លោកចូ​បៃ​ដិន​មាន​ភាគរយ​ខ្ពស់​ក្នុងការ​ឈ្នះ​ជា​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​

11-03-2020 10:15 am 460

លោកចូ បៃ​ដិន អតីត​អនុ​ប្រធានាធិបតី​របស់​លោក​បា​រ៉ាក់​អូបា​ម៉ា ត្រូវបាន​គេ​ប៉ាន់ស្មាន​ថា​លោក​នឹង​ផ្ដួល​លោក​បឺនី សាន់​ដឺ​ស៍ ដែលជា​អ្នក​សង្គមនិយម​ប្រជាធិបតេយ្យ និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាង​គណបក្ស​ប្រជាធិបត្យេអា​មេរិក​។ ការប៉ានស្មាន​នេះ បន្ទាប់ពី​លោកបៃ​ដិន បាន​បន្ត​យក​ឈ្នះ​លើ​លោក​សាន់​ដឺ ក្នុង​រដ្ឋ​មី​ឆី​ហ្គេន​(Michigan) និង​រដ្ឋ​ដទៃ​មួយចំនួនទៀត កាលពី​ថ្ងៃ​អង្គារ៍​ទី​១០ ខែ​មីនា ឆ្នាំ​២០២០​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២០​។​

​យោង​តាម​ការប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​Edison និង​បណ្ដាញ​ទូរទស្សន៍​ណេត​វើគ​ធំៗ​មួយចំនួន បាន​អះអាង​ថា លោកបៃ​ដិ​ននឹង​យក​ឈ្នះ​សម្រាប់កា​រ​បោះឆ្នោត​បន្តទៀត​ក្នុង​រដ្ឋ​Missouri និង​Mississippi​។ ដោយឡែក​សម្រាប់ លោក​សាន់​ដឺ​ស៍ វិញ​ហាក់​មាន​ការគាំទ្រ​ធ្លាក់ចុះ ចាប់តាំងពី​ការ​ការបោះឆ្នោត​Super Tuesday តាំង​ពី​សប្ដាហ៍​មុន​មក​។ ការធ្លាក់​ចុះ​សម្លេងគាំទ្រ​សម្រាប់​សមាជិក​ព្រឹទ្ធសភា​វ័យ ៧៨​ឆ្នាំ​រូប​នេះ​ហើយ​ដែលជា​មូលហេតុ​ដែល​គេ​ប៉ាន់ស្មាន​ថា​មានតែ​លោកបៃ​ដិន​ម្នាក់​គត់ ដែល​នឹង​ត្រូវ​ក្លាយ​ជា​បេក្ខភាព​ប្រធានាធិបតី ដើម្បី​ប្រកួតប្រជែង​ជាមួយ​លោក​ដូណាល់ ត្រាំ នា​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​ខាង​មុខ​។​

​ការបោះ​ឆ្នោត​ដ៏​សំខាន់​សម្រាប់​សហរដ្ឋអាមេរិក​នេះដែរ កំពុង​ត្រូវ​គំរាមកំហែង​ពី​សំណាក់​វីរុស​COVID-19​ថ្មី ដែល​អាច​បង្ក​ជា​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​សម្លេងឆ្នោត​។ មិន​តែ​ប៉ុណ្ណោះ​ទេ​វីរុស​ផ្លូវដង្ហើម​ថ្មី​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន ២៩​នាក់​ហើយ និង​ឆ្លង​រាលដាល​ទៅ​មនុស្ស​ប្រមាណ​ជាង ៩០០​នាក់​ថែមទៀត​។​

​គួរ​បញ្ជាក់ដែរថា ស្របពេល​ដែល​អាមេរិក​កំពុង​ប្រឈម​នឹង​ការ​រាលដាល​ពី​សំណាក់​វីរុស​ថ្មី​មាន​ប្រភព​ពី​ប្រទេស​ចិន​នេះ លោកចូ បៃ​ដិន រួមទាំង​លោក​បឺនី សាន់​ដឺ​ស៍ បាន​ស្នើ​ដល់​ក្រសួង​សុខាភិបាល​អាមេរិក​គួរ​ចេញ​វិធានការណ៍​ឲ្យ​ច្បាស់លាស់ ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​វីរុស​ថ្មី​មួយ​នេះ​។ តែ​ផ្ទុយទៅវិញ​លោក​ដូណាល់ ត្រាំ ហាក់​ពុំ​យកចិត្តទុកដាក់ និង​មាន​ការព្រួយបារម្ភ​ទៅ​នឹង​វីរុស​COVID-19​ឡើយ ដោយ​លោក​បាន​រក្សា​ជំហ​រថា លោក​នឹង​បន្ត​យុទ្ធនាការ​ឃោសនា​របស់​លោក​បន្ត​ទៀត​៕

ព័ត៌មានផ្សេងទៀត