ការព្យួរ​EBA​និង​ការ​រាលដាល​នៃ​វីរុស​COVID19​ធ្វើឲ្យ​កម្ពុជា​ខ្វះខាត​វត្ថុធាតុដើម​

13-03-2020 11:25 am 139
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយ​ពី​គណៈកម្មការ​អឺរ៉ុប បាន​ព្យួរ​ជា​បណ្ដោះអាសន្ន ដោយ​ផ្នែក​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ លើកលែង​តែ​សព្វាវុធ​(EBA)​ពី​កម្ពុជា និង​ខណៈ​វិបត្តិ​វីរុស​COVID-19 បាន​រីក​រាល​ក្នុង​ប្រទេស​ជាច្រើន​នៅ លើ​ពិភពលោក បាន​ធ្វើឲ្យ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា រង​នូវ​សម្ពាធ​នៃ​ការខ្វះ​វត្ថុធាតុដើម​។ នេះ​បើ​យោង​តាម​បទ​វិចារណកថា​របស់​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​១២ មីនា ឆ្នាំ ២០២០​។ 

​បើ​តាម​វិចារណកថា​នេះ ប្រសិនបើ​ប្រទេស​ចិន ដែល​ជា​រោងចក្រ​ពិភពលោក ផ្អាក​ការផលិត​វត្ថុធាតុដើម​ដោយសារ​ការរីក​រាលដាល​នៃ​វីរុស COVID-19 ប្រទេស​ជាច្រើន​លើ​សកលលោក រួម​ទាំង​កម្ពុជា​ផង​នឹងរង​នូវ​វិបត្តិ​ខ្វះខាត​វត្ថុធាតុដើម ពិសេស​រោងចក្រ​កាត់ដេរ​មួយ​ចំនូ​ន​នៅ​កម្ពុជា នឹង​ត្រូវ​ផ្អាក​ការផលិត​ហើយ​កម្មករ ក៏​នឹង​ត្រូវ​ព្យួរ​ការងារ​ផងដែរ​។ 

​ទោះជា​យ៉ាងណា កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ​ជិត ៨០០​លាន​ដុល្លា​អាមេរិក ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា ប្រសិនបើ​វិបត្តិ​វីរុស​កូរ៉ូណា (COVID-19)​អូសបន្លាយ​រយៈពេល​៦​ខែ ទៅ​មួយ​ឆ្នាំ ដែល​ត្រូវ​ប៉ះប៉ូវ​ក្នុង​ទំហំ​ទឹកប្រាក់​ចន្លោះ​ពី ៨០០ លាន​ទៅ ២០០០​លាន ខណៈ​ពិភពលោក​កំពុង​គិតគូរ​ដោះស្រាយ​បញ្ហា​នេះ​។ 

​ទន្ទឹមនឹងនេះ រដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន​ដើម្បី​កម្មករ​-​និយោជិត ដែល​បាត់បង់​ការងារ និង មិនទាន់​អាច​រក​ការងារ​ថ្មី​បាន​។​សម្រាប់​រោងចក្រ​-​សហគ្រាស ដែល​ផ្អាក​សកម្មភាព​ផលិត​រយៈពេល​ខ្លី ដោយសារ​ខ្វះ​វត្ថុធាតុដើម​, រោងចក្រ​-​សហគ្រាស​ត្រូវ​ចេញ​ប្រាក់ខែ​ចំនួន ៤០% នៃ​ប្រាក់ខែ​អប្បរ​មា​របស់​កម្មករ​-​និយោជិត (​ដែល​មាន​ចំនួន ១៩០ ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ ២០២០) ខណៈ​រដ្ឋាភិបាល​នឹង​ចូលរួម​ចំណែក ២០% នៃ​ប្រាក់ខែ​អប្បរ​មា​បន្ថែម (​សរុប ៦០% នៃ​ប្រាក់ខែ​អប្បបរមា​) ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន​បាន​បញ្ជូន​នាវា​៧​គ្រឿង ដឹក​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​នៅ​កម្ពុជា ដោយមាន​៥​គ្រឿង​ចូល​ចត​នៅ​ផែ​ព្រះសីហនុ និង ២​គ្រឿង​នៅ​កំពង់ផែ​វៀតណាម កាលពី​ថ្ងៃ​ទី​៩ មីនា ឆ្នាំ ២០២០​នេះ ដើម្បី​ជួយ​ដោះស្រាយ​កង្វះខាត​វត្ថុធាតុដើម​នៅ​កម្ពុជា ពិសេស​រោងចក្រ​ចំនួន​៧​ដែល​សុំ​ព្យួរ​ការងារ បាន​បើក​ដំណើរការ​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត