រោគសញ្ញាមួយចំនួនបញ្ជាក់ថាអ្នកកំពុងកើតជំងឺស្រ្តេស

11-03-2020 5:23 pm 47
  ស្តាប់
ស្តាប់ជាសំឡេង

ស្រ្តេសគឺជាអ្វីដែលអ្នកជួបប្រទះ ពេលមានបញ្ហាច្រើនត្រូវដោះស្រាយ លើសពីសមត្ថភាព។ ពេលអ្នកមានបញ្ហាស្រ្តេស នោះរាងកាយរបស់អ្នកនឹងឆ្លើយតបភ្លាមៗ ដោយសារតែបម្រែបម្រួលអ័រម៉ូន ធ្វើឲ្យចង្វាក់បេះដូងរបស់អ្នកកើនឡើង និងចង្វាក់ដង្ហើមញាប់ជាដើម។ អ្នកប្រហែលជាគិតថា បញ្ហាស្រ្តេស អាចមានរោគសញ្ញាជាក់លាក់ណាមួយ ដូចជាមានអារម្មណ៍ស្មុគស្មាញ និងមានអារម្មណ៍ខ្វល់ខ្វាយច្រើន។ ប៉ុន្តែ បញ្ហាស្រ្តេសមិនមែនមានតែរោគសញ្ញាប៉ុណ្ណឹងនោះទេ ពោលវានៅមានជាច្រើនផ្សេងទៀត ដែលអ្នកអាចនឹងមិនទាន់បានដឹងឬមិនបានចាប់អារម្មណ៍។ 

រោគសញ្ញាទាំងនោះមានដូចជា៖

១ ឆាប់អស់កម្លាំង

សម្ពាធផ្លូវចិត្ត ដែលបណ្តាលមកពីកម្រិតស្រ្តេសខ្ពស់ នឹងអាចគ្រប់គ្រងរាងកាយអ្នកទាំងមូលបាន ជាហេតុធ្វើឲ្យអ្នកចេះតែមានអារម្មណ៍ថា អស់កម្លាំងល្ហិតល្ហៃ ជាពិសេស នៅពេលដែលអ្នកសម្រុកខិតខំធ្វើកិច្ចការ ឬមានកាតព្វកិច្ចត្រូវធ្វើច្រើនពេក។ ហេតុនេះ អ្នកត្រូវចេះលៃលកពេលវេលាកុំឲ្យធ្វើកិច្ចការ និងគិតច្រើនហួសហេតុ រហូតមានបញ្ហាសុខភាពបែបនេះ។

២ មានបញ្ហាដំណេក

សញ្ញាណដែលច្បាស់មួយទៀតនោះគឺ អ្នកអាចពិបាកគេង (គេងមិនលក់) ឬជួនកាលបែរជាពិបាកក្រោកទៅវិញ (ងងុយជាប់)។ នេះជាបញ្ហាស្រ្តេស ដែលបណ្តាលមកពីអ្នក ដែលចេះតែគិតរឿងនេះ គិតរឿងនោះច្រើនពេក។ ជាធម្មតា អ្នកដែលកើតមានជំងឺស្រ្តេសនេះ បែរជាភ្ញាក់ទាំងកណ្តាលយប់ និងមិនអាចគេងលក់វិញទាល់តែសោះ។ ជាពិសេស យល់សប្តិអាក្រក់ដូចជា ត្រូវធ្វើអ្វីមួយ តែមានឧបសគ្គរារាំង ដែលនេះហើយ គឺជាសញ្ញាណរបស់ជំងឺស្រ្តេស។

៣ មានចំណង់អាហារមិនប្រក្រតី

ជួនកាលអ្នកដែលមានជំងឺស្រ្តេស គឺមានអារម្មណ៍មិនឃ្លាន មិនចង់ទទួលទានអ្វីឡើយ។ ប៉ុន្តែនៅពេលខ្លះទៀត បែរជាមានអារម្មណ៍ថាឃ្លាន អាហារផ្អែមៗ និងអាហារខ្លាញ់ ខ្លាំងទៅវិញ រួមមានដូចជា ភីស្សា ឬនំផ្អែមផ្សេងៗ។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលកើតមានជំងឺស្រ្តេស មានចំណង់ទទួលទានអាហារមិនប្រក្រតី ខុសប្លែកពីអ្នកដទៃ ដោយសារតែអារម្មណ៍របស់ពួកគេ។ ឧទាហរណ៍ ដូចជាអ្នកជំនាញសិក្សាឃើញថា ស្រ្តីភាគច្រើន កាន់តែស្ត្រេស គឺកាន់តែចង់ញ៉ាំរបស់ផ្អែមៗ។

៤ ឆាប់ខឹង

អ្នកដែលកើតមានជំងឺស្រ្តេស អាចនឹងមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង មួរម៉ៅ។ នេះក៏ដោយសារតែអ្នកមានអារម្មណ៍ ច្របូកច្របល់ ខ្វល់ខ្វាយ និងព្រួយបារម្ភ រឿងរ៉ាវជាច្រើន ដែលនៅវិលវល់ពេញខួរក្បាលរបស់អ្នក រហូតធ្វើឲ្យអ្នកធុញ ស្មុគ្រស្មាញ និងងាយក្តៅក្រហាយមួយរំពេច ទោះបីជារឿងការងារតូចតាចក៏ដោយ។ ហេតុនេះ ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងមានអារម្មណ៍ឆាប់ខឹងញឹកញាប់បែបនេះ អ្នកប្រហែលជាកើតមានជំងឺស្រ្តេសហើយ។ 

៥ លែងមានការផ្តោតអារម្មណ៍

នេះគឺជាសញ្ញាចម្បងបំផុត របស់អ្នកកើតជំងឺស្ត្រេស។ នៅពេលដែលអ្នកកំពុងតែតានតឹង អ្វីៗគ្រប់យ៉ាង បែរហាក់ដូចជា រញ៉េរញ៉ៃច្របូកច្របល់ ក្នុងពេលជាមួយគ្នាទាំងអស់។ នេះអាចបង្កឲ្យអ្នកមានអារម្មណ៍ស្លន់ស្លោ និងតក់ស្លុត រហូតមិនអាចផ្តោតអារម្មណ៍ បានច្បាស់លាស់ឡើយ។ ជាលទ្ធផល អ្នកកើតជំងឺស្រ្តេស នឹងមិនអាចផ្តោតការយកចិត្តទុកដាក់លើកិច្ចការងារ ណាមួយបានទៀតឡើយ រហូតករណីធ្ងន់ធ្ងរ អាចបង្កឲ្យបាត់បង់អារម្មណ៍ស្តាប់ និងអារម្មណ៍អាន អស់ទាំងស្រុង ដោយសារតែរឿងរ៉ាវនៅវិលវល់ ជាប់ខួរក្បាលជានិច្ច។

៦ មានបញ្ហាជំងឺស្បែក

ប្រសិនបើមានចេញនូវបញ្ហាជំងឺស្បែកដូចជា មុន និងជំងឺស្បែកផ្សេងទៀតនោះ វាមានន័យថាបណ្តាល មកពីភាពតានតឹងរបស់អ្នក។ អ្នកវិទ្យាសាស្ត្រ បានស្រាវជ្រាវលើសិស្សមួយក្រុម ហើយក្នុងចំណោមសិស្សខ្លះ បង្ហាញលទ្ធផលថា បញ្ហាជំងឺស្បែកនេះ វាពិតជាមានទំនាក់ទំនងដោយផ្ទាល់ ជាមួយនឹងភាពតានតឹងផ្នែកផ្លូវចិត្តពិតមែន។ 

៧ ឧស្សាហ៍ឈឺក្បាល 

ជំងឺស្រ្តេស ក៏បណ្តាលឲ្យអ្នកមានបញ្ហាឈឺក្បាល និងឈឺចាប់ខ្លាំង ត្រង់បរិវេណក្បាលបានដែរ។ មានមនុស្សជាច្រើន តែងតែគិតថា អាការៈឈឺក្បាលគ្រាន់តែជា ជំងឺធម្មតាៗ និងមិនសូវចាប់អារម្មណ៍ពីបញ្ហាធ្ងន់ធ្ងររបស់វាប៉ុន្មានទេ។ គ្រូពេទ្យជំនាញបានបញ្ជាក់ថា អាការៈឈឺក្បាលដែលមានសភាពរ៉ាំរ៉ៃ ដូចជា “ឈឺក្បាលប្រកាំង” “ឈឺទ្រាំមិនចង់បាន” ឬ “ឈឺខ្លាំងបន្ទាប់ពីងើបពីគេង មិនចង់រួច” គឺសុទ្ធតែជាសញ្ញា ដែលបញ្ជាក់ពី បញ្ហាសុខភាពគ្រោះថ្នាក់ និងទាមទារការពិគ្រោះជាមួយគ្រូពេទ្យជាប្រញាប់។

៨ រោយ ក និងរោយចង្កេះ

អ្នកដែលឧស្សាហ៍មានបញ្ហា រោយស្មា រោយក ឬរោយចង្កេះ អាចមិនមែនបណ្តាលមកពីអ្នកអង្គុយធ្វើការយូរនោះទេ ផ្ទុយទៅវិញ វាអាចបណ្តាលមកពីភាពស្មុគ្រស្មាញនៃការងារ ឬបញ្ហាផ្ទាល់ខ្លួន របស់អ្នកទៅវិញទេ។ គ្រូពេទ្យជំនាញបានលើកឡើងថា នេះដោយសារតែសម្ពាធ និងកម្រិតស្រ្តេសដែលច្រើនលើសលុប រហូតបង្កជាបញ្ហា ឈឺចាប់ ដោយការរឹតបន្តឹងសាច់ដុំរបស់អ្នក។ 

ដូច្នេះហើយ អ្នកគួរតែឧស្សាហ៍សមាធិ ហាត់ប្រាណ ម៉ាស្សា និងហាត់យូហ្គា ដើម្បីជួយកាត់បន្ថយស្រ្តេស និងបន្ធូរបន្ថយភាពតានតឹង។ ដូចច្នេះ ដើម្បីជៀសឆ្ងាយពីបញ្ហាស្រ្តេស អ្នកគួររៀនសម្គាល់មើលអាការៈដំបូងនៃភាពស្រ្តេស សិក្សាពីវិធីរំដោះខ្លួន ពីរឿងជាច្រើនដែលអ្នកមិនអាចគ្រប់គ្រងបាន។ ចូរផ្លាស់ប្តូរទស្សនៈខាងក្រៅរបស់អ្នក បើសិនជាមានជម្លោះឬបញ្ហាអ្វីមួយ ចូរព្យាយាមដោះស្រាយ ចូរស្វែងរកមិត្ត ដែលអ្នកស្រឡាញ់ ឬប្រភពទុកចិត្ត ផ្សេងៗទៀត ដើម្បីនិយាយគ្នានៅពេលអ្នកមានអារម្មណ៍ស្រ្តេស និងធ្វើសកម្មភាពណាមួយ ដែលអាចជួយអ្នកមានអារម្មណ៍ធូរស្រាលឡើងវិញ ដូចជាការលេងកីឡាជាដើម៕

ប្រភព៖ Khmerload

 ពាក្យគន្លឹះ  សុខភាពជំងឺស្រ្តេស

ព័ត៌មានផ្សេងទៀត