បក្ស២ចេញសេចក្ដីថ្លែងការណ៍តបនឹងទូតអាមេរិកចំពោះសវនាការសំណុំរឿងលោកកឹមសុខា

13-03-2020 10:36 am 2280

សេចក្ដីថ្លែងការណ៍របស់គណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានសរសេរថា លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក្នុងនាមជាជនមួយរូប ដែលបានចូលស្ដាប់សវនាការជំនុំជម្រះ លើជនជាប់ចោទកឹម សុខាតាំងពីចាប់ផ្ដើមលើកដំបូងនិងជាបន្តបន្ទាប់ គឺលោកពេជ្រ ស្រស់បានស្ដាប់ នឹងមើលឃើញទិដ្ឋភាពជាក់ស្ដែងអំពីដំណើរការជំនុំជម្រះ គឺមិនមានភាពប៉ះពាល់ដល់ ប្រទេសដទៃឡើយ។

ប៉ុន្តែអង្គជំនុំជម្រះនិងតំណាងអយ្យការ គឺសួរដេញដោលទៅលើជនជាប់ចោទកឹម សុខា លើអង្គហេតុដែលលោកកឹម សុខា បានធ្វើសកម្មភាពកន្លងមក និងការថ្លែងរបស់លោក នៅក្នុងវីដេអូឃ្លីបនៅឯប្រទេសអូស្ត្រាលី ដែ​ល​មានរយៈពេលមួយម៉ោងតែប៉ុណ្ណោះ។

សេចក្ដីថ្លែការណ៍បន្ត ថា ចំពោះអ្វីដែលឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើង ថា”យើងមានការរំខានចិត្តដោយខាងព្រះរាជអាជ្ញា បានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតរឿងទាក់ទងនឹងសហរដ្ឋអាមេរិក” គឺជាការលើកឡើងខុសពីការពិតទាំងស្រុង និងខ្វះការតាមដានអង្គហេតុឲ្យច្បាស់លាស់ពីដើមមក។

ចំណែកសេចក្ដីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានសរសេរថា តំណាងគណបក្សសញ្ជាតិកម្ពុជាបានចូលរួមស្ដាប់ នៅក្នុងដំណើរការនៃការជំនុំជម្រះលើសំណុំរឿងលោក​កឹម សុខាតាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ពុំដែលមានអវត្តមានម្ដងណាឡើយ។

តំណាងគណបក្សសញ្ជាតិកម្ពុជា សង្កេតឃើញថា រាល់ការលើកឡើងរបស់គ្រប់ភាគីទាំងអស់ នៅក្នុងដំណាក់កាលសួរដេញដោលទៅលើជនជាប់ចោទឈ្មោះកឹម សុខា នៃសវនាការជំនុំជម្រះនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់សហរដ្ឋអាមេរិក រដ្ឋបរទេស អង្គការបរទេសណាមួយឡើយ។

សេចក្ដីថ្លែងការណ៍ បានសរសេរបន្ត ថា អ្វីដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកW. Patrick Murphy នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះថា"យើងមានការរំខានចិត្តដោយខាងព្រះរាជអាជ្ញា បានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាមេរិក"មិនឆ្លុះបញ្ចាំងទៅនឹងសភាពពិតជាក់ស្ដែង នៅក្នុងអង្គសវនាការនោះទេ ព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់ ទៅលើជនជាប់ចោទឈ្មោះ កឹម សុខា តែប៉ុណ្ណោះ។

សូមជម្រាប ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានចូលរួមសវនាការកាត់ក្តីលោកកឹម សុខា ក្នុងនាមជាអ្នកសង្កេតការណ៍។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សវនាការនេះ ថា សហរដ្ឋអាមេរិកកំពុងតាមដានសវនាការកាត់ក្តីលោកកឹម សុខាយ៉ាងដិតដល់។ ក្នុងនោះលោក W. Patrick Murphy បានលើកឡើង”យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើង ទាក់ទងនឹងសហរដ្ឋអាមេរិក”។

ភ្លាមៗអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា ក្នុងសំណុំរឿងលោកកឹម សុខា តំណាងអយ្យការមិនបានចោទប្រកាន់សហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងាររដ្ឋបរទេសណាមួយនោះឡើយ។

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៀត ថា”ក្នុងដំណើរការនៃការជំនុំជម្រះក្តី លើសំណុំរឿងពាក់ព័ន្ធនឹង ជនជាប់ចោទឈ្មោះកឹម សុខាពីបទសន្ទិដ្ឋិភាព ជា​មួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គឺព្រះរាជអាជ្ញាពុំបានចោទប្រកាន់ប៉ះពាល់ទៅលើសហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយនោះឡើយ ព្រះរាជអាជ្ញា បាន​​ចោទប្រកាន់ទៅលើ ជនជាប់ចោទឈ្មោះកឹម សុខា ដែលមានអង្គហេតុ អង្គច្បាប់ ព្រមទាំងមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ”៕ 

ព័ត៌មានផ្សេងទៀត