អាមេរិកបានចាប់ផ្តើមដកកងទ័ព ចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងដំណាក់កាលដំបូងនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។ កិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខារវាងអាមេរិកនិងក្រុមតាលីបង់ កាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០ មានចែងលក្ខខណ្ឌមួយចំនួន។ នៅក្នុងនោះ អាមេរិកយល់ព្រមបន្ថយទ័ពដែលបច្ចុប្បន្នមានចំនួនប្រហែល១២,០០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយរក្សាទុកតែ៨,៦០០នាក់ប៉ុណ្ណោះ ហើយការដកទ័ពត្រូវធ្វើឡើងជាដំណាក់កាល ក្នុងរយៈពេល១៣៥ថ្ងៃ រាប់ចាប់តាំងពីថ្ងៃចុះហត្ថលេខា។ ចំណែកក្រុមតាលីបង់វិញ បានយល់ព្រមបញ្ឈប់ការវាយប្រហារ និងបញ្ឈប់ការអនុញ្ញាតឲ្យក្រុមសកម្មប្រយុទ្ធអាល់កៃដា និងក្រុមសកម្មប្រយុទ្ធដទៃទៀត ធ្វើប្រតិបត្តិការនៅតំបន់ដែលពួកគេកាន់កាប់។
បន្ទាប់ពីអាមេរិកនិងក្រុមតាលីបង់ រកបានកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់ជម្លោះ១៨ឆ្នាំ ក្នុងប្រទេសអាហ្វហ្គានីស្ថានបានហើយ គឺដល់វេនដែលតំណាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់ ត្រូវចរចាដាច់ដោយឡែកជាមួយគ្នាម្តង។ តាមគម្រោងភាគីទាំងពីរ ចាប់ផ្តើមពិភាក្សានៅថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែត្រូវពន្យាពេលដោយសារតែការខ្វែងគំនិតគ្នា លើលក្ខខណ្ឌនៃការចរចា។ ខ្វែងគំនិតគ្នាត្រង់ថា ក្រុមតាលីបង់ចង់ឲ្យអាហ្វហ្គានីស្ថានដោះលែងអ្នកទោសដែលជាគ្នីគ្នាពួកគេមុនចរចា តែអាហ្វហ្គានីស្ថានបដិសេធ។
យ៉ាងណាក៏ដោយ បន្តិចក្រោយមក ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយយល់ព្រមដោះលែងអ្នកទោសតាលីបង់ចំនួន១,៥០០នាក់ ក្នុងរយៈពេល១៥ថ្ងៃ ហើយក្នុងមួយថ្ងៃៗដោះលែង១០០នាក់។ រីឯក្រុមតាលីបង់ ព្រមព្រៀមដោះលែងកងទ័ពអាហ្វហ្គានីស្ថាន ចំនួន១០០០នាក់វិញផងដែរ។ ការដោះដូរអ្នកទោសទៅវិញទៅមក ត្រូវធ្វើឡើងនៅពេលការចរចាចាប់ផ្តើម ពោល ចរចាបណ្តើរដោះលែងអ្នកទោសបណ្តើរ។ លោក Ashraf Ghani បញ្ជាក់ថា ប្រសិនបើកិច្ចពិភាក្សារីកចម្រើន រដ្ឋាភិបាលសន្យាដោះលែងអ្នកទោសតាលីបង់បន្ថែមចំនួន ៥០០ នាក់ទៀតរៀងរាល់ ២ សប្តាហ៍ម្តង រហូតដល់គ្រប់ចំនួន ៥,០០០ នាក់។ នៅក្នុងក្រឹត្យដដែលប្រធានាធិបតីតម្រូវឲ្យអ្នកទោសទាំងអស់ ផ្តល់ការធានាជាលាយលក្ខណ៍អក្សរ ដើម្បីកុំវិលត្រឡប់ទៅសមរភូមិវិញ។ ការដោះលែងអ្នកទោសនេះ មានគោលបំណង បង្កើតការជឿទុកចិត្តគ្នា រវាងភាគីទាំងពីរ ក្នុងន័យគាំទ្រការពិភាក្សា ដើម្បីបញ្ចប់សង្គ្រាម។
សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានអូសបន្លាយអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ នៅពេលអាមេរិកបញ្ជូនទ័ពទៅទីនោះ ដើម្បីតាមផ្តាច់ឫសគល់ក្រុមភេរវករ ក្រោយមានហេតុការណ៍វាយប្រហារភេរវកម្ម លើអគារពាណិជ្ជកម្មក្នុងក្រុងញូវយ៉កសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ អាមេរិកបានបញ្ជូនទ័ពទៅដាក់ពង្រាយនៅប្រទេសអាហ្វហ្គានីស្ថានជាង១០ម៉ឺននាក់ តែក្រោយមក កងទ័ពភាគច្រើនបានដកចេញមកវិញ និងខ្លះបានធ្លាក់ខ្លួនស្លាប់៕