ក្រសួងការបរទេសកម្ពុជាខកចិត្តចំពោះមតិយោបល់របស់ទូតអាមេរិក

13-03-2020 1:02 pm 302

ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងការខកចិត្តចំពោះយោបល់របស់លោកW.Patrick Murphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តីលោក កឹមសុខា នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។

សេចក្តីថ្លែងការណ៍នេះ បានរៀបរាប់ថា បន្ទាប់ពីលោកW.Patrick Murphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកមានការរំខានចិត្ត ដែលព្រះរាជអាជ្ញាក្នុងសវនាការកាត់ទោសលោកកឹម សុខា បានបំភ្លៃភស្តុតាងចោទប្រកាន់ថា សហរដ្ឋអាមេរិកមានពាក់ព័ន្ធនឹងសំណុំរឿងនេះ។ ក្រោយបានចូលរួមជាលើកដំបូង ស្តាប់សវនាការជំនុំជម្រះសំណុំរឿងលោកកឹម សុខា។

ក្រសួងការបទេសកម្ពុជា បានបញ្ជាក់ថា ការបញ្ចេញមតិយោបល់នេះ គឺធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជាដែលជាស្ថាប័នឯករាជ្យ និងដាច់ដោយឡែក និងជាការបង្ហាញឲ្យឃើញពីឥរិយាបទគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យរបស់កម្ពុជា ដែលជាប្រទេសមចាស់ផ្ទះ។

លើសពីនេះការថ្លែងបែបនេះ គឺជាការប្រព្រឹត្តផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរក្នុងការធ្វើឲ្យប្រសើរឡើងនូវការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក ក៏ដូចជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធធ្វើពិធីអបអរសាទរខួបចំណងមិត្តភាព៧០ឆ្នាំរបស់ខ្លួននៅឆ្នាំនេះ៕ 

ព័ត៌មានផ្សេងទៀត