក​កឹម សុខា ដោយ​ពុំ​មាន​អវត្តមាន​ម្តងណា​នោះ ខ្លួន​សង្កេតឃើញថា រាល់​ការលើកឡើង​របស់​គ្រប់​ភាគី​ទាំងអស់ នៅក្នុង​ដំណាក់កាល​សួរដេញដោល ទៅលើ​ជនជាប់ចោទ​ឈ្មោះ​កឹម សុខា នៃ​សវនាការ​ជំនុំជម្រះ​នេះ មិនបាន​ធ្វើឲ្យប៉ះពាល់ ដល់​សហរដ្ឋអាមេរិក រដ្ឋ​បរទេស អង្គការ​បរទេស​ណាមួយ​ឡើយ​។ ដូច្នេះ​ការលើកឡើង​របស់​មន្ត្រី​ទូត​អាមេរិក មិន​ឆ្លុះបញ្ចាំង​ទៅ​នឹង​សភាព​ពិត​ជាក់ស្ដែង នៅក្នុង​អង្គ​សវនាការ​នោះ​ទេ ព្រះរាជអាជ្ញា​បាន​ធ្វើ​ការចោទប្រកាន់ ទៅលើ​ជនជាប់ចោទ​ឈ្មោះ កឹម សុខា តែប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ចូលរួម​សវនាការ​កាត់ក្តី​លោក​កឹម សុខា ក្នុងនាម​ជា​អ្នកសង្កេតការណ៍​។ លោក​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់​ពី​បញ្ចប់​សវនាការ​នេះ​ថា សហរដ្ឋអាមេរិក​កំពុង​តាមដាន​សវនាការ​កាត់ក្តី​លោក​កឹម សុខា​យ៉ាង​ដិតដល់​។ យើង​មាន​ការរំខាន​ចិត្ត ដោយ​ខាង​ព្រះរាជអាជ្ញា​បាន​លើកឡើង​នូវ​រឿង​មិន​ពិត ដែល​ត្រូវបាន​ប្រឌិត​ឡើង ទាក់ទង​នឹង​សហរដ្ឋអាមេរិក​។​

​ភ្លាមៗ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​បាន​បញ្ជាក់ថា ក្នុង​សំណុំរឿង​លោក​កឹម សុខា តំណាង​អយ្យការ​មិនបាន​ចោទប្រកាន់​សហរដ្ឋអាមេរិក រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​រដ្ឋ​បរទេស​ណាមួយ​នោះ​ឡើយ​។​

​អ្នកនាំពាក្យ​អយ្យការ បាន​បញ្ជាក់​ទៀត ថា​”​ក្នុង​ដំណើរការ​នៃ​ការជំនុំជម្រះ​ក្តី លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង ជនជាប់ចោទ​ឈ្មោះ​កឹម សុខា​ពី​បទ​សន្ទិដ្ឋិ​ភាព ជាមួយ​បរទេស តាម​បញ្ញត្តិ​មាត្រា​៤៤៣ ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ព្រះរាជអាជ្ញា​ពុំ​បាន​ចោទប្រកាន់​ប៉ះពាល់​ទៅលើ​សហរដ្ឋអាមេរិក រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណាមួយ​នោះឡើយ ព្រះរាជអាជ្ញា បាន​ចោទប្រកាន់​ទៅលើ ជនជាប់ចោទ​ឈ្មោះ​កឹម សុខា ដែល​មាន​អង្គហេតុ អង្គច្បាប់ ព្រមទាំង​មាន​ធាតុ​ផ្សំ​បទល្មើស​គ្រប់គ្រាន់​ទៅតាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ​”៕

ព័ត៌មានផ្សេងទៀត