សិស្ស​ថ្នាក់​ទី​១១ សាលា​E2stem បង្កើត​Robot​ប្រមូល​សំរាម​នៅ​បាតសមុទ្រ​

10-03-2020 6:52 pm 480

​សិស្ស​ថ្នាក់​ទី​១១ មួយក្រុម នៃ​សាលា​អ៊ីធូ​ស្ទេម (E2stem) ព្រះ​យុគន្ធរ បាន​បង្កើត​រ៉ូបូ​តមួយ ជា​រ៉ូបូត​គំរូ សម្រាប់​ប្រមូល​សំរាម​នៅ​បាតសមុទ្រ នៅ​ថ្ងៃ​អនាគត​។ បើទោះបី បច្ចុប្បន្ន រ៉ូបូត ខេមរា មិនទាន់​មាន​សារប្រយោជន៍ ក្នុង​ការប្រមូល​សំរាម​នៅ​បាតសមុទ្រ​ក៏ពិតមែន តែ​វា​ធ្លាប់បាន​ចូលរួម​ប្រកួត​លក្ខណៈ​ពិភពលោក នៅ​ប្រទេស​អារ៉ាប់ ដោយ​បាន​ដណ្តើម​មេដាយ​ចំនួន​៥​គ្រឿង ជូន​ជាតិ​កម្ពុជា​ផងដែរ​។ សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​បច្ចេកវិទ្យា​៖

​នេះ​ជា​Robot​ឈ្មោះថា “​ខេមរា​” ជា​Robot​គំរូ ប្រើ​សម្រាប់​ប្រមូល​សំរាម​នៅ​បាតសមុទ្រ នៅ​ថ្ងៃ​អនាគត​។  យុវតី ពុ​ន សូលី​តា អ្នកសរសេ​រកូដ និង​ជា​អ្នក​និយាយ​ឲ្យ​ក្រុម បានឲ្យដឹងថា “​ខេមរា​” ត្រូវបាន​បង្កើតឡើង​សិស្ស​ថ្នាក់​ទី​១១ មួយក្រុម មាន​សមាជិក​៥​នាក់ នៃ​សាលា​E2stem Education ព្រះ​យុគន្ធរ​។ សម្រាប់​ដំណើរការ​បង្កើត រូ​បូត ខេមរា នេះ ត្រូវបាន​យុវតី ពុង សូលី​តា រៀបរាប់​បញ្ជាក់​ថា​..៖

​បើទោះបីជា Robot ខេមរា មិនទាន់​មាន​សមត្ថភាព អាច​ចុះ​ទឹកសមុទ្រ​បាន​ក៏ពិតមែន ប៉ុន្តែ​វា​ត្រូវបាន បង្កើតឡើង ក្នុង​គោលបំណង ដើម្បី​ទៅ​ចូលរួម​ប្រកួត ក្នុង​កម្មវិធី First Global Challenge ឆ្នាំ​២០១៩ នៅ​ប្រទេស​អារ៉ាប់​។​
​ក្នុង​ការប្រកួត​នេះ យុវជន និង​យុវតី​ខ្មែរ​ទាំង​៥​រូប ដណ្តើម​បាន​មេដាយប្រាក់​ចំនួន​៥ ពី​ការប្រកួត ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​៣៧ ក្នុងចំណោម​១៩១​ប្រទេស និង​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង​១០​។​

​យុវតី ពុ​ន សូលី​តា បាន​បញ្ជាក់ទៀតថា ក្រៅតែពី​ការប្រកួត​ដណ្តើម​ជ័យលាភី វា​ក៏​ជា​ការចូលរួម​សហការ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា ដែល​ពិភពលោក​កំពុង​ប្រឈម ដូចជា​បញ្ហា​កាកសំណល់​សំរាម​ប្លា​ស្ទិក នៅ​បាតសមុទ្រ​ផងដែរ​។​ ​សម្រាប់​ទៅ​ថ្ងៃ​អនាគត ក្រុម​របស់​ខ្លួន នឹង​បង្កើត​រ៉ូបូត​ថ្មី​មួយ ដែល​មាន​សមត្ថភាព​អាច​ចុះ​ទឹក និង​បញ្ជា​ឲ្យ​ប្រមូល​សំរាម នៅ​បាតសមុទ្រ​បាន​។​

​គួរបញ្ជាក់​ថា នេះ​ជា​មោទនភាព​មួយ សម្រាប់​កម្ពុជា ដែល​មាន​យុវជន ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ដែល​បាន​នាំ​យក​ឧបករណ៍​បច្ចេកវិទ្យា ទៅ​ចូលរួម​ប្រកួតប្រជែង​លក្ខណៈ​ពិភពលោក​។ សង្ឃឹមថា កម្ពុជា​នឹង​កាន់តែ​រីកចម្រើន និង​កាន់តែ​អភិវឌ្ឍន៍ លើ​វិស័យ​បច្ចេកវិទ្យា​នេះ នៅ​ថ្ងៃ​អនាគត​៕

ព័ត៌មានផ្សេងទៀត