លោក​ត្រាំ​ប្រកាស​ផ្អាក​មធ្យោបាយ​ធ្វើដំណើរ​ទាំង​អស់​ពី​អឺរ៉ុប​រយៈពេល​១​ខែ​

12-03-2020 10:58 am 1047

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០ ថា​អាមេរិក​សម្រេច​ផ្អាក​រាល់​មធ្យោបាយ​ធ្វើដំណើរ​ទាំង​អស់​ពី​តំបន់​អឺរ៉ុប​រយៈពេល ៣០​ថ្ងៃ លើកលែង​តែ​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ​។ មូលហេតុ​ដោយសារ​អាមេរិក​ចង់​ទប់ស្កាត់​ការ​រាលដាល​របស់​វីរុស​COVID-19 ដែល​កំពុងតែ​មាន​តួលេខ​កើន​ឡើង​ក្នុង​ប្រទេស​ខ្លួន​។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សារ​ដោយ​បណ្ដាញសារព័ត៌មាន​CNA នា​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២០​។​

​លោក​ត្រាំ បាន​ថ្លែង​បញ្ជាក់ថា ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​បាន​បរាជ័យ​ក្នុង​ការទប់ស្កាត់​នូវ​ការ​រាតត្បាត​ពី​វីរុស​COVID-19 ដោយសារ​ប្រទេស​ទាំងនោះ​ពុំ​អាច​បិទ​នូវ​មធ្យោបាយ​ធ្វើដំណើរ​ដែល​ចេញពី​ប្រទេស​ចិន​បាន​។ លោក​បន្តថា ប្រជាជន​អាមេរិក​ត្រូវ​បាន​ឆ្លង​វីរុស​ផ្លូវដង្ហើម​នេះ ដោយសារ​តែ​ប្រជាជន​អឺរ៉ុប​ដែល​បាន​ធ្វើដំណើរ​មក​អាមេរិក​។ 

​វិធានការ​រឹតបន្តឹង​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​អាមេរិក​នេះ ធ្វើឡើង​បន្ទាប់​ពី​វីរុស​COVID-19​ថ្មី បាន​សម្លាប់​មនុស្ស​ចំនួន ៣៨​នាក់​ហើយ ខណៈ​អ្នក​ឆ្លង​បាន​កើន​ដល់​ជាង ១,១០០​នាក់​នៅ​សហរដ្ឋអាមេរិក។ ជាមួយគ្នានេះចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភពលោក​បាន​ហក់​ទៅដល់​ជាង ៤,៥០០​នាក់ និង​ឆ្លង​កើន​ដល់ ១១៨,០០០​។​

ចំពោះ​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​លោកត្រាំ ប្រកាស​ឲ្យ​ផ្អាក​មធ្យោបាយ​នេះ ដោយសារ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​សម្លឹង​ឃើញ ប្រទេស​អ៊ីតាលី ដែល​ជា​ប្រទេស​នៅ​តំបន់​អឺរ៉ុប បាន​រងគ្រោះ​ខ្លាំង​បន្ទាប់​ពី​ចិន និង​ចាប់ផ្ដើម​ប្រកាស​រឹតត្បិត​មធ្យោបាយ និង​បិទ​នូវ​ភោជនីយដ្ឋាន ហាង​ទំនិញ និង​សណ្ឋាគារ​ធំៗ​។ តែ​លើកលែងតែ​ហាង​អាហារ និង​ហាង​លក់​ឱសថ​ប៉ុណ្ណោះ​ដែល​បន្ត​បើក​។ ជាក់ស្ដែង​បច្ចុប្បន្ន​ចំនួន​ករណី​ឆ្លង​វីរុស​COVID-19 ក្នុង​ប្រទេស​អ៊ីតាលី​បាន​កើន​ដល់​ជាង ២,៣០០​ករណី និង​អ្នកស្លាប់​បាន​កើន​ដល់​ជាង ៨០០​នាក់​។​

​មិន​តែ​ប៉ុណ្ណោះ​ទេ​សូម្បី​តែ​ប្រទេស​ដា​ណឺ​ម៉ាក ក៏​ចាប់ផ្ដើម​ប្រកាស​ឲ្យ​បិទទ្វារ​សាលារៀន​បណ្ដោះអាសន្ន​ដែរ បន្ទាប់ពី​រកឃើញ​ករណី​ឆ្លង​ជំងឺរលាកសួត​ថ្មី​នេះ​ចំនួន ៥១៤​ករណី​។ លើសពី​នេះ​រដ្ឋាភិបាល​ដា​ណឺ​ម៉ាក​បាន​ហាមឃាត់​ចំពោះ​ការជួបជុំ​ណា​ដែល​មាន​មនុស្ស​ចាប់ពី​១០០​នាក់​ឡើងទៅ​។ ដោយឡែក​សម្រាប់​ប្រទេស​ឥណ្ឌា​វិញ បាន​ផ្អាក​ផ្ដល់​ទិដ្ឋាការ​សម្រាប់​ភ្ញៀរ​បរទេស​រហូត​ដល់​ថ្ងៃទី​១៥ ខែ​សីហា​ឯ​ណោះ​។​

​លោក​Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការ​រាលដាល​ឥតឈប់ឈ​ររ​បស់​វីរុស​ផ្លូវដង្ហើម​COVID-19 ដោយ​លោក​បាន​ព្រមាន​ថា​ជំងឺ​នេះ​នឹង​បន្ត​រាលដាល​ជុំវិញ​ពិភពលោក​ក្នុង​ដំណាក់កាល​ដែល​បច្ចុប្បន្ន​ថ្នាំ ក៏ដូចជា​វ៉ាក់សាំង​នៅតែ​ពុំ​ទាន់​រកឃើញ​នៅឡើយ​។​

​វីរុស​COVID-19 មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បញ្ហា​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ប៉ះពាល់​ដល់​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន ក្នុងនោះ​មាន​ទាំង​ព្រឹត្តិការណ៍​E3 ដែល​ជា​ព្រឹត្តិការណ៍​ដាក់​តាំងពិព័រណ​ហ្គេម​លំដាប់​ពិភពលោក ដែល​នឹង​ត្រូវ​ប្រារព្ធ​នៅ​អំឡុង​ខែ​មិថុនា​ខាង​មុខ​ក៏​ត្រូវបាន​លុបចោល​វិញ​។ អ្វី​ដែល​កាន់តែ​សោកស្ដាយ​ថែមទៀត​នោះ​គឺ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដែល​នឹង​ត្រូវ​ធ្វើឡើង នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក៏​បាន​លុបចោល​ទាំង​មិន​គួរឲ្យ​ជឿ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត