ថៃ​តម្រូវ​ឲ្យ​​អ្នកដំណើរ​​មកពី​៤​ប្រទេស​​​បង្ហាញ​​លិខិត​​បញ្ជាក់ថា​​គ្មាន​វីរុស​កូរ៉ូណា​

11-03-2020 8:58 am 413

​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ថៃ​ថ្មីៗ​នេះ​បានចេញ​សេចក្ដីជូនដំណឹង​មួយ​ថា អ្នកដំណើរ​មកពី​បួន​ប្រទេស​មុននឹង​អនុញ្ញាតឲ្យ​ជិះយន្ដហោះ​ចូល​ប្រទេស​ថៃ ពួកគេ​ត្រូវតែ​បង្ហាញ​លិខិត​បញ្ជាក់ថា​ខ្លួន​គ្មាន​ផ្ទុក​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ជាមុនសិន​។ ផ្ទុយទៅវិញ​ប្រសិនបើ​ពួកគេ​គ្មាន​លិខិតបញ្ជាក់​តាម​ការទាមទា​រ​ទេ ពួកគេ​នឹងមិន​បានទទួល​បណ្ណ​អនុញ្ញាតឲ្យ​ឡើង​ជិះយន្ដហោះ​ឡើយ​។ ប្រទេស​ទាំង​បួន​នោះ​មាន​ចិន ដែល​រួមបញ្ចូល​ក្រុង​ម៉ា​កាវ​និង​ហុងកុង ប្រទេស​អ៊ីរ៉ង់ អ៊ីតាលី និង​កូរ៉េខាងត្បូង​។ 

​ចំពោះ​លិខិតបញ្ជាក់​សុខភាព​មាន​នៅលើ​គេហទំព័រ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ ដោយ​នៅក្នុង​លិខិត​ទាមទារ​ឲ្យមាន​ការ​បញ្ជាក់ពី​វេជ្ជបណ្ឌិត​ថា អ្នកដំណើរ​ពិតជា​គ្មាន​ផ្ទុក​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ឡើយ ក្នុង​រយៈពេល​១៤​ថ្ងៃ​មុនពេល​ថ្ងៃ​ចេញដំណើរ​។ មិន​ដូច្នេះ​ទេ​ត្រូវ​បង្ហាញ​ភស្ដុតាង​ពាក់ព័ន្ធ​ថា អ្នកដំណើរ​ពិតជា​ធ្វើតេស្ដ​អវិជ្ជមាន​វីរុស​កូរ៉ូ​ណាក្នុង​រយៈ​៤៨​ម៉ោង​មុនពេល​ហោះហើរ​។ 

​វិធានការ​នេះ​ត្រូវបាន​ប្រកាស​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា ខណៈ​បច្ចុប្បន្ន​ថៃ​មាន​មនុស្ស​ឆ្លង​ចំនួន​ជាង​៥០​នាក់ ក្នុងនោះ​ប្រមាណ​២០​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ជាង​៣០​នាក់​ផ្សេងទៀត​បាន​ចេញពី​មន្ទីរពេទ្យ ខណៈ​អ្នកជំងឺ​ម្នាក់​ស្លាប់​៕

ព័ត៌មានផ្សេងទៀត