ទោះបីជាវីរុសកូរ៉ូណាកំពុងរាតត្បាតស្ទើរតែទូទាំងប្រទេសនៅលើពិភពលោកក៏ដោយ តែកម្ពុជានិងចិននៅតែរៀបចំធ្វើសមយុទ្ធរួមគ្នា ដើម្បីដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក និងបង្កើនសមត្ថភាព។
សមយុទ្ធនាគមាស ឆ្នាំ២០២០រវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមឡើងចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី នៃកងពលតូចលេខ៧០ ស្រុកជុំគិរី ខេត្តកំពត ក្រោមប្រធានបទ«រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន»។
ពាក់ព័ន្ធទៅនឹងការរៀបចំធ្វើសមយុទ្ធនេះដែរ កន្លងមកអ្នកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ធ្លាប់បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី៧ ខែមីនាថា ក្រសួងសុខាភិបាលនឹងសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យកំដៅរបស់កងទ័ពចិន ហើយនឹងមានការរៀបចំបំពេញនូវទម្រង់បែបបទប្រកាសព័ត៌មានពីសុខភាពរបស់ពួកគាត់ ព្រមទាំងមានការតាមដានសុខភាព និងណែនាំដល់អ្នកដែលទទួលខុសត្រូវ លើកិច្ចការនេះផងដែរ ។
សូមជម្រាបជូនដែរថា សមយុទ្ធនាគមាសនៅក្នុងឆ្នាំ២០២០នេះ នឹងមានកម្លាំងចូលរួមជាង ៣ពាន់នាក់ ដែលក្នុងនោះភាគីចិន មានកងទ័ពចូលរួមសរុបចំនួន ២៦៥នាក់ ចំណែកភាគីកម្ពុជា មានកម្លាំងចូលរួម២,៨៧១នាក់។ រីឯគ្រឿងយុទ្ធភណ្ឌសម្រាប់បំពាក់ឱ្យសមយុទ្ធនេះ មានដូចជាឧទ្ធម្ភាចក្រ កាំភ្លើងធំ រថក្រោះ រថពាសដែក កាំភ្លើងត្បាល់ អាវុធធុនស្រាល និងបរិក្ខាយោធាមួយចំនួនទៀតជាដើម។
គួរកត់សម្គាល់ដែរថា សមយុទ្ធនាគមាសនេះ នៅតែបន្តផ្តោតសំខាន់លើការប្រឆាំងភេវរកម្ម និងការងារមនុស្សធម៌ ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ កម្ពុជា-ចិន បន្តសិក្សារៀនសូត្រ ដកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ ក្នុងជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ការរក្សាសន្តិភាព ក៏ដូចជាសម្រាប់ការបំពេញភារកិច្ចការពារជាតិ ឲ្យកាន់តែមានប្រសិទ្ធិភាព និងខ្លាំងក្លាថែមទៀត។
សូមបញ្ជាក់ដែរថា នេះជាលើកទី ៤ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំដែរ៕