លោក​ហ៊ុន សែន​​អនុញ្ញាតឲ្យ​ប្រើ​ឡាន​សារ៉ែន​​ដឹក​វត្ថុធាតុដើម​ចូលរោ​ង​ចក្រ​ដើម្បី​ពន្លឿន​ការផលិត​​

10-03-2020 4:49 pm 147

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន បាន​ថ្លែងថា លោក​អនុញ្ញាតឲ្យ​ប្រើប្រាស់​ឡាន​សារ៉ែន ដើម្បី​ដឹក​វត្ថុធាតុដើម ដែល​នាវា​ចិន​ដឹក​មកឲ្យ​កម្ពុជា​នោះ ចូល​ទៅកាន់​រោងចក្រ​ផ្ទាល់​តែម្ដង ដើម្បី​ជួយ​ព ន្លឿ​ន​ដល់​ការផលិត និង​ទប់ស្កាត់​ការបិទ​រោងចក្រ​។ ការ​ថ្លែង​បែបនេះ របស់​ប្រមុខ​រដ្ឋាភិបាល ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន វ៉ាន់ដា ជាង ៣​ពាន់​នាក់ នៅ​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០ ២០​នេះ​។​

​លោកនាយក​រដ្ឋ​រដ្ឋមន្ត្រី បានឲ្យដឹងថា កាលពី​យប់​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០២០​នាវា​បាន​ដឹក​វត្ថុធាតុដើម​ប្រមាណ ១៩១​ទូ ចូល​មកដល់​ប្រទេស​កម្ពុជា ហើយ​បន្ទាប់ពី​មាន​ការស្នើសុំ​ពី​ភាគី​កម្ពុជា ដែល​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ភាគី​ចិន​ដើម្បី​មក​ផ្គត់ផ្គង់​នៅតាម​រោងចក្រ​នានា​។​លោក​បន្តថា វត្ថុធាតុដើម​ទាំងនេះ បានធ្វើឱ្យ​រោងចក្រ​ដែល​ព្យួរការងារ​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​បណ្តើរៗ​ហើយ​។​ជាងនេះទៀត លោក​នាយករដ្ឋមន្ត្រី បានចាត់ទុក​ការ​រួត​រះ​ដឹក​វត្ថុធាតុដើម​ពី​ចិន​ចូលមក​កម្ពុជា កើតចេញពី​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន​។​

​សូមបញ្ជាក់ថា ដោយសារតែ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បាននិងកំពុង​វាយលុក​នៅ​ក្នុងប្រទេស​ចិន ជាហេតុ​ធ្វើឱ្យមាន​ការរអាក់រអួល​ដល់​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន និង​នាំឱ្យ​អាក់ខាន​ដល់​ដំណើរការ​រោងចក្រ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ ការ​កង្វះ​វត្ថុធាតុដើម​នេះ បានធ្វើឱ្យ​រោងចក្រ​ចំនួន​៥០​ព្យួរ​ការងារ នាំឱ្យ​ប៉ះពាល់​កម្មករ និយោជិត ២០,៩៤០​នាក់ ៕

ព័ត៌មានផ្សេងទៀត