លោក​សុខ ឥសាន​៖ ទូត​ថ្មី ទំនាក់ទំនង​កម្ពុជា​-​អាមេរិកហាក់ប្រសើរ​ជាង​មុន​​

12-03-2020 4:58 pm 426

​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អា​មរិក ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ចូលរួម​តាមដាន​សវនាការ លោក​កឹម សុខា នា​ថ្ងៃ​ទី​១២ ខែ​មីនា​នេះ​ថា រដ្ឋាភិបាល​អាមេរិក មិន​ដែល​ចង់​ជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​គ្រាន់តែ​គាំទ្រ​ចំពោះ​សិទ្ធិសេរីភាព ក្នុង​ការបញ្ចេញមតិ របស់​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​។ លោក​អះអាង​ថា អាមេរិក​គោរព​ពេញលេញ ចំពោះ​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា លោក​មើលឃើញ​ពី​ភាព​ល្អប្រសើរ រវាង​ទំនាក់​ទំនាក់​ការទូត​កម្ពុជា អាមេរិក ចាប់តាំងពី​លោក Patrick Murphy ចូល​មក​កាន់​តំណែង​ជា​មន្ត្រី​ទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា​។ លោក​សុខ ឥសាន បន្តថា កន្លងមក លោក​កឹម សុខា គឺជា​អ្នក​ដែល​និយាយថា អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ផែន​ការផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ មិនមែន​រដ្ឋាភិបាល​កម្ពុជា ជា​អ្នក​ចោទប្រកាន់​ទៅលើ​អាមេរិក​នោះទេ​។​

សំឡេង

​យ៉ាងណាមិញ មន្ត្រី​ទូត​អាមេរិក​រូប​នេះ បាន​លើកឡើង​ថា សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​ជាង​៣​ពាន់​លាន​ដុល្លា ដល់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ ប្រកបដោយ​តម្លាភាព គឺ​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់ ដោយ​រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​ប្រទេស និង​ស្ថាប័ន​ជាច្រើន​ទៀត របស់​រដ្ឋាភិបាល​។ ដូចនេះ អាមេរិក​សង្ឃឹមថា លោក​កឹម សុខា នឹង​ទទួលបាន​សិទ្ធិ​នយោបាយ​មក​វិញ ហើយ​ប្រជាជន​កម្ពុជា ទាំងអស់ អាច​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​បាន​។​

​លោក​សុខ ឥសាន មានប្រសាសន៍ថា ការសម្រេច​យ៉ាង​ណា លើ​លោក​កឹម សុខា គឺជា​ឆន្ទានុសិទ្ធ របស់​តុលាការ ដែល​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​លួ​កដៃ​ចូល​កិច្ចការ​តុលាការ​នោះឡើយ​។​

សំឡេង​

​គួរបញ្ជាក់​ថា លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចោទប្រកាន់​ពី​បទ​រួមគំនិត​ជាមួយ​បរទេស ក្នុង​ការប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដោយ​បច្ចុប្បន្ន​លោក​កឹម សុខា កំពុង​ស្ថិត​ក្នុង​ដំណើរការ​សវនាការ ដែល​ត្រូវបាន​គេ​មើលឃើញ​ថា អាច​នឹង​មាន​រយៈពេល រហូតដល់​៣​ខែ​៕


 ពាក្យគន្លឹះ  ទូតអាមរិកលោកសុខឥសាន

ព័ត៌មានផ្សេងទៀត