ហុងកុង​ច្រានច្រោល​ការរិះគន់​របស់​អាមេ​រិក​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​

12-03-2020 4:04 pm 146

​ក្រសួងការបរទេស​អា​មេរិក និយាយ​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា បញ្ហា​សិទ្ធិមនុស្ស​សំខាន់ៗ នៅក្នុង​ទីក្រុង​ហុងកុង​ដែល​គ្រប់គ្រង​ដោយ​ចិន ហាក់​ធ្លាក់ចុះ​រួមមាន​ទាំង​ភាព​សាហាវព្រៃផ្សៃ​របស់​ប៉ូលិស ប្រឆាំងនឹង​ក្រុមបាតុករ​,​ការជ្រៀតជ្រែក​សិទ្ធិ​នៃ​ការជួបជុំ​ដោយ​សន្តិវិធី និង​ការ​រឹតត្បិត​លើ​ការចូលរួម​ផ្នែក​នយោបាយ​។ របាយការណ៍ បានកត់សម្គាល់​លើ​អំពើ​ឃោ​ឃៅរ​បស់​ប៉ូលិស ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​នៅ​ហុងកុង ដោយបាន​លើកយក​ព្រឹត្តិការណ៍​នៅ​ថ្ងៃទី ៣១ ខែ​សីហា នៅពេល​ប៉ូលីស​វាយ​ទៅលើ​បុគ្គល​ជាច្រើន​នាក់ អំឡុងពេល​កំពុង​ចាប់ខ្លួន​ពួកគេ​។ ដោយឡែក និយាយ​ពី​សេរីភាព​សារព័ត៌មាន​វិញ ក្រសួងការបរទេស​អា​មេរិក បាន​ដកស្រង់​សម្តី​អ្នកកាសែត​ជាច្រើន​នាក់ ដែល​និយាយថា ពួកគេ​ត្រូវបាន​រង​នូវ​ការយាយី​ឃុំឃាំង​ឬ​រំលោភបំពាន ពេល​កំពុង​ចុះ​យក​ព័ត៌មាន​ដោយ​ក្តោប​លើ​ការតវ៉ា​។ ជាមួយគ្នា​នោះ​ផងដែរ ផ្ទះ​របស់​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ម្នាក់ គឺ​លោក Jimmy Lai ដែលជា​អ្នក​រិះគន់​យ៉ាងសកម្ម​លើ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​រង​នូវ​ការវាយប្រហារ​។​

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ហុងកុង​បាន​ច្រានចោល​ការលើកឡើង​របស់​អាមេរិ​កដោយ​ថ្លែងការពា​រថា ប៉ូលិស​មាន​កាតព្វកិច្ច​ក្នុង​ការចាត់វិធានការ​សមស្រប រួមទាំង​ការប្រើប្រាស់​កម្លាំង​ចាំបាច់ នៅពេល​ប្រឈម​នឹង​អំពើហិង្សា ដែល​បង្ក​គ្រោះថ្នាក់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។ រដ្ឋាភិបាល​ហុងកុង​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា កម្រិត​និង​ទំហំ​នៃ​អំពើហិង្សា ដែល​បាន​ប្រព្រឹត្ត​ដោយ​ក្រុមអ្នកតវ៉ា គឺ​មិន​ធ្លាប់មាន​ពីមុនមក​ទេ​នៅក្នុង​ទីក្រុង​ហុងកុង ហើយ​វា​បាន​បង្ក​គ្រោះថ្នាក់ ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ប្រជាជន សណ្តាប់ធ្នាប់​និង​សន្តិសុខ​សាធារណៈ​។ រដ្ឋាភិបាល​ហុងកុង​បាន​លើក​អំពី កតិកាសញ្ញា​អន្តរជាតិ ស្តីពី សិទិ្ធ​ពលរដ្ឋ​និង​សិទិ្ធ​នយោបាយ​ចែងថា ការ​រឹតត្បិត​អាច​ត្រូវ​បានដាក់​អនុវត្ត​ជា​ច្បាប់ ប្រសិនបើ​ចាំបាច់ ដើម្បី​ការពារ​សន្តិសុខ​ជាតិ សុវត្ថិភាព​សាធារណៈ សណ្តាប់ធ្នាប់​សាធារណៈ ឬ​សិទ្ធិ​និង​សេរីភាព​របស់​អ្នកដទៃ​។ សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា ការការពារ​សិទ្ធិមនុស្ស​និង​សេរីភាព គឺជា​កាតព្វកិច្ច​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​រដ្ឋាភិបាល​ផ្តោត​សំខាន់បំផុត​និង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការលើកស្ទួយ​សិទ្ធិមនុស្ស​និង​សេរីភាព​ផ្សេងៗ​នៅ​ហុងកុង​។​

​ការ​ឆ្លើយឆ្លង​គ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស រវាង​អាមេរិក​និង​រដ្ឋាភិបាល​ហុងកុង​នាពេលនេះ ដោយ​យោងទៅលើ​ព្រឹត្តិការណ៍ នៃ​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាមួយ​ចិន​កាលពី​ឆ្នាំមុន​។ ការប្រមូលផ្តុំ​តវ៉ា​ដំបូង ផ្តើមឡើង​ដោយ​សន្តិវិធី​ទេ តែ​បាន​រីក​រាលដាល​ជា​អំពើហិង្សា ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​ក្រុមអ្នកតវ៉ា​។ ការ​វ៉ា​បាន​ផ្ទុះឡើង​ស្ទើរ​ទូទាំងប្រទេស ដោយ​អូសបន្លាយ​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ នៅតែ​មិន​បញ្ចប់​។ បើទោះបី​រដ្ឋាភិបាល​ដក​ច្បាប់​ធ្វើ​បត្យាប័ន​ចេញ​ហើយ​ក៏ដោយ ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង នៅតែ​បន្ត​សកម្ម​ភាពរស់រវើក ទាមទារ​ចំណុច​ផ្សេងៗ​បន្ថែមទៀត​ពី​រដ្ឋាភិបាល រួមមាន​ការស៊ើបអង្កេត​លើ​សកម្មភាព​បង្ក្រាប​របស់​ប៉ូលិស​លើ​ក្រុមអ្នកតវ៉ា​ផងដែរ​។ រហូត​មានការ​បោះឆ្នោតក្រុមប្រឹក្សា​សង្កាត់​ហុងកុង​នៅ​ចុងឆ្នាំ​២០១៩ ទើប​ពួកគេ​ផ្អាក​ការ​វ៉ា ហើយ​ចៃដន្យ​ស្របពេល​ផ្ទុះ​វីរុស​កូរ៉ូណា​នៅក្នុង​ខែធ្នូ​ឆ្នាំដ​ដែលផង ទើប​ចលនា​តវ៉ា​បាន​ស្ងប់ស្ងាត់​មកទល់​បច្ចុប្បន្ន​៕

ព័ត៌មានផ្សេងទៀត