ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នាវា​នុវត្តន៍ ត្រូវបាន​អនុម័ត​

13-03-2020 10:33 am 197

​នៅ​ទីបំផុត រដ្ឋសភា បានសម្រេច​អនុម័ត​យល់ព្រម លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នាវា​នុវត្តន៍ ដោយ​សំឡេង​១១៦​លើ​១១៨ ក្នុង សម័យប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា​នេះ​។​

​យោងតាម​សេចក្តី​ថ្លែង​ហេតុ​របស់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នាវា​នុវត្តន៍ ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម ក្នុង​សម័យប្រជុំ​ពេញ អង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដែល​រួមមាន ៨​មាត្រា​។ 

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២០ បាន​ឯកភាព​ឲ្យ​ប្តូរ​ឈ្មោះ​ក្រសួង «​ឧស្សាហកម្ម និង​សិប្បកម្ម​» ទៅជា ក្រសួង​«​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» ទៅតាម​សំណើរ​របស់​លោក​ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បច្ចុប្បន្ន​។​

​ទន្ទឹម​នឹង​ការយល់ព្រម​ឲ្យ​ប្តូរ​ឈ្មោះ​ក្រសួង រាជរដ្ឋាភិបាល ក៏​យល់ព្រម​ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ឡាយ និង​ឯកសារ​គតិយុត្ត​ផ្សេងៗ ដែល​មាន​ការពាក់ព័ន្ធ​ដល់​រចនាសម្ព័ន្ធ និង​ការប្រព្រឹត្តទៅ​នៃ​ក្រសួង​ដែល​ប្តូរ​ឈ្មោះ​ថ្មី​នេះ​ផង​ដែរ​។​

​ជាមួយគ្នា​នេះ​រាជរដ្ឋាភិបាល ក៏​ឯកភាព​ឲ្យ​បង្កើត​អង្គភាព​ថ្មី​ពីរ​ទៀត គឺ​អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​មាន​ថ្នាក់​ស្មើ​អគ្គនាយកដ្ឋាន​។ 

គួរបញ្ជាក់ថា ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើមឡើយ​មាន​ឈ្មោះ​ថា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដោយ​នៅ​អាណត្តិ​ទី​៥ រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ក្រសួង​ថ្មី​មួយទៀត ឈ្មោះថា ក្រសួង «​រ៉ែ និង​ថាមពល​» ដូច្នេះ​ក្រសួង «​ឧស្សាហកម្ម រ៉ែ និង​ថាមពល​» ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ក្រសួង «​ឧស្សាហកម្ម និង​សិប្បកម្ម​» វិញ​៕

ព័ត៌មានផ្សេងទៀត