អ្នកនយោបាយ​និងសេដ្ឋកិច្ច​សាទរ​ការត្រៀម​ថវិកា​របស់​រដ្ឋាភិបាល​ទប់ស្កាត់​​វីរុស​កូរ៉ូណា​

11-03-2020 5:32 pm 838

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២០ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ចំនួន​ជាង​៣,០០០​នាក់ នៅ​កោះ​ពេជ្រ បាន​មានប្រសាសន៍​លើកឡើងថា កម្ពុជា​បាន​ត្រៀម​ថវិកាបម្រុង​ប្រមាណ​ពី ៨០០ ទៅ ២,០០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ទុក​ដោះស្រាយ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩  និង​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ចជាតិ​។​
​ទាក់ទង​នឹង​ការដាក់ចេញ​នូវ​គម្រោង​ថវិកា​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ​ក៏ មាន​អ្នកនយោបាយ អ្នកជំនាញ​សេដ្ឋកិច្ច បាន​សាទរ និង​ចាត់ទុកថា ជា​រឿង​ល្អ​ដែល​រាជរដ្ឋាភិបាល មាន​ទុនបម្រុង​ដូច្នេះ​។​

​ចំពោះ​លោក​យ៉ង សាំង​កុមារ​ប្រធាន​គណៈកម្មការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ឲ្យ​វិទ្យុ​វា​យោ​ដឹង​តាម​ទូរស័ព្ទ​ថា ការត្រៀម​ថវិកាបម្រុង​ប្រមាណ​ពី ៨០០ ទៅ ២,០០០​លាន​ដុល្លារ​អាមេរិក​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​ការ​រាលដាល​វីរុស​កូរ៉ូណា ឬ​Covid-១៩ និង​ការ​ស្រោចស្រង់​សេដ្ឋកិច្ចជាតិ​នេះ​គឺជា​រឿង​ល្អ ។​លោក​បន្តថា នៅ​ឆ្នាំ​២០២០​នេះ មាន​ប្រមាណ​២,០០០​លាន​ដុល្លារ​វា​អាច​នឹង​គ្រប់គ្រាន់ តែ​រឿង​ដែល​សំខាន់ គឺ​ត្រូវមាន​ទិសដៅ ប្រព័ន្ធ​ត្រួតពិនិត្យ និង​វាយតម្លៃ ក៏ដូចជា​ប្រសិទ្ធិភាព​នៃ​ការប្រើប្រាស់​ថវិកា​ទាំងនោះ​...

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​លោក​យ៉ង សាំង​កុមារ​បន្តថា ចំពោះ​ផ្នែក​សេដ្ឋកិច្ច​វិញ នៅពេល​ដែល​ពិភពលោក​កំពុងតែ​ជួបប្រទះ​នូវ​វិបត្តិ​វីរុស​កូរ៉ូណា​នេះ គឺ​វា​បាន​ជះឥទ្ធិពល​ទៅលើ​វិស័យ​ទេសចរ និង​ការនាំចេញ​នូវ​ផលិតផល​របស់​កម្ពុជា​...

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​បន្ថែម​លើ​នេះ បើ​យោង​ទៅតាម​សេចក្តីថ្លែងការណ៍​រួម​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(​គ​បម​)​ក៏​បាន​សាទរ​នូវ​គម្រោង​ថវិកា​នេះដែរ តែ​គ​ប​ម ក៏​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​បង្ហាញ​បន្ថែម​ពី​គម្រោង​ជាក់លាក់ និង​បរិមាណ​ថវិកា ដែល​ត្រូវ​ចាយ​សម្រាប់​គម្រោង​ទាំង​នោះ ជាពិសេស​លើ​ផ្នែក​សុខភាព​សាធារណៈ ដូចជា ការត្រៀម​មន្ទីរពេទ្យ មណ្ឌល​សុខភាព បរិក្ខារ​ពេទ្យ​សម្រាប់​ព្យាបាល និង​ថែទាំ​អ្នក​ផ្ទុកមេរោគ​។​ចំពោះ​ផ្នែក​សេដ្ឋកិច្ច និង​ការងារ​វិញ​មានដូចជា ការគាំទ្រ​ដល់​រោងចក្រ សហគ្រាស សណ្ឋាគារ ដែល​រង​ផល​ប៉ះពាល់​ពី​Covid-19 និង​ផ្នែក​សង្គមកិច្ច​មាន​ដូចជា ការឧបត្ថម្ភ​ដល់​កម្មករ និង​បុគ្គលិក​ពេល​អស់​ការងារ​ធ្វើ និង​សន្តិសុខ​ស្បៀង​។​

​ចំណែក​លោក​ពេជ្រ ស្រស់ ដែល​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់យោបល់ ក៏​បានឲ្យ​ដឹង​ដែរថា ការសម្រេចចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បែបនេះ វា​ស្របពេល​ដែល​ស្ថានភាព​ជាក់ស្តែង នៅពេល​ដែល​កម្ពុជា និង​ពិភពលោក​កំពុង​ជួបប្រទះ​នូវ​វិបត្តិ​កូរ៉ូណា ហើយ​លោក​ក៏​មើលឃើញ​ថា រាជរដ្ឋាភិបាល​ក៏​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​ទទួលយក​ហានិភ័យ​ទាំងអស់នោះ​ផងដែរ​។​បន្ថែម​ពីលើ​នេះ​លោក​ថា ចំពោះ​ផ្នែក​សេដ្ឋកិច្ច​វិញ គឺ​វា​បាន​ប៉ះពាល់​ទៅ​ដល់​ការប្រកប​កិច្ចការងារ​របស់​អ្នកវិនិយោគទុន និង​អាជីវករ​...

សំឡេង​លោក​ពេជ្រ ស្រស់​៖

​រិឯ​លោក​ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា ការត្រៀម​បម្រុង​ថវិកា​ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​នៃ​ការ​រាលដាល​វីរុស​កូរ៉ូណា ឬ​Covid-១៩ និង​ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិ​នេះ គឺជា​រឿង​មួយ​ល្អ ព្រោះ​វា​ជា​ផ្នែក​មួយ​ជួយ​ជម្រុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​មាន​លំនឹង​ល្អ ។​លោក​យល់​ថា​ទឹកប្រាក់​ដែល​រាជរដ្ឋាភិបាល​ត្រៀម​ចាប់ពី​៨០០​ដល់​២,០០០​លាន​ដុល្លារ​នេះ គឺ​ច្រើន តែ​វា​ក៏​អាស្រ័យ​ទៅលើ​ការចំណាយ​ជាក់ស្តែង​ដែរ​។​ចំពោះ​ផ្នែក​សេដ្ឋកិច្ច​វិញ លោក​ង៉ែត ជូ​បានឲ្យដឹងថា ភ្ញៀវទេសចរ​មាន​ការធ្លាក់​ចុះ​តែ វា​ជា​រឿង​ធម្មតា​នោះទេ​...

សំឡេង​លោក​ង៉ែត ជូ​៖

​សូម​ជម្រាប​ជូន​ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​ធ្វើការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​ថ្មី បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ពី​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-19 និង​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​។ សូមបញ្ជាក់​ថា កាលពី​ខែ​មករា​កន្លងទៅ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២០ ពី ៦.៥% មក​នៅត្រឹម​៦.១%​វិញ​៕

ព័ត៌មានផ្សេងទៀត